ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល ​ស្តី​ពី​សុវត្ថិភាព​អគ្គិភ័យ​ នៅ​តាម​សហគ្រាស គ្រឹះស្ថាន

4 អាទិត្យ មុន

រាជធានីភ្នំពេញ​៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២៤ បាន​បើក​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​សុវត្ថិភាព​អគ្គិភ័យ​នៅ​តាម​សហគ្រាស គ្រឹះស្ថាន ដើម្បី​ផ្សព្វផ្សាយ និង​លើកកម្ពស់​ការ​យល់​ដឹង​អំពី​សុវត្ថិភាព​អគ្គិភ័យ…

រាជធានីភ្នំពេញ​៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២៤ បាន​បើក​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​សុវត្ថិភាព​អគ្គិភ័យ​នៅ​តាម​សហគ្រាស គ្រឹះស្ថាន ដើម្បី​ផ្សព្វផ្សាយ និង​លើកកម្ពស់​ការ​យល់​ដឹង​អំពី​សុវត្ថិភាព​អគ្គិភ័យ អគ្គិសនី ការងារ​ដែល​មាន​ហានិភ័យ និង​ការងារ​ផ្សារ ដល់​តំណាង​សហគ្រាស គ្រឹះស្ថាន និង​ក្រុមការងារ​សុវត្ថិភាព និង​សុខភាព​ការងារ​ប្រចាំ​សហគ្រាស គ្រឹះស្ថាន ដែល​ធ្វើ​ឡើង​នៅ​ទីស្តីការក្រសួង ដោយ​មាន​អ្នកចូលរួម​សរុប​ប្រមាណ​ជិត ២០០​ នាក់​ ។

ឯកឧត្តម ផេង សុ​ខាំ រដ្ឋលេខាធិការ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចាត់​ទុក​វគ្គ​បណ្តុះបណ្តាល​នេះ មាន​សារៈសំខាន់​ណាស់​ចំពោះ​សហគ្រាស គ្រឹះស្ថាន ជា​ពិសេស​សម្រាប់​ក្រុមការងារ​សុវត្ថិភាព និង​សុខភាព​ប្រចាំ​សហគ្រាស គ្រឹះស្ថាន និង​អ្នក​ពាក់ព័ន្ធ​ដែល​អនុវត្ត​ការងារ​ផ្ទាល់ និង​ចូលរួម​ត្រួតពិនិត្យ​លក្ខខណ្ឌ​សុវត្ថិភាព​ការងារ ​នៅ​កន្លែងធ្វើការ​ ។

ឯកឧត្តម​រដ្ឋលេខាធិការ សង្កត់ធ្ងន់​ថា ក្រុមការងារ​សុវត្ថិភាព និង​សុវត្ថិភាព​ការងារ ដើរតួ​នាទី​យ៉ាង​សំខាន់ នៅ​ក្នុង​យន្តការ​ចុង​ក្រោយ​នៃ​ប្រព័ន្ធ​គ្រប់គ្រង​សុវត្ថិភាព និង​សុខភាព​ការងារ​នៅ​ថ្នាក់​សហគ្រាស គ្រឹះស្ថាន និង​ចូលរួម​លើកកម្ពស់​ការ​តាមដាន ត្រួតពិនិត្យ និង​បង្ការ​ករណី​គ្រោះ​អគ្គិភ័យ​នៅ​កន្លែងធ្វើការ ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ ។ ជា​ការ​ពិត​ណាស់ ដើម្បី​សម្រេច​បាន​នូវ​ការ​កសាង​វប្បធម៌​នៃ​ការ​បង្ការ​សុវត្ថិភាព និង​សុខភាព​ការងារ និង​គ្រោះថ្នាក់​ការងារ​នៅ​កន្លែងធ្វើការ វា​ជា​ទស្សនៈវិស័យ​ដ៏​វែង​ឆ្ងាយ ដែល​ទាមទារ​ការ​ចូលរួម​យ៉ាង​សកម្ម និង​ការ​បេ្ត​ជ្ញា​ចិត្ត​របស់​គ្រប់​ភាគី​ទាំងអស់ រួម​មាន​រាជរដ្ឋាភិបាល អង្គការ និយោជក អង្គការ​កម្មករនិយោជិត អ្នកជំនាញ​ផ្នែក​សុវត្ថិភាព និង​សុខភាព​ការងារ ដើម្បី​ប្រែក្លាយ​ការ​បង្ការ​សុវត្ថិភាព និង​សុខភាព​ការងារ​ទៅ​ជា​វប្បធម៌​នៅ​កន្លែងធ្វើការ និង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​។

លោក​ទន្ត​បណ្ឌិត ឡេ​ង តុង ប្រធាន​នាយកដ្ឋាន​ពេទ្យ​ការងារ បញ្ជាក់​ថា ដើម្បី​បង្ការ និង​កាត់​បន្ថយ​គ្រោះថ្នាក់​អគ្គិភ័យ​កើតឡើង​នៅ​កន្លែងធ្វើការ និយោជក គួរតែ​៖

-​អនុវត្ត​ការ​វាយតម្លៃ​ហានិភ័យ​អគ្គិភ័យ ដោយ​ពិចារណា​លើ​មូលហេតុ​ចំបង​ៗ​ ដែល​ជា​ធាតុ​ផ្សំ​នាំ​ឱ្យ​មាន​អគ្គិភ័យ​កើតឡើង
–  ត្រួតពិនិត្យ​ប្រភព​ដែល​នាំ​ឱ្យ​មាន​ចំហេះ​កើតឡើង និង​រក្សា​ទុក​សារធាតុ​ងាយ​ឆាប់ឆេះ​ឱ្យ​ដាច់​ដោយឡែក​ពី​គ្នា
–  ជៀសវាង​ការ​កើត​មាន​អគ្គិភ័យ​ជាយថាហេតុ ត្រូវ​ប្រាកដ​ថា រាល់​បរិក្ខា និង​ឧបករណ៍​បង្ការ និង​ពន្លត់​នៅ​ដំណើរការ និង​ត្រួតពិនិត្យ​ជា​ប្រចាំ
–  ធានា​បាន​នូវ​ការ​ថែរក្សា​អនាម័យ​ឱ្យ​បាន​ល្អ​គ្រប់ពេលវេលា (​ឧ​. ជៀសវាង​ការ​ប្រមូលផ្តុំ​សំរាម​ដែល​អាច​ឆេះ​បាន​)
–  រៀបចំ​ប្រព័ន្ធ​កំណត់​អត្តសញ្ញាណ និង​ជូនដំណឹង​អគ្គិភ័យ ក្នុង​ករណី​មាន​អគ្គិភ័យ​កើតឡើង និង​ត្រួតពិនិត្យ​ជា​ប្រចាំ (​ឧ​. ការ​ដំឡើង​សំឡេង​រោ​ទិ៍​ផ្សែង និង​សំឡេង​រោ​ទិ៍​ភ្លើង ឬ​កណ្តឹង​)
–  មាន​ឧបករណ៍​ពន្លត់​អគ្គិភ័យ​ត្រឹមត្រូវ​សម្រាប់​ពន្លត់ភ្លើង​ឱ្យ​បាន​ទាន់​ពេលវេលា
–  រៀបចំ​គំនូស​ប្លង់​ជម្លៀស​ខ្លួន​ដែល​បង្ហាញ​អំពី​សញ្ញា​បង្ហាញផ្លូវ និង​ច្រក​គ្រាអាសន្ន​ឱ្យ​បាន​ច្បាស់លាស់ មិន​មាន​ឧបសគ្គ និង​ចាក់សោរ​នៅ​ម៉ោង​ធ្វើការ
–  រៀប​ចំការ​បណ្តុះបណ្តាល​អំពី​នីតិវិធី​ជម្លៀស​ខ្លួន និង​ហ្វឹកហាត់​ពន្លត់​អគ្គិភ័យ​ដល់​កម្មករ និយោជិត​ឱ្យ​បាន​ទៀងទាត់
–  ពិនិត្យ និង​ធ្វើ​បច្ចុប្បន្នភាព​ ការ​វាយតម្លៃ​ហានិភ័យ​របស់​ឱ្យ​បាន​ទៀងទាត់​ ៕ អត្ថបទសហការ