ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ហេង សួរ អំពាវនាវ​ឱ្យ​ជ័យ​លា​ភី​ នៃសាលា​បច្ចេកទេស​ដុន​បូ​ស្កូ ធ្វើ​ជា​អ្នក​នាំសារផ្សព្វផ្សាយ ​ពី​ជំនាញ​បច្ចេកទេស​ដល់​យុវជន​មក​ពីគ្រួសារ​ក្រីក្រ

4 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ​២៨…

រាជធានីភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ​២៨ ខែមីនា ឆ្នាំ​ ២០២៤​ នេះ បាន​អំពាវនាវ​ឱ្យ​ដល់​ជ័យ​លា​ភី​នៃ​សាលា​បច្ចេកទេស​ដុន​បូ​ស្កូ ឱ្យធ្វើ​ជា​អ្នក​នាំសារ​ផ្សព្វផ្សាយ​ពី​វគ្គ​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​ទៅ​ដល់​យុវជន​កម្ពុជា​ដែល​មក​ពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ​នៅ​តាម​ភូមិ​ស្រុក ឱ្យ​ចូល​សិក្សា​ជំនាញ​ទាំងនេះ ដើម្បី​ឆាប់​ទទួល​បានការ​ងារ​ធ្វើ និង​ទទួល​បាន​ការងារ​សមរម្យ​សម្រាប់​ជួយ​ជ្រោមជ្រែង​គ្រួសារ ។

ការ​អំពាវនាវ​បែប​នេះ គឺ​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​ឯកឧត្តម​រដ្ឋមន្ត្រី អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​សិស្ស​និស្សិត សាលា​បច្ចេកទេស ដុន​បូ​ស្កូ ភ្នំពេញ និង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដុន​បូ​ស្កូ ទួល​គោក នៃ​អង្គការ​មូលនិធិ​ដុន​បូ​ស្កូ​កម្ពុជា​អន្តរជាតិ ចំនួន​១១២៨​នាក់​ដែល​បាន​សិក្សា​ពី​ឆ្នាំ​ ២០១៣​ ដល់​ឆ្នាំ​ ២០២០ ​។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា អតីត​សិស្ស និស្សិត ឬ​សិក្ខាកាម​ដែល​ជា​អ្នក​បញ្ចប់​ការ​សិក្សា និង​កំពុង​បម្រើ​ការងារ​ឬ​ប្រកប​មុខរបរ​ផ្សេង​ៗ ដោយសារ​តែ​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​ទាំង​ជាង​១១០០ ​នាក់​នេះ នឹង​អាច​ក្លាយជា​អ្នក​នាំសារ​និង​ជា​អ្នក​ផ្សព្វផ្សាយ​យ៉ាង​មាន​ប្រសិទ្ធិ​ភាព​បំផុត​ដើម្បី​បំផុស​ឱ្យ​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ ឬ​ងាយ​រង​គ្រោះ ចាប់អារម្មណ៍​សិក្សា​ជំនាញ​បច្ចេកទេស​។ ជំនាញ​បច្ចេកទេស​ដែល​ជា​យន្តការ​ផ្លូវកា​រត់​ឱ្យ​មាន​ជំនាញ​ជាក់លាក់​រយៈពេល​ខ្លី និង​ឆាប់​ទទួល​បានការ​ងារ​ធ្វើ​ដើម្បី​ជួយ​ផ្គត់ផ្គង់​ជីវភាព​ខ្លួនឯង និង​ក្រុម​គ្រួសារ​ ។

សម្រាប់​ឯកឧត្តម​រដ្ឋមន្ត្រី ការ​ជួយ​ផ្សព្វផ្សាយ គឺជា​កិច្ចការ​គុណធម៌​មួយ​ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ​ម្នាក់​ដែល​ជួយ​ផ្សព្វផ្សាយ​ឱ្យ​យុវជន​ដែល​មក​ពី​គ្រួសារ​ក្រីក្រ ឬ​ងាយ​រង​ហានិភ័យ មាន​ជំនាញ​បច្ចេកទេស​ដែល​ជា​ឈ្នាន់​ឱ្យ​មាន​ជីវភាព​កាន់តែ​ប្រសើរ​តាម​រយៈ​ជំនាញ​បច្ចេកទេស បើ​ទោះបី​សិក្សា​នៅ​សាលា​បច្ចេកទេស​របស់​រដ្ឋាភិបាល ឬ​អង្គការ​នានា​ក៏​ដោយ​ ។

ឯកឧត្តម​រដ្ឋមន្ត្រី អះអាង​ប្រាប់​អង្គពិធី​ថា ការ​សិក្សា​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ គឺជា​ជម្រើស​ត្រឹមត្រូវ​សម្រាប់​យុវជន​ដែល​ត្រូវការ​ចំណូល​លឿន ហើយ​មិន​បង្ក​ជា​បន្ទុកគ្រួសារ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ជួយ​ផ្គត់ផ្គង់​គ្រួសារ​ឱ្យ​កាន់តែ​ធូ​ស្រាល​មួយ​កម្រិត​ទៅ​វិញ ហើយ​ក្រោយ​ការ​សិក្សា​បច្ចេកទេស​វិជ្ជាជីវៈ​នេះ សិស្ស​និស្សិត​ទាំងអស់ នៅ​តែ​បន្ត​សិក្សា​ទៅ​មហាវិទ្យាល័យ​បាន​ដដែល ​។

ភ្ជាប់​នឹង​ការ​អំពាវនាវ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ដល់​ជ័យ​លា​ភី​ទាំងអស់​អំពី​កម្មវិធី​បណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ​ដែល​ជា​កម្មវិធី​ថ្នាក់​ជាតិ​ដែល​បាន​ដាក់​ចេញ​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត កាលពី​ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ដើម្បី​ឱ្យ​យុវជន​កម្ពុជា​ដែល​ជា​ក្រុម​គោលដៅ​មាន​ជំនាញ និង​មានឱកាស​ទទួល​បាន​ការងារ​សមរម្យ​ឆាប់រហ័ស ​។

នៅ​ចំពោះ​មុខ​ជ័យ​លា​ភី និង​សិស្ស​នៃ​សាលា​បច្ចេកទេស​ដុន​បូ​ស្កូ ឯកឧត្តម​រដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សាលា​ដែល​បាន​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ជាង​៣០​ឆ្នាំ​នៅ​កម្ពុជា​ដែល​ធ្វើ​ឱ្យ​វិស័យ​ឯកជន​ទទួលស្គាល់​ពី​គុណភាព​នៃ​ការ​បណ្តុះបណ្តាល ​៕ អត្ថបទសហការ