ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កម្មវិធីតាំងពិព័រណ៍ «សិល្បៈនៃការចែករំលែក» បរិច្ចាគថវិកា ៦ម៉ឺនដុល្លារ ដល់អង្គការចំនួនបី !

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃពុធ ទី ២៤ខែមីនា ឆ្នាំ ២០២១ អង្គការក្នុងស្រុកចំនួនបី រួមមាន ៖…

រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃពុធ ទី ២៤ខែមីនា ឆ្នាំ ២០២១ អង្គការក្នុងស្រុកចំនួនបី រួមមាន ៖ អង្គការមនុស្សចាស់កម្ពុជា, អង្គការចិត្តសង្គមអន្តរវប្បធម៌កម្ពុជា (ឬ អង្គការធីភីអូកម្ពុជា) និងអង្គការបុត្តាភិបាល​ដើម្បី​វឌ្ឍនសង្គមកម្ពុជា បានទទួលថវិកាសប្បុរសធម៌ ២ម៉ឺនដុល្លារ ក្នុងមួយអង្គការ សរុប ៦ម៉ឺនដុល្លារ ដែលរៃអង្គាស​បាន​ពី​​ការតាំងពិព័រណ៍ «សិល្បៈនៃការចែករំលែក» ធ្វើឡើងនៅសារមន្ទីរ​សេដ្ឋកិច្ច​ និង​រូបិយ​វត្ថុ​ ព្រះ​ស្រី​ឦសាន​វរ្ម័ន កាលពី​ពេល​កន្លងទៅនេះ ។

នេះគឺជាដំណាក់កាលទីមួយនៃការប្រគល់ថវិកាសប្បុរសធម៌ដែលរៃអង្គាសបាន ដែលក្នុងនោះអង្គការនីមួយៗ​ទទួលបាន​ទឹកប្រាក់ ២ម៉ឺនដុល្លារ សម្រាប់ប្រើប្រាស់ក្នុងឆ្នាំ ២០២១ ហើយនឹងបន្តទទួលថវិកាដែលនៅសេសសល់បន្ថែមទៀតក្នុងឆ្នាំ ២០២២ និង ២០២៣ ស្របទៅតាមតម្រូវការសកម្មភាពជាក់ស្តែងរបស់អង្គការនីមួយៗ ។ យោងតាមអ្នករៀបចំកម្មវិធី ការប្រគល់ថវិកាជាដំណាក់កាលបែបនេះ ជួយរក្សានិរន្តរភាពថវិកាសម្រាប់អង្គការ និងផ្តល់ប្រយោជន៍ដល់សហគម​ទទួលផលបានយូរអង្វែង ។

This image has an empty alt attribute; its file name is 861eed20f0f6bfaaed46f8c8fe9c4d9d-scaled.jpg

កាលពីប្រមាណបីខែមុន លោកជំទាវ ជា សិរី និងកញ្ញា អាដាណា ម៉ម-ឡឺហ្គ្រោស ដែលជាម្ចាស់ស្នាដៃសិល្បៈ បានផ្តួចផ្តើម​រៀបចំការតាំងពិព័រណ៍សប្បុរសធម៌ «សិល្បៈនៃការចែករំលែក» នេះឡើងដើម្បីចែករំលែកសារវិជ្ជមានអំពីការបន្តមាន​ក្តីសង្ឃឹម និងសាមគ្គីភាព នៅក្នុងពេលវេលាដ៏លំបាកនិងតានតឹងនេះ ។ ផ្ទាំងគំនូរសិល្បៈរបស់វិចិត្រការនីទាំងពីរសរុបជាង ​២០ផ្ទាំង ត្រូវបាន​ដាក់តាំងពិព័រណ៍ជាសាធារណៈអស់រយៈពេលជិតពីរខែ នៅសារមន្ទីរស.ស.រ និងលើបណ្តាញសង្គម ។

រហូតមកទល់បច្ចុប្បន្ននេះ ស្នាដៃគំនូរទាំងអស់ដែលបានដាក់តាំងត្រូវបានលក់ដាច់ ឬត្រូវគេដេញថ្លៃយក ដែលជាប្រភព​មួយផ្នែកធំនៃថវិកាដែលយក មកបរិច្ចាគដល់អង្គការទទួលផលទាំងបីក្នុងថ្ងៃនេះ ។ យោងតាមអ្នករៀបចំកម្មវិធី ការតាំង​ពិព័រណ៍សប្បុរសធម៌ «សិល្បៈនៃការចែករំលែក» គឺជាការជោគជ័យដ៏លើសលុប និងលើសការរំពឹងទុកទាំងអស់ ។

លោកជំទាវ ជា សិរី បានមានប្រសាសន៍ថា «ខ្ញុំពិតជាមានក្តីសោមនស្សរីករាយ ដែលបានឃើញភាពជោគជ័យនៃការ​តាំង​ពិព័រណ៍ «សិល្បៈនៃការចែករំលែក” និងការគាំទ្រដ៏លើសលុបពីបងប្អូនទាំងអស់គ្នា ។ យើងផ្តួចផ្តើមការតាំង​ពិព័រណ៍នេះ​ឡើង ដើម្បីជាប្រយោជន៍ដល់សង្គម និងបំផុសស្មារតីសាមគ្គីភាព ហើយខ្ញុំអាចនិយាយបានថា យើងសម្រេច​គ្រប់​គោលដៅ​ទាំងអស់ ទាំងការរៃអង្គាសថវិកា និងការចែករំលែកសាររបស់កម្មវិធីនេះ ។ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះ​បងប្អូនពូមីងទាំងអស់ ដែលបានចូលមើលការតាំងពិព័រណ៍របស់យើងដោយផ្ទាល់ ឬលើបណ្តាញសង្គម បានជួយទិញគំនូរ​ឬវត្ថុអនុស្សាវរីយ៍ បានបរិច្ចាគជាថវិកា និងបានបង្ហាញការគាំទ្រចំពោះកម្មវិធីរបស់យើង» ។

This image has an empty alt attribute; its file name is 5df7d5324e1346df2320a008f4423d2f-scaled.jpg

កញ្ញា អាដាណា ម៉ម-ឡឺហ្គ្រោស បាននិយាយទាំងភាពរីករាយថា «ខ្ញុំមានក្តីរំភើបដោយបានឃើញបងប្អូន​គ្រប់គ្នាគាំទ្រ និង​ផ្តល់ក្តីស្រឡាញ់ចំពោះ​ការតាំងពិព័រណ៍ «សិល្បៈនៃការចែករំលែក» យ៉ាងច្រើនបែបនេះ ។ វាជាសក្ខីភាពដែលបង្ហាញយ៉ាង​ច្បាស់ថា យើងអាចបង្កើតការផ្លាស់ប្តូរវិជ្ជមានជាច្រើន នៅពេលយើងរួមសាមគ្គីគ្នាដោយសុច្ឆន្ទៈ មិនថាកាលៈទេសៈលំបាក​យ៉ាងណា​ក៏ដោយ ។ ថវិកាដែលរៃអង្គាសបានពីការលក់គំនូរ ជាដើម នឹងត្រូវប្រើប្រាស់ដើម្បីជួយគាំទ្រ​សកម្មភាពអង្គការ​ទទួលផល​ទាំងបី ដូចអ្វីដែលបានគ្រោងទុក» ។

លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា នាយកប្រតិបត្តិរបស់អង្គការធីភីអូ ដែលជាអង្គការឈានមុខគេមួយក្នុងវិស័យសុខភាព​ផ្លូវចិត្ត បានមានប្រសាសន៍ថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវ ជា សេរី និងកញ្ញា អាដាណា ម៉ម-ឡឺហ្គ្រោស ដែលបានផ្តួចផ្តើមរៀបចំការតាំងពិព័រណ៍ «សិល្បៈនៃការចែករំលែក» នេះឡើង ដើម្បីរៃអង្គាសថវិកា​សម្រាប់​គាំទ្រ​អង្គការក្នុងស្រុក ។ នៅក្នុងគ្រាដ៏លំបាកនេះ វាពិតជាសំខាន់ណាស់ដែលយើងត្រូវរួមគ្នា និងជួយគ្នាទៅវិញទៅមក ។ ខ្ញុំសង្ឃឹមថា ការតាំងពិព័រណ៍នេះនឹងក្លាយជាគំរូដ៏មានឥទ្ធិពលមួយ ហើយមនុស្សជាច្រើននឹងដើរតាមគំរូនេះ ដើម្បីបង្កើត​ប្រយោជន៍​ជាក់ស្តែងនៅក្នុងផ្នែកជាច្រើននៃសង្គមជាតិរបស់យើង» ។

លោក ឆាយ​​​ វីវូឌីន នាយកប្រតិបត្តិនៃអង្គការបុត្តាភិបាលដើម្បីវឌ្ឍនសង្គមកម្ពុជា បានថ្លែងដូចគ្នាថា «អង្គការយើងខ្ញុំ​ពិតជា​មានកិត្តិយស និងរីករាយដែលត្រូវបានជ្រើសរើសជាអង្គការទទួលផលមួយរបស់កម្មវិធីតាំងពិព័រណ៍ «សិល្បៈនៃការចែក​រំលែក» ។ ថវិកាសប្បុរសធម៌ដែលរៃអង្គាសបានតាមរយៈការតាំងពិព័រណ៍នេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រ​ប្រតិបត្តិការ និងសកម្មភាពរបស់អង្គការយើងខ្ញុំ ។ ថ្ងៃនេះគឺជាថ្ងៃដ៏អស្ចារ្យសម្រាប់យើងខ្ញុំ តែនៅមានអង្គការក្នុងស្រុក​ជាច្រើន ដែលកំពុងធ្វើការលើគម្រោងមានសារសំខាន់នានា ហើយត្រូវការជំនួយនិងការគាំទ្ រ។ ដូច្នេះ ខ្ញុំសង្ឃឹមថា នឹងមាន​សប្បុរសជនរៀបចំសកម្មភាពបែបនេះអោយបានកាន់តែច្រើនទៅមុខទៀត» ។

This image has an empty alt attribute; its file name is ddc612a6c56d2ff104d1250b9600d599-scaled.jpg

លោក ទុំ វីរ៉ា នាយកប្រតិបត្តិអង្គការមនុស្សចាស់កម្ពុជា បានមានប្រសាសន៍ថា «ការតាំងពិព័រណ៍សប្បុរសធម៌នេះមិនត្រឹម​តែបានគៀងគរមូលនិធិដ៏មានតម្លៃសម្រាប់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានទាញការចាប់អារម្មណ៍បន្ថែមទៀតទៅលើ​ជីវភាពរបស់ក្រុមប្រជាជនងាយរងគ្រោះ នៅពេលវេលាមួយដ៏លំបាកដូចសព្វថ្ងៃនេះ ។ ថវិកាដែលយើងទទួលបាន​ថ្ងៃ​នេះ​នឹងចូលរួមចំណែកយូរអង្វែងក្នុងការគាំទ្រអង្គការមនុស្សចាស់កម្ពុជា និងជនចាស់ជរាដែលយើងកំពុងផ្តល់ជំនួយ ។ ខ្ញុំមិនមានអ្វីក្រៅពីការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអ្នករៀបចំការតាំងពិព័រណ៍ និងបងប្អូនទាំងអស់គ្នា​ដែលបានគាំទ្រយើងខ្ញុំនិងកម្មវិធីនេះ» ៕