រាជធានីភ្នំពេញ ៖ គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅទូទាំងប្រទេស បានអបអរសាទរការចុះ «បូជនីយដ្មានចងចាំនៃកម្ពុជា ៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ ទុកជាមរតកប្រវត្តិសាស្ត្រ នៃការចងចាំសម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខទៀត ។
ឯកឧត្តមបណ្ឌិត យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ថ្លែងថា បូជនីយដ្ឋានចងចាំនៃកម្ពុជា គឺជាទីតាំងប្រវត្តិសាស្ត្រមួយសម្រាប់ការយល់ដឹង អំពីអតីតភាពដ៏ឈឺចាប់របស់កម្ពុជា ហើយទីតាំងនេះ មានតួនាទីជាសក្សីរស់នៃអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលបានកើតឡើងក្រោមរបបខ្មែរក្រហម ។ ទីតាំងទាំងនេះ មិនត្រឹមតែជាកន្លែងដែលគេនឹកឃើញពីអតីតកាលទេ ប៉ុន្តែពេលនេះទីតាំងនេះបានក្លាយជាទីកន្លែងបង្ហាញនូវការផ្លាស់ប្តូរ និងការចងចាំដោយមានអត្ថន័យសង្គម យុត្តិធម៌ និងសន្តិភាព ។ ឯកឧត្តមថ្លែងថា ៖ «ខ្ញុំគិតថា ការចុះបញ្ជីបូជនីយដ្ឋានចងចាំកម្ពុជា នៅក្នុងបេតិកភណ្ឌពិភពលោកមិនត្រឹមតែជាសញ្ញាណនៃអតីតកាលឈឺចាប់ទេ ប៉ុន្តែវាជាការរីកចម្រើននៃយុត្តិធម៌ នៃការចងចាំ នៃការរួបរួមជាតិនិងសន្តិភាព វាជាបេតិកភណ្ឌរួមសម្រាប់មនុស្សជាតិទាំងមូលដែលមានតម្លៃសំខាន់មិនអាចកាត់ថ្លៃបានសម្រាប់មនុស្សជំនាន់ក្រោយៗ ក៏ជាប្រវត្តិសាស្ត្រផងដែរ ហើយការទទួលស្គាល់របស់អន្តរជាតិក៏មានអត្ថប្រយោជន៍យ៉ាងជ្រាលជ្រៅបំផុត» ។
ឯកឧត្តម តាន់ កុសល នាយកវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ថ្លែងថា នេះគឺជាជោគជ័យថ្មីមួយទៀតរបស់កម្ពុជា ដែលប្រជាជនកម្ពុជាទាំងអស់គ្រប់ទិសទីត្រូវតែអបអរសាទរ និងបង្ហាញនូវសាមគ្គីភាព និងភាតរភាពឱ្យពិភពលោកឃើញថា កម្ពុជាពិតជាមានសមត្ថភាព មានធនធានមនុស្សគ្រប់គ្រាន់ ប្រជាជនមានការរួបរួម និងឯកភាពជាតិ ដែលនាំឱ្យកម្ពុជាអាចសម្រេចបានជោគជ័យនៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានការណ៍ ។ ឯកឧត្តមថ្លែងថា ៖ «ក្នុងនាមវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ក៏ដូចជាក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំពិតជាមានសេចក្តីសោមន្សរីករាយ និងមានមោទនភាពយ៉ាងក្រៃលែងចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំប្រឹងប្រែងទាំងកម្លាំងកាយចិត្ត ប្រាជ្ញា និងស្មារតី រហូតកម្ពុជាអាចទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់នៅពេលនេះ» ។
គួរបញ្ជាក់ថា ការចុះបូជនីយដ្មានចងចាំនៃកម្ពុជា ៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាពនេះជាបេតិកភណ្ឌវប្បធម៌ទី ៥ របស់កម្ពុជា ដែលត្រូវបានបញ្ចូលក្នុងបញ្ជីយូណេស្កូបន្ទាប់ពីតំបន់ រមណីយដ្ឋានអង្គរ (១៩៩២) តំបន់ប្រាសាទព្រះវិហារ (២០០៨) តំបន់ប្រាសាទសំបូរព្រៃគុក(២០១៧) និងតំបន់ប្រាសាទកោះកេរ (២០២៣) ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ