ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា បញ្ចប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​បុគ្គលិក !

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ នៅថ្ងៃ​ទី​ ១ ខែមិថុនា ឆ្នាំ ​២០២១ នេះ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន…

រាជធានី​ភ្នំពេញ ​៖ នៅថ្ងៃ​ទី​ ១ ខែមិថុនា ឆ្នាំ ​២០២១ នេះ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា បាន​បញ្ចប់​ការ​ចាក់​វ៉ាក់សាំង​ជិត ៨០% នៃ​បុគ្គលិក និង​អ្នកម៉ៅការ​ចំនួន ៧០០ ​នាក់ នៅ​ក្រុមហ៊ុន ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​រយៈពេល ៣ ​ស​ប្តា​ហ៍​របស់​ក្រុមហ៊ុន ​។ ដោយ​មានការ​យកចិត្តទុកដាក់​ជា​ចំបង​ទៅ​លើ​សុខភាព និង​សុវត្ថិភាព​របស់​បុគ្គលិក ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា បាន​រៀបចំ​ព្រឹត្តិការណ៍​ចាក់​វ៉ាក់សាំង​នេះ​ឡើង​នៅ​ឯ​រោងចក្រ​ផលិត​ស្រា​បៀរ​ដ៏​ទំនើប​របស់​ក្រុមហ៊ុន ក្រោម​ការ​សហការ​ជាមួយនឹង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ។ យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នេះ​បាន​ចំណាយពេល ៣ ​ស​ប្តា​ហ៍​ ។

លោកស្រី អ៊ែន អូ​លី​វ័​រ (Anne Ollivier) នាយក​ផ្នែក​កិច្ចការ​សាជីវកម្ម​របស់​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា បាន​ថ្លែង​ថា ​៖ «បុគ្គលិក គឺជា​កម្លាំង​ស្នូល​របស់​ក្រុមហ៊ុន​យើង ហើយ​សុវត្ថិភាព​គឺជា​កត្តា​អាទិភាព​របស់​យើង ​។ ដូច្នេះ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ចាំបាច់​ត្រូវ​រៀបចំ​ឲ្យ​បាន​លឿន​បំផុត​តាម​ដែល​អាច​ធ្វើ​បាន​នូវ​កម្មវិធី​ចាក់​វ៉ាក់សាំង​ជូន​បុគ្គលិក​នេះ ដើម្បី​ធានា​ថា បុគ្គលិក​របស់​យើង​ដែល​ជា​កម្លាំងច​លករ​របស់​អាជីវកម្ម​យើង​មាន​សុវត្ថិភាព​» ។​
ក្រុមការងារ​មក​ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែល​មាន​ក្រុម​វេជ្ជបណ្ឌិត និង​គិលានុប្បដ្ឋាក បាន​សហការ​យ៉ាង​ល​ល្អ​ដើម្បី​ពិនិត្យ​មើល​ដំណើរការ​ចាក់​វ៉ាក់សាំង​នេះ​ផង​ដែរ​ ។

លោកស្រី អ៊ែន អូ​លី​វ័​រ បាន​បន្ថែម​ថា ​៖ “​យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​រៀបចំ​កម្មវិធី​ចាក់​វ៉ាក់សាំង​នា​ថ្ងៃនេះ​សម្រាប់​ក្រុមហ៊ុន​របស់​យើង​ ។ ក្រុមការងារ​មក​ពី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កំពុងធ្វើការ​ងារ​នៅ​តាម​មូលដ្ឋាន​របស់​ពួក​គាត់​បាន​យ៉ាង​ល្អ ដើម្បី​ចាក់​វ៉ាក់សាំង​ជូន​ក្រុមហ៊ុន​ឲ្យ​បាន​ច្រើន​បំផុត តាម​ដែល​អាច​ធ្វើ​បាន ដោយ​រក្សា​ឲ្យ​បានជា​និច្ច​នូវ​សុវត្ថិភាព​ខ្ពស់​ ។

ជា​ការ​លើកទឹកចិត្ត​បន្ថែម និង​ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង​របស់​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ដើម្បី​គាំទ្រ​ដល់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ក៏​បាន​រៀបចំ​កម្មវិធី​ផ្សងសំណាង​ផង​ដែរ​សម្រាប់​អ្នក​ដែល​បាន​បញ្ចប់​ការ​ចាក់​វ៉ាក់សាំង​របស់​ពួក​គេ ​។ ឈ្មោះ​របស់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​កម្មវិធី​ចាប់ឆ្នោត​ផ្សងសំណាង​ដើម្បី​ឈ្នះ​រង្វាន់​ជា​កង់​ ។

ដោយ​មាន​វត្ត​មាននៅ​កម្ពុជា​តាំងពី​ឆ្នាំ ១៩៩៤​ មក ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ផ្ដល់​ការងារ​ជូន​ដល់​បុគ្គលិក​ចំនួន​ជិត ៧០០​ នាក់ ព្រមទាំង​ផ្ដល់​ការងារ​ជា​ប្រយោល​ជូន​ដល់​ប្រជាជន​កម្ពុជា​រាប់​មុឺន​នាក់​ផ្សេង​ទៀត ដែល​បំពេញការងារ​ជា​ផ្នែក​មួយ​នៃ​បណ្ដាញ​អាជីវកម្ម​របស់​ក្រុមហ៊ុន ពោល​គឺ​រាប់​ចាប់ពី​កសិករ​ដំណាំ​ស្រូវ រហូត​ដល់​អាជីវករ​លក់ដូរ​ ។ ថ្មី​ៗ​នេះ ក្រុមហ៊ុនផលិតស្រាបៀរ​មួយ​នេះ បាន​ផ្លាស់​ប្ដូរ​ឈ្មោះ​របស់​ខ្លួន​ពី CBL (Cambodia Brewery Limited) មក​ជា​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា (HEINEKEN Cambodia) វិញ​ ។

នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​កាលពី​ពេល​ថ្មី​ៗ​នេះ ឯកឧត្តម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដា (GDT) បាន​ទទួលស្គាល់​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ថា​ជា ក្រុមហ៊ុន​ដែល​បង់ពន្ធ​ជូន​រាជរដ្ឋាភិបាល​ច្រើន​ជាង​នៅ​កម្ពុជា​ ។ ក្រុមហ៊ុន​រំពឹង​ថា ​នឹង​ត្រូវ​បាន​ផ្តល់​កិត្តិយស​នៅ​ក្នុង​ពិធី​ផ្លូវការ​មួយ​នៅ​ឆ្នាំ​នេះ នៅ​ពេល​ដែល​ឯកឧត្តម គង់ វិបុល រំពឹង​ថា​ នឹង​ផ្តល់​ជូន​លិខិត​ថ្លែងអំណរគុណ ​និង​កោតសរសើរ​មួយ ដែល​មានការ​ចុះហត្ថលេខា​ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម បណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ ។

លោកស្រី អ៊ែន អូ​លី​វ័​រ ថ្លែង​ថា ​៖ “​នៅ​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា យើង​ទទួលខុសត្រូវ​លើ​កាតព្វកិច្ច​របស់​យើង​ចំពោះ​ប្រទេស​ជាតិ​យ៉ាង​ម៉ុ​ត​មាំ​ ។ ក្នុង​នាម​ជា​ក្រុមហ៊ុន​បង់ពន្ធ​ច្រើន​ជាងគេ​នៅ​កម្ពុជា និង​ជា​ក្រុមហ៊ុនផលិតស្រាបៀរ​ធំ​បំផុត​មួយ​ក្នុង​ប្រទេស ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា មាន​ភាព​សកម្ម​ខ្លាំង​នៅ​ក្នុង​សង្គម​កម្ពុជា ដែល​ហេតុ​ដូច្នេះ​ហើយ​បានជា​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នេះ​មាន​សារៈសំខាន់​ខ្លាំង​”​ ។

ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា បាន​វិនិយោគ​ទឹកប្រាក់​ចំនួន​ជាង ២៣០​ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ទៅ​ក្នុង​រោងចក្រ​ផលិត​ស្រា​បៀរ​របស់​ខ្លួន​នៅ​កម្ពុ​ជានា​អំឡុង​ពេល ៥ ​ឆ្នាំ​កន្លង​ចុង​ក្រោយ​នេះ​ ។ បច្ចុប្បន្ន ក្រុមហ៊ុនផលិតស្រាបៀរ​ចំនួន ៥ ​ម៉ាក​យីហោ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​អនុលោម​តាម​ស្តង់ដារ​គុណភាព​ខ្ពស់​បំផុត ​។ ផលិត​ចេញពី​គ្រឿងផ្សំ​ធម្មជាតិ ១០០% ក្នុង​ប្រទេស​កម្ពុជា ផលិតផល​របស់​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា រួម​មាន ស្រា​បៀរ Heineken®, ABC, Tiger, Anchor និង Gold Crown​ ។

ស្ថិត​ក្រោម​ពាក្យស្លោក “​ចូលរួម​អភិវឌ្ឍ​ពិភពលោក​ដ៏​ល្អ​ប្រសើរ​” ក្រុមហ៊ុន ហ៊ិ​ន​នី​គែន (​ខេ​ម​បូ​ឌា​) បាន​កាត់​បន្ថយ​បរិមាណ​ទឹក​យ៉ាងច្រើន​ដែល​ក្រុមហ៊ុន​ប្រើប្រាស់​ដើម្បី​ផលិត​ស្រា​បៀរ​របស់​ខ្លួន ដោយ​សម្រេច​បាន​ឋានៈ​ថា​ជា​ក្រុមហ៊ុនផលិតស្រាបៀរ​ដែល​មាន​ប្រសិទ្ធភាព​សន្សំ​សំចៃ​ទឹក​បំផុត​មួយ​នៅ​ទូ​ទាំង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ ។ ក្រុមហ៊ុន​ក៏​បាន​កាត់​បន្ថយ​ការ​បញ្ចេញ​កាបូនឌីអុកស៊ីត ៥០% ផង​ដែរ​គិត​ចាប់ពី​ឆ្នាំ ​២០១៣​ មក ​។ ក្រុមហ៊ុន​បាន​វិនិយោគ​ទឹកប្រាក់​រាប់​លាន​ដុល្លារ​លើ​រោងចក្រ​ប្រព្រឹត្តិកម្ម​សំណល់​រាវ​នៅ​រោងចក្រ​ផលិត​ស្រា​បៀរ​របស់​ខ្លួន​នៅ​ជាយ​រាជធានី​ភ្នំពេញ ដែល​ជា​រោងចក្រ​ប្រព្រឹត្តិកម្ម​សំណល់​រាវ​ដំបូង​គេ​ក្នុង​ប្រទេស​កម្ពុជា ​។ ក្រុមហ៊ុន​ក៏​ប្រើប្រាស់​ឡើង​វិញ​នូវ​ជីវឧស្ម័ន​សម្រាប់​ថាមពល​កម្តៅ​ផង​ដែរ​ ។

ក្រុមហ៊ុន ហ៊ិ​ន​នី​គែន (​ខេ​ម​បូ​ឌា​) ក៏​មាន​បំណង​លើកកម្ពស់​ការ​ពិសារ​គ្រឿង​ស្រវឹង​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ផង​ដែរ​ ។ ១០% នៃ​ថវិកា​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ម៉ាក​យីហោ Heineken® ត្រូវ​បាន​ចំណាយ​លើ​ការ​ផ្សព្វផ្សាយ​ការ​ពិសារ​គ្រឿង​ស្រវឹង​ប្រកបដោយ​ការ​ទទួលខុសត្រូវ ជាមួយនឹង​យុទ្ធ​ន​ាការ “​ពេល​ស្រវឹង សូមកុំ​បើកបរ​”​ ។ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ក៏​គាំទ្រ​ដល់​ការ​បង្ហាញ​តម្លាភាព​ផង​ដែរ​តាម​រយៈ​ការ​ផ្តល់​ព័ត៌មាន​អំពី​គ្រឿងផ្សំ និង​កម្រិត​អាហារូបត្ថម្ភ​នៅ​លើ​ស្រា​បៀរ​គ្រប់​ម៉ាក​យីហោ​ទាំងអស់​របស់​ខ្លួន​ ៕ ដោយ​សហការ