រាជធានីភ្នំពេញ ៖ The Perfect Motion ឬ “ទេពហត្ថា” គឺជាភាពយន្ដឯកសារដំបូងគេបង្អស់ដែលទទួលបានមូលនិធិ និងផលិតក្នុងស្រុកសម្រាប់បញ្ចាំងក្នុងរោងភាពយន្ត ហើយភាពយន្តនេះនឹងចាក់បញ្ចាំងក្នុងរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ១ មេសា ឆ្នាំ ២០២៣ នេះតទៅហើយ។ ខ្សែភាពយន្តនេះមានសាច់រឿងពីរ ៖ ទីមួយទៅលើការបង្កើត ‘នាងវឌ្ឍនាទេវី’ របស់សម្តេចព្រះរៀម នរោត្តម បុប្ផាទេវី (ស្នាព្រះហស្ដចុងក្រោយរបស់ទ្រង់) និងសាច់រឿងមួយទៀតអំពីប្រវត្តិនៃរបាំព្រះរាជទ្រព្យចាប់ពីឆ្នាំ ១៩០៦ ។
ខ្សែភាពយន្តនេះបានចាប់យកខ្លឹមសារនៃទម្រង់សិល្បៈដ៏ស្រស់ស្អាត ជាមួយនឹងរូបភាពដ៏ទាក់ទាញ និងសាច់រឿងដ៏គួរឱ្យចាប់អារម្មណ៍ ។ អ្នករបាំជំនាន់ក្រោយ និងអ្នករបាំជើងចាស់ បានចែករំលែកសក្ខីភាពដ៏គួរឱ្យរំភើប ចំពោះការលះបង់ក្នុងជីវិតរបស់ពួកគេក្នុងការផលិតស្នាដៃដ៏ល្អឥតខ្ចោះ និងធានាថានឹងបន្តទៅដល់ជំនាន់ក្រោយៗ ទោះបីមានសោកនាដកម្មក្នុងប្រវត្តិសាស្ត្រកម្ពុជាក៏ដោយ ។ តាមរយៈសាច់រឿងរបស់ពួកគេ ទស្សនិកជននឹងស្វែងយល់កាន់តែច្រើនឡើង ថាតើរបាំព្រះរាជទ្រព្យបានកំណត់រូបរាងរបស់វប្បធម៌ និងអត្តសញ្ញាណប្រទេសកម្ពុជាទៅតាមពេលវេលាយ៉ាងដូចម្ដេច។ ដូចលោក Rodin ធ្លាប់បានលើកឡើងថា “តាមរយៈចលនា ទើបយើងអាចយល់ច្បាស់អំពីភាពស្រស់ស្អាត” ។
លោក Xavier de Lauzanne អ្នកដឹកនាំខ្សែភាពយន្ត ទេពហត្ថា បាននិយាយថា “ខ្ញុំគិតថា វាពិតជាសំខាន់ណាស់ ក្នុងការចែករំលែកគម្រោងមួយនេះទៅកាន់អ្នកដែលមានការយល់ដឹងកាន់តែស៊ីជម្រៅលើជីវិតសិល្បៈក្នុងប្រទេសកម្ពុជា និងមានទស្សនៈគំនិតច្រើនជាងខ្ញុំ ។ ហេតុនេះហើយ ខ្ញុំបានសាកសួរលោក Pierre Kogan ជាអ្នកស្រលាញ់សិល្បៈ និងជាអ្នកផលិតខ្សែភាពយន្ត ដែលបានរស់នៅក្នុងប្រទេសកម្ពុជារយៈពេល ៨ ឆ្នាំ ដើម្បីសរសេរសាច់រឿងនេះជាមួយខ្ញុំ ។ ការសហការនេះពិតជាមានលទ្ធផលល្អ ហើយពួកយើងសង្ឃឹមថា នឹងបង្ហាញខ្សែភាពយន្តដែលសមនឹងគុណតម្លៃនៃសាច់រឿងដ៏អស្ចារ្យនេះ ។ យើងពិតជាចង់ផលិតភាពយន្តមួយដែលចាប់យកទាំងភាពស្រស់ស្អាតនៃរបាំក្បាច់បុរាណរបស់ប្រទេសកម្ពុជា និងសាច់រឿងដ៏មិនគួរឱ្យជឿនៃប្រវត្តិសាស្ត្រថ្មីៗនៃរបាំនេះ ។ វាពិតជាសំខាន់ណាស់ក្នុងការឧទ្ទិសដល់សិល្បករដែលប្រឈមមុខនឹងសង្គ្រាម ការបំផ្លិចបំផ្លាញ និងភាពក្រខ្សត់ ដែលមានទឹកចិត្ត និងភាពក្លាហានក្នុងការបង្រៀន និងធ្វើឱ្យសិល្បៈមានជីវិតឡើងវិញ នាំឱ្យក្លាយជាពន្លឺនៃក្ដីសង្ឃឹម ការងើបឡើងវិញ និងការកសាងឡើងវិញ ។”
លោក Pierre Kogan បានបន្ថែមទៀតថា “ប្រជាជនកម្ពុជាស្ទើរគ្រប់រូបសុទ្ធតែដឹងអំពី “របាំអប្សរា” និងប្រហែលអាចសម្ដែងកាយវិការមួយ ឬពីរ ។ ប៉ុន្តែមិនសូវមានអ្នកបានចូលរួមទស្សនាការសម្ដែងរបាំព្រះរាជទ្រព្យទេ ។ សម្រាប់មនុស្សភាគច្រើន ប្រវត្តិរបស់របាំព្រះរាជទ្រព្យមិនសូវមានគេដឹងទេ រួមទាំងមូលហេតុដែលរបាំនេះទាក់ទាញមនុស្សជាច្រើនចូលទស្សនានៅឯរោងមហោស្រពនៅបរទេស។ យើងសង្ឃឹមថា ភាពយន្ត ទេពហត្ថា នឹងធ្វើឱ្យប្រជាជនកម្ពុជាមានមោទកភាពចំពោះវប្បធម៌របស់ពួកគេបន្ថែមទៀត ដែលនឹងរួមចំណែកធ្វើឱ្យកិត្តិនាមនៃរបាំនេះរីកសុសសាយពេញពិភពលោក ។”
លោក De Lauzanne បានលើកឡើងទៀតថា “ទេពហត្ថា គឺជាដំណើរដ៏មហាអស្ចារ្យដែលមានរយៈពេល ៥ ឆ្នាំ។ ចាប់តាំងពីការបង្កើតគំនិតរហូតដល់នាដ្យកថា និងចាប់ពីការជ្រើសរើសតួអង្គរហូតដល់ផលិតកម្ម វាពិតជារឿងដែលល្អអស្ចារ្យ គួរឱ្យរំភើប និងមិនគួរឱ្យជឿ ដូចសាច់រឿងបញ្ចាំងក្នុងខ្សែភាពយន្តនេះ ។”
កម្មវិធីសម្ពោធ
កាលនៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៣ ភាពយន្ត ទេពហត្ថា បានចាក់បញ្ចាំងជាលើកដំបូងនៅសាលមហោស្រពចតុមុខ ដោយមានវត្តមានរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ។ នេះពិតជាកិតិ្តយសណាស់សម្រាប់អ្នកដែលបានរួមចំណែកក្នុងផលិតកម្មនេះ ហើយវាបង្ហាញអំពីសារៈសំខាន់នៃខ្សែភាពយន្តនេះ ។
បន្ទាប់ពីការចាក់បញ្ចាំងពិសេសនេះ ខ្សែភាពយន្ត ទេពហត្ថា នឹងចាក់បញ្ចាំងទូទាំងប្រទេសកម្ពុជាចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៣ ។ បន្ទាប់ពីនោះនឹងមានការចាក់បញ្ចាំងជាសាធារណៈនៅតាមបណ្ដាខេត្តផ្សេងៗ ។ សម្រាប់ខ្សែភាពយន្តនេះដែរ មានពីរភាសា៖ ភាសាខ្មែរ ដែលអាចចូលទស្សនាបានស្ទើរគ្រប់រោងភាពយន្ត និងភាសាអង់គ្លេសសម្រាប់ទស្សនិកជនជាជនជាតិបរទេស ។
ទេពហត្ថា
រយៈពេល ៨៧ នាទី
ដឹកនាំដោយលោក Xavier de Lauzanne និពន្ធដោយលោក Xavier de Lauzanne និងលោក Pierre Kogan សហការជាមួយ៖ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ តេសសូ , ព្រឹទ្ធាចារ្យ ព្រឿង ឈៀង , លោក លីម ស៊ីលវាំង , អ្នកស្រី វ័ន សាវ៉ៃ , អ្នកនាង សេរី វណ្ណកុសន ,អ្នកនាង សុខ ណាលីស , សុភីលីន ជាម ហ្សាភារ៉ូ ,& Lucie Labbé ។
ចំពោះព័ត៌មានបន្ថែម ៖
លេខទូរស័ព្ទ៖ +855 10 600 848 – Ratana Cheng
អ៊ីម៉ែល៖ ratana@westecmedia.com
ហ្វេសប៊ុក៖ www.facebook.com/theperfectmotionmovie ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ