រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៥ ប៊ែលធី គ្រុប បានប្រារព្ធពិធីអបអរសារទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ និងពិសាអាហារសាមគ្គីគ្រួសារប៊ែលធី គ្រុប ជូនគណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងលោកគ្រូ-អ្នកគ្រូ ចូលរួម ៣,០២៧នាក់ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលភ្នំពេញ ស្ថាបនិកនិងជាអគ្គនាយក ប៊ែលធី គ្រុប និង លោកជំទាវ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទី ២-ស្ពានអាកាសចោមចៅ ។
ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណនិងកោតសរសើរ គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងលោកគ្រូ-អ្នកគ្រូគ្រប់ផ្នែកទាំងអស់នៃប៊ែលធី គ្រុប ដែលបានខិតខំប្រឹងប្រែងយកអស់ កម្លាំងកាយ កម្លាំងចិត្ត ក្នុងការបំពេញតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនរយៈពេលពេញ ១ឆ្នាំ ទាំងផ្នែកប៊ែលធីសំណង់ ប៊ែលធីទេសចរណ៍ និងប៊ែលធីអប់រំ ដែលធ្វើឱ្យ ប៊ែលធី គ្រុប មានការរីកចម្រើនជាបន្តបន្ទាប់ ចាប់តាំងពីប៊ែលធីមានតែ ១ ទីតាំង រហូតដល់បច្ចុប្បន្នមាន ៣៦ ទីតាំង ក្នុងនោះ ៖
១-ស្នាក់ការកណ្តាលប៊ែលធី គ្រុប (BELTEI Group Headquarters) មានកម្ពស់ ៣២ជាន់ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនេរុហ៍ (ផ្លូវ ២១៥) ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
២-សាលា ប៊ែលធី អន្តរជាតិ ៖ មាន ៣២ ទីតាំង (៣០ សាខាកំពុងដំណើរការ និង ២ សាខាកំពុងសាងសង់គឺ ប៊ែលធី ទី ៣១-វត្តទួល និងប៊ែលធី ទី៣២-ក្រាំងធ្នង់) មានសិស្សកំពុងសិក្សា ៥៤,១២៤នាក់ មានកម្មវិធីសិក្សា ៥ធំៗគឺ ៖ ១- ចំណេះទូទៅ (ថ្នាក់ទី ១-១២), ២- ភាសាអង់គ្លេសទូទៅ – ESL Program (កម្រិត Starter, Preschool, Level 1-12), ៣- កម្មវិធី ភាសាចិនទូទៅ – CSL Program (កម្រិត Starter, Preschool, Level 1-12), ៤- កម្មវិធីអភិវឌ្ឍបញ្ញា IMA (កម្រិតទី ១-១២ ) និង ៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ ។
៣-សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ៖ មាន ៣ ទីតាំង (២ ទីតាំងកំពុងដំណើរការគឺ ទី ១- ទួលស្លែង, ទី ២- ស្ពានអាកាសចោមចៅ និង ១ ទីតាំងកំពុងសាងសង់គឺ ទីតាំងទី ៣- ទួលពង្រ) មាននិស្សិតកំពុងសិក្សា ៨,១០៧នាក់ មានកម្មវិធីសិក្សាជាភាសាជាតិ និងអន្តរជាតិ និងមានកម្រិតសិក្សា ៥ ធំៗ ៖ ១- ថ្នាក់បំប៉នភាសាអង់គ្លេស-ចិន-កុំព្យូទ័រ, ២- បរិញ្ញាបត្ររង, ៣- បរិញ្ញាបត្រ, ៤- បរិញ្ញាបត្រជាន់ខ្ពស់ និង ៥- ថ្នាក់បណ្ឌិត ។ សាកលវិទ្យាល័យ មាន ១៣ មហាវិទ្យាល័យ ៤៥ជំនាញ ក្នុងនោះ ៖ ១- គ្រប់គ្រងពាណិជ្ជកម្ម, ២- ហិរញ្ញវត្ថុនិងធនាគារ, ៣- សេដ្ឋកិច្ច, ៤- ច្បាប់, ៥- អប់រំ សិល្បៈ និងមនុស្សសាស្ត្រ, ៦- ទេសចរណ៍និងបដិសណ្ឋារកិច្ច, ៧- ព័ត៌មានវិទ្យានិងវិទ្យាសាស្ត្រ, ៨- បច្ចេកវិទ្យាឌីជីថល និងទូរគមនាគមន៍, ៩- វិស្វកម្ម, ១០- ស្ថាបត្យកម្ម, ១១- ទំនាក់ទំនងអន្តរជាតិ, ១២- អាកាសចរស៊ីវិល និង ១៣- ភាសាចិន ។
ហើយថ្មីៗនេះ ប៊ែលធី គ្រុប ក៏បានបង្កើត ប៊ែលធី ស្រាវជ្រាវ និងបោះពុម្ព (BELTEI University Press) ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងការរីកចម្រើនរបស់ប៊ែលធី ក៏ដូចជាសង្គមជាតិ និងពិភពលោក ជាពិសេសលើកកម្ពស់ការសិក្សាស្រាវជ្រាវ និងនិពន្ធផងដែរ ។
ក្នុងឱកាសនោះដែរ ក្នុងនាមថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងសិស្ស-និស្សិត នៃប៊ែលធី គ្រុបទាំងអស់ ឯកឧត្តមបណ្ឌិត បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី ដែលតែងតែគាំទ្រនិងផ្តល់ឱកាសយ៉ាងពេញលេញដល់វិស័យអប់រំផ្នែកឯកជន បានចូលរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សជាមួយរាជរដ្ឋាភិបាល ។ ជាពិសេស នៅក្នុងនីតិកាលទី ៧ នេះ រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដោយកំណត់យក “មនុស្ស” ជាអាទិភាពទី១ ក្នុងចំណោម អាទិភាពគន្ធឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ។
ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត និង លោកជំទាវ បានជូនពរដល់បុគ្គលិកទាំងអស់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់ខាងមុននេះ ព្រមទាំងបានអញ្ជើញចូលរួមរាំលេងកម្សាន្ត និងចាប់ឆ្នោតផ្សងសំណាង ជូនបុគ្គលិកទាំងអស់ផងដែរ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ