ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កម្ពុជា និង​អ៊ី​ស្រា​អែ​ល ​បន្ត​ជួប​ពិភាក្សា​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ ​លើ​វិស័យ​ការងារ​ ដើម្បី​ផ្តល់​ឱកាស​ថ្មី​បន្ថែម ​ដល់​ពលរដ្ឋ​ក្នុង​ការ​ពង្រីក​សមត្ថភាព​ជំនាញ

1 ខែ មុន

រាជធានីភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២៤​នេះ បាន​ជួប​ពិភាក្សា​ការងារ​…

រាជធានីភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២៤​នេះ បាន​ជួប​ពិភាក្សា​ការងារ​ ជាមួយនឹង​លោក Eli Eliyahu Sneh អគ្គ​ទីប្រឹក្សា​ នៃ​ស្ថានទូត​អ៊ី​ស្រា​អែ​ល​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​ថៃ នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​។

ជំនួប​នេះ បាន​ផ្តោត​លើ​ការ​បន្ត​កិច្ច​ពិភាក្សា​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ លើ​វិស័យ​ការងារ​រវាង​កម្ពុជា និង​អ៊ី​ស្រា​អែ​ល ​។ ក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ពី​វឌ្ឍនភាព​នៃ​កិច្ច​ពិភាក្សា​ដែល​ក្រុមការងារ​បច្ចេកទេស ​នៃ​ភាគី​ទាំង​ពីរ បាន​សម្រេច​កន្លង​មក​ ដើម្បី​ឈាន​ដល់​កិច្ច​សហប្រតិបត្តិការ​មួយ ​ដែល​នឹង​ផ្តល់​ប្រយោជន៍​ទៅ​កាន់​ប្រជាជាតិ​ទាំង​ពីរ ​តាម​រយៈ​ការ​ពង្រឹងសមត្ថភាព​ជំនាញ​បច្ចេកទេស ពង្រីក​សមត្ថភាព​បទ​ពិសោធន៍​ការងារ​នៅ​ទីតាំង​ជាក់ស្តែង ក៏​ដូច​ជា​ការ​បង្កើន​កម្រិតជីវភាព ​។

បន្ថែម​ពី​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​គូសបញ្ជាក់​ពី​គោល​ជំហរ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​នេះ​លើ​វិស័យ​ការងារ​ ដែល​មាន​ក្រសួង​ជា​សេនាធិការ​ក្នុង​ការ​បន្ត​ជំរុញ​កំណែទម្រង់​មុត​ស្រួច​ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ទទួល​បាន​ផល​ភាគ​កាន់តែ​ច្រើន​បន្ថែម​ទៀត ​ប្រកបដោយ​តម្លាភាព​ដែល​ហូរ​ចេញពី​កិច្ចសហការ​នេះ​ ។

ត្រង់​ចំណុច​នេះ លោក Eli Eliyahu Sneh អគ្គ​ទីប្រឹក្សា​នៃ​ស្ថានទូត​អ៊ី​ស្រា​អែ​ល ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​ថៃ ក៏​បាន​ឯកភាព​ដែរ​ថា មាន​តែ​ការ​ខិតខំ​ប្រឹងប្រែង​ឱ្យ​កិច្ចសហការ​នេះ​ជោគជ័យ​ និង​រលូន​នោះ​ទេ ទើប​អាច​ឱ្យ​ពលរដ្ឋ​ទាំង​សងខាង​ទទួល​បាន​អត្ថប្រយោជន៍​ ជា​អតិបរមា​ដែល​នឹង​ជួយ​ពូន​ជ្រុំ​បន្ថែម ​ដល់​កំណើនសេដ្ឋកិច្ច និង​ទំនាក់ទំនង​រវាង​ប្រទេស​ជា​មិត្ត​ ។

ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ជម្រាប​សម​ភាគី​អំពី​បទ​ពិសោធន៍​របស់​កម្ពុជា​ដែល​ធ្លាប់​សហការ​ជាមួយ​ប្រទេស​ជប៉ុន និង​កូរ៉េ​ខាងត្បូង និង​បណ្តា​ប្រទេស​ផ្សេង​ៗ​ទៀត​លើ​វិស័យ​ការងារ​នេះ ហើយ​ពលរដ្ឋ​កម្ពុជា​ក៏​កំពុង​បន្ត​ទទួល​បាន​ផល​ផ្លែផ្កា ​ទាំង​លើ​សមត្ថភាព​ជំនាញ និង​កម្រិតជីវភាព​ ។

ទន្ទឹម​នឹង​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ណែនាំ​ឱ្យ​ក្រុមការងារ​បច្ចេកទេស ​រវាង​ប្រទេស​ទាំង​ពីរ បន្ត​ពិភាក្សា​លើ​ចំណុច​គោល​ៗ​បន្ថែម​ ដើម្បី​ធ្វើ​ឱ្យ​ពលរដ្ឋ​កម្ពុជា និង​អ៊ី​ស្រា​អែ​លអាច​ទទួលផល​ភាគ​ជា​អតិបរមា​ចេញ​កិច្ចសហការ​នេះ ​៕ អត្ថបទសហការ