ឆៃយ៉ាំជាសិល្បៈដែលស្គាល់គ្រប់គ្នា ដោយតែងតែបានទស្សនាជា រឿយៗ ប៉ុន្តែពុំដឹងប្រវត្តិនៃសិល្បៈនេះទេ ។ សៀវភៅរបាំប្រជាប្រិយខ្មែរ របស់ពុទ្ធសាសនបណ្ឌិត្យសរសេរថា តាមឯកសារដែលយើងមានក្ដី តាមការសាកសួរដល់វង់ភ្លេងនៃឆៃយ៉ាំផ្ទាល់ក្ដី ពុំសូវបានព័ត៌មានច្បាស់លាស់គួរឱ្យយកជាការបានច្រើនជាក់ស្ដែងឡើយ ។ ហេតុនេះការស្រាវជ្រាវរកប្រវត្តិនៃរបាំនេះពិតជាស្ថិតនៅក្នុងភាពពុំទាន់ច្បាស់មែនទែននៅឡើយទេ ប៉ុន្តែបើនិយាយតាមសេចក្ដីពិនិត្យហើយធៀបផ្ទឹមជាមួយប្រវត្តិសាស្ត្រវិញ យើងពិតជារកឃើញដានខ្លះល្មមលើកយកមកបំភ្លឺបានជាគតិគ្រាន់នឹងជួយអ្នកស្រាជ្រាវ តៗ ទៅឱ្យរកឃើញការណ៍ពិត ។
ការដែលសន្និដ្ឋានបានខ្លះនោះ គឺរបាំឆៃយ៉ាំប្រាកដជាមានសំណល់សល់មកពីអារ្យធម៌ចាស់របស់មនុស្សដើម ជាពិសេសពពួកអ្នករស់នៅលើទឹកដីខ្មែរនេះឯង ។ ដ្បិតជាធម្មតា តែកាលណាមនុស្សមានកំណើតឡើងមនុស្សក៏ត្រូវការចាំបាច់នឹងសិល្បៈភ្លាមដែរ តែសិល្បៈដើមដំបូងនោះមនុស្សយើងពុំទាន់បាននឹកឃើញបង្កើតឱ្យប្លែកៗជាក្បាច់ក្បូរបែបបទ វិសេសៗដូចសព្វថ្ងៃនេះទេ គឺមនុស្សនៅនិយមតាមលក្ខណៈដើមរបស់ខ្លួនជាដរាប ។ បានសេចក្ដីថា បើកាលនោះមនុស្សមានទម្លាប់ធ្វើឫកពាយ៉ាងណាសិល្បៈក៏ចេញមកបែបយ៉ាងនោះ ។

ដូច្នេះហើយបានជារបាំឆៃយ៉ាំប្រកបដោយក្បាច់លោតហក់កញ្ឆក់កញ្ឆោងខ្លួនប្រាណ និងស្រែកបែប ផ្អើលៗឱ្យសមទំនងតាមមនុស្សដែលពុំទាន់មានវឌ្ឍនធម៌នៅឡើយ ។ យើងជឿមួយចំណែកទៀតថា កាលបើកើតបានជាក្រុម ឬជាបែបសិល្បៈមួយឡើងហើយ បែបបទនេះក៏មិនមែននៅនឹង ដដែលៗឡើយ គឺថាមុខជាមានវិវឌ្ឍជាដរាប តាមសម័យកាលនៃមនុស្សជាតិដែលតែងតែប្លែកឡើង បន្តិច ម្ដងៗ ជាលំដាប់ ។ ដូចជាដំបូងមនុស្សគ្រាន់តែចេះលោតៗពុំចាំបាច់គិតពីក្បាច់ឱ្យត្រូវតាមក្បួនខ្នាតអ្វីទេ ឯសម្រែកវិញគ្រាន់តែបន្លឺអូ-ហេ-អា ពុំបាច់ទាមទារតាមក្បួនឱ្យមានន័យថាអ្វីឡើយ គឺគ្រាន់តែឱ្យផ្ទុះសេចក្ដីសប្បាយរីករាយប៉ុណ្ណោះ ។
ចំណេរតមកគ្រាដែលមនុស្ស ចេះតាក់តែងសិល្បៈឱ្យមានក្បួនខ្នាតឡើង ឆៃយ៉ាំក៏មានជាចង្វាក់បទសម្រាប់ឡក មានប្រដាប់ភ្លេងឱ្យសព្ទសូរស្របគ្នាបែបបទ មានសម្លៀកបំពាក់កាន់តែជិតដិតដែរ ។ លុះមកដល់គ្រាសព្វថ្ងៃប្រហែលជាមួយសតវត្សរ៍មកហើយ របាំនេះក៏ប្ដូរស្នូរស្រែកឱ្យមានន័យខ្លះឡើង ស្លៀកពាក់ឱ្យសមតាមកាលសម័យ ក្បាច់ហក់លោតក៏ពត់ឱ្យមានបែបផែនសមរម្យឡើងផង ។
សរុបសេចក្ដីទៅឃើញថា របាំឆៃយ៉ាំ កើតមានឡើងតាំងពីសម័យមនុស្សដើមជាពួករដ្ឋវាសី មុនគ្រឹស្ដសករាជ តែតែងមានការកែប្រែជារឿយៗ ។ ស្របនឹងការវិវឌ្ឍនៃបណ្ដាជនគ្រប់តែសតវត្ស តៗគ្នាមក រហូតដល់សព្វថ្ងៃក៏មានបែបផែនសមរម្យឡើង ប៉ុន្តែមិនលះបង់លក្ខណៈមនុស្សដើមឡើយ ដូចជាក្បាច់ក្រមិចក្រមើមញាក់ញ័រខ្លួនជាដើម ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ