ខេត្តតាកែវ ៖ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ (RPITST) បានត្រៀមដាក់តាំងបង្ហាញស្នាដៃសិស្ស យ៉ាងហោចណាស់ចំនួន ៧មុខជំនាញក្នុងឱកាសអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET Day) លើកទី៨ ឆ្នាំ ២០២៥ ក្រោមប្រធានបទ «ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» នៅទីតាំងវិទ្យាស្ថានផ្ទាល់នាថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៥ ស្របតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល ។
ស្នាដៃទាំង ៧នោះរូមមាន៖ ១.ការថែទាំ និងជួសជុលបរិក្ខារអេឡិចត្រូនិក ២.ជំនាញសំណង់ ៣. ជំនាញអេឡិចត្រូនិក ៤. ជំនាញបសុសត្វ ៥. ជំនាញព័ត៌មានវិទ្យា ៦. ជំនាញការថែទាំ និងជួសជុលអគ្គិសនីរថយន្ត និង៧. សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន។ ជាមួយគ្នានេះក៏មានការដាក់តាំងបង្ហាញគម្រោងរបស់សិស្ស-និស្សិតដែលគាត់បានរៀបចំដំឡើងមានដូចជា គ្រឿងបង្គុំអគ្គិសនី វារីអគ្គិសនី និងប្រព័ន្ធស្រោចស្រពដំណាំជាដើម ។
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន បានអំពាវនាវដល់សិស្សានុសិស្ស ប្រជាពលរដ្ឋទូទៅជាពិសេសគ្រួសារជនងាយរងគ្រោះហានិភ័យទាំងអស់មកចូលរួមទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ឱ្យបានច្រើនកុះករនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ស្ថិតនៅភូមិ៣ សង្កាត់រកា ក្រុងដូនកែវ ខេត្តតាកែវ នាថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៥ នេះ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ