ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមប្រឹក្សា​បរ​ធន​បាល ​នៃ​មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព បាន​កំណត់​អនាគត ​សម្រាប់​កិច្ច​គាំទ្រ​សហគ្រិនភាព​កម្ពុជា

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ផ្តល់​នូវ​ការ​គាំទ្រ និង​ផ្តល់​ឱកាស​ទៅ​ដល់ ប្រជាជន​នៅ​ក្នុង​សង្គម​កម្ពុជា ក្នុង​ការ​បោះ​ជំ​ហ៊ាន​ថ្មី​មួយ ដើម្បី​ចូលរួម​បង្កើត​ភាព​រីក​ចម្រើន​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី ​នៃ​សហគ្រិនភាព​នៅ​កម្ពុជា បន្ទាប់​ពី​វិបត្តិ​រយៈពេល​…

រាជធានីភ្នំពេញ ៖ មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ផ្តល់​នូវ​ការ​គាំទ្រ និង​ផ្តល់​ឱកាស​ទៅ​ដល់ ប្រជាជន​នៅ​ក្នុង​សង្គម​កម្ពុជា ក្នុង​ការ​បោះ​ជំ​ហ៊ាន​ថ្មី​មួយ ដើម្បី​ចូលរួម​បង្កើត​ភាព​រីក​ចម្រើន​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី ​នៃ​សហគ្រិនភាព​នៅ​កម្ពុជា បន្ទាប់​ពី​វិបត្តិ​រយៈពេល​ ២​ ឆ្នាំ ដោយសារ​ជំងឺ​រាតត្បាត​ជាស​កល​កូ​វី​ដ​-១៩ ​។

វិស័យ​សហគ្រិនភាព​នៅ​កម្ពុជា បាន​មានដំណើរ​ការ​យ៉ាង​សកម្ម ក្នុង​មួយ​រយៈពេល​ចុង​ក្រោយ​នេះ ​ដែល​មាន​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម​រាប់​ពាន់ និង​ប្រតិបត្តិ​ករ​អាជីវកម្ម​ជា​ច្រើន​ទូ​ទាំង​ប្រទេស ហើយ​វប្បធម៌​សហគ្រិនភាព​នៅ​ក្នុង​ប្រទេស កំពុង​តែ​បន្ត​មាន​សន្ទុះ​ទៅ​មុខជា​លំដាប់ ​។ ឥឡូវនេះ ជាមួយនឹង​ការ​ដាក់​ចេញ​ទិស​ដៅ​ការងារ និង​ការ​គាំទ្រ​ពី​មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព ​ហៅ​កាត់​ថា ម​.​អ​.​ស​. (EDF) និង ស្ថាប័ន​ដៃគូ​ពាក់ព័ន្ធ​នានា ប្រព័ន្ធ​អេកូឡូស៊ី​នៅ​កម្ពុជា បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច ​ក្នុង​ការ​បោះ​ជំ​ហ៊ាន​ទៅ​រក​ការ​អភិវឌ្ឍ នៅ​ដំណាក់កាល​បន្ទាប់​ ។

នា​ព្រឹក​ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០២២, ប្រធាន​ក្រុមប្រឹក្សា​បរ​ធន​បាល​មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព ដែល​ស្ថិត​នៅ​ក្រោម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​រៀបចំ​កិច្ចប្រជុំ​លើក​ទី ១១ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម វ​ង្សី វិស្សុត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​, រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​បរ​ធន​បាល​មូលនិធិ​អភិវឌ្ឍន៍ សហគ្រិនភាព (​ម​.​អ​.​ស​.) នៅ​ទីស្តីការ​សហគ្រិន​ខ្មែរ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី ឯកឧត្តម អ្នកឧកញ៉ា លោក​ឧកញ៉ា លោក​បណ្ឌិត ដែល​ជា​សមាជិក​និង​ទីប្រឹក្សា​នៃ​ក្រុមប្រឹក្សា​បរ​ធន​បាល ម​.​អ​.​ស​. ដើម្បី​ពិនិត្យ​លើ​វឌ្ឍនភាព​ការងារ​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២២ និង​កំណត់​ទិស​ដៅ​ការងារ​សម្រាប់​ត្រីមាស​បន្ទាប់ ក្នុង​គោលបំណង​បន្ត​បេសកកម្ម​របស់​ខ្លួន ក្នុង​ការ​ចូលរួម​គាំំ​ទ្រ សហគ្រាស​ធុន​តូច​និង​មធ្យម និង​ធុរកិច្ច​បង្កើត​ថ្មី​ក្នុងស្រុក និង​ចូលរួម​កសាង​ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិនភាព​ឱ្យ​មាន​ភាព​រស់​រវើក​នៅ​កម្ពុជា ​។

មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព ជា​ឧបករណ៍​គោលនយោបាយ​សេដ្ឋកិច្ច​មួយ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​មាន​ប្រតិបត្តិ​ករ​ស្វយ័ត​មួយ ហៅ​ថា សហគ្រិន​ខ្មែរ​។ អាទិភាព​ចម្បង​នៃ​ស្ថាប័ន​នេះ​គឺ ផ្តល់​ការ​គាំទ្រ​ដល់​ម្ចាស់​អាជីវកម្ម​ក្នុងស្រុក និង​លើកកម្ពស់​ការ​អភិវឌ្ឍ​ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិនភាព​នៅ​កម្ពុជា​ឱ្យ​កាន់តែ​មាន​ភាព​ស៊ីសង្វាក់​គ្នា​, រស់​រវើក និង​រីក​ចម្រើន​កាន់តែ​ប្រសើរ​ ។ តាម​រយៈ​កម្មវិធី និង​សកម្មភាព​គាំទ្រ​ផ្សេង​ៗ​ជា​ច្រើន មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព (EDF) នឹង​បន្ត​ផ្តល់​ឱកាស​ដល់​អាជីវកម្ម​ក្នុងស្រុក​, ធុរកិច្ច​ថ្មី និង​សហគ្រិន​ក្នុង​ប្រទេស ក្នុង​ការ​បន្ត​ដំណើរការ និង​ចាប់ផ្តើម​ការងារ​របស់​ខ្លួន ទោះបី​នៅ​ក្នុង​កាលៈទេសៈ​នៃ​បញ្ហា​ប្រឈម​ដូច​ពេល​បច្ចុប្បន្ន​នេះ​ក្តី​ ។​

ភាព​បត់បែន​នៃប្រតិបត្តិ​ការ​របស់​សហគ្រិន​ខ្មែរ បាន​បង្ហាញ​អំពី​សមត្ថភាព​ដ៏​សំខាន់ ក្នុង​ការ​ចូលរួម​គ្រប់គ្រង និង​ដោះស្រាយ​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វី​ដ​-១៩ ​សម្រាប់​សហគ្រិន​ ។ មិនតែប៉ុណ្ណោះ សហគ្រិន​ខ្មែរ​បាន​ពង្រីក​សកម្មភាព​របស់​ខ្លួន ក្នុង​ការ​អនុវត្ត​កម្មវិធី​ឱ្យ​មាន​វិសាលភាព​ធំ​ឡើង ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ និង​បាន​ជួយ​បំពេញបន្ថែម ជាមួយនឹង​ដៃគូ​ពាក់ព័ន្ធ នៅ​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​ ក្នុង​ការ​បង្កើត​កម្មវិធី​គាំទ្រ និង​សកម្ម​ភាពល្អ​ៗ​បន្ថែម​ទៀត ។ តាម​រយៈ​សកម្មភាព​ទាំង​អស់នេះ សហគ្រិន​ខ្មែរ​ត្រូវ​បាន គេ​ទទួលស្គាល់​ថា​ជា​ថ្នាល​ដ៏​សំខាន់​ ដើម្បី​កៀ​គរ​សហគ្រិន និង​អ្នក​ពាក់ព័ន្ធ​ដទៃ ជា​ពិសេស​ជា​ថ្នាល​ដែល​ផ្តល់​ការ​គាំទ្រ​ដល់​ផលិតភាព​ ពិពិធ​កម្ម​ទីផ្សារ​ ការ​ចាប់​យក​ការ​ប្រើប្រាស់​ប្រព័ន្ធ​ឌី​ជី​ថ​ល និង​ការ​ទទួល​បាន​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ ។

ដំណាក់កាល​បន្ទាប់​នៃ​ការ​ផ្តល់​មូលនិធិ​ជំនួយ​របស់​សហគ្រិន​ខ្មែរក្រោម​គោល​គំនិត​នៃ “​គិត​អោយ​ធំ ចាប់ផ្តើម​ពី តូច និង​ពង្រីក​ខ្លួន​ឱ្យ​លឿន​” នឹង​ផ្តល់​នូវ​ជម្រើស​ហិរញ្ញប្បទាន​បន្ថែម​ទៀត និង​មាន​លក្ខណៈ​ចម្រុះ​បែប​ថ្មី​ៗ ដល់​សហគ្រាស​ធុន​តូច និង មធ្យម និង​ធុរកិច្ច​ថ្មី តាម​រយៈ​ការ​ផ្តល់​ហិរញ្ញប្បទាន និង​ឱកាស​វិនិយោគ​រួម​គ្នា​។ យុទ្ធសាស្ត្រ​នៃ​ការ​ផ្តល់​មូលនិធិ​នេះ នឹង​ជួយ​បំប្លែង​ប្រតិបត្តិ​ករ​អាជីវកម្ម​ខ្នាត​តូច ទៅ​ជា​សហគ្រាស​ធុន​មធ្យម និង​ទាក់ទាញ​អ្នកជំនាញ និង​អ្នក​បណ្តាក់ទុន​ជា​ច្រើន​រូប មក​ចូលរួម​អភិវឌ្ឍ នៅ​ក្នុង​ប្រទេស​ប្រកបដោយ​ទំនុកចិត្ត​ខ្ពស់​ ។

ការ​ឆ្លងកាត់​បទ​ពិសោធន៍​ជំងឺ​កូ​វី​ដ​១៩ គឺជា​មេរៀន និង​ភស្តុ​តាង​ដ៏​មាន​តម្លៃ​សម្រាប់​ការ​កសាង​អាជីវកម្ម​នា​ពេល​អនាគត ហើយ​យើង​អាច​មើលឃើញ​បាន​យ៉ាង​ច្បាស់​ថា តាម​រយៈ​ការ​គាំទ្រ​ពី​មូលនិធិ​អភិវឌ្ឍន៍​សហគ្រិន​កម្ពុជា នឹង​ចូលរួម​ចំណែក​ជួយ​ធ្វើ​ឱ្យ​ក្ដី​សុបិន​អាជីវកម្ម​របស់​ពួក​គេ​ក្លាយជា​ការ​ពិត​ ៕ ដោយសហការ