ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​កុមារី​លក់នំក្រូច​ក្លាយ​ទៅ​ជា​តារា​សម្ដែង​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ពី​មុន​ជា​អ្នក​លក់នំក្រូច​ តែ​បច្ចុប្បន្ន​ជា​តារា​កំពុង​ប្រឹង​ប្រែង​រះ​លើ​វេហាស៍​សិល្បៈ​ គឺ​កញ្ញា​រាង​តូច​ស្រឡូន​ ញញឹម​ស្រស់​ប៉ប្រិម​មិុច​ ម៉ារីកា​ ។​តាម​រយៈ​ទូរទស្សន៍​បាយ័ន​ តារា​ថ្មី​ម៉ារី​កា​ កំពុង​បង្ហាញ​ទេព​កោសល្យ​ជា​តួឯក​​ក្នុង​រឿង​បុរាណ​ «ព្រះធិនវង្ស​ នាង​ពៅ​»​ ។​

រាជធានីភ្នំពេញ​ ៖ ពី​មុន​ជា​អ្នក​លក់នំក្រូច​ តែ​បច្ចុប្បន្ន​ជា​តារា​កំពុង​ប្រឹង​ប្រែង​រះ​លើ​វេហាស៍​សិល្បៈ​ គឺ​កញ្ញា​រាង​តូច​ស្រឡូន​ ញញឹម​ស្រស់​ប៉ប្រិម​មិុច​ ម៉ារីកា​ ។​តាម​រយៈ​ទូរទស្សន៍​បាយ័ន​ តារា​ថ្មី​ម៉ារី​កា​ កំពុង​បង្ហាញ​ទេព​កោសល្យ​ជា​តួឯក​​ក្នុង​រឿង​បុរាណ​ «ព្រះធិនវង្ស​ នាង​ពៅ​»​ ។​

កញ្ញា​មិុច​ ម៉ារីកា​ ជា​អ្នក​ស្រុក​បាទី​ ខេត្ដ​តា​កែវ​ ។ នាង​រៀន​ចប់​ថ្នាក់​ទី​១២​ នៅ​វិទ្យា​ល័យ​ហ៊ុនសែន​ ប៊ុន រ៉ានី​ បាទី​ ។​ ក្នុង​វង្ស​ត្រកូល​របស់​ស្រីស្អាត​រូប​នេះ​មិន​មាន​អ្នក​ណា​ប្រឡូក​ក្នុងពិភព​សិល្បៈ​ក្រៅ​ពី​រូប​នាង​ទេ​ ។ ដោយ​ស្រឡាញ់​សិល្បៈ​តាំង​ពី​ក្មេង​ ពេល​មក​នៅ​ភ្នំពេញ​ ម៉ារីកា​ក៏​ចាប់​អាជីព​ជា​អ្នក​សម្ដែង​ ។ ការ​ឈាន​ជើង​ចូល​ពិភព​សិល្បៈ​ដំបូង​ដោយ​សារ​អ្នក​ដឹក​នាំ​រឿង​ចាប់​អារម្មណ៍​ចំពោះ​រូប​នាង​ ហើយ​ឱ្យ​សាកល្បង​ទេព​កោសល្យ ។ ការ​សាក​ល្បង​ទេព​កោសល្យ​របស់​ម៉ារីកា​បាន​ទទួល​លទ្ធផល​ល្អ​ គឺ​អ្នក​ដឹក​នាំ​រឿង​ពេញ​ចិត្ដ​ ដូច្នេះ​ហើយ​នាង​ក៏​មានឱកាស​ចូល​រួម​សម្ដែង​ជា​បន្ដ​បន្ទាប់​ ។​ ក្រៅ​​ពី​សម្ដែង​កាយវិការ​ខារ៉ាអូខេ​ឱ្យ​ផលិត​កម្ម​នៅ​ក្រៅ​ប្រទេស​ ម៉ារីកា​ទទួល​បាន​ការ​សរសើរ​ចំពោះ​ទេព​កោសល្យ​សម្ដែង​ពី​មហា​ជន​ក្នុង​រឿង​ «ម្ដាយ​ក្មេក​រើស​កូន​ប្រសា»​ និង​រឿង​កំពុង​តែ​ចាក់​បញ្ចាំង​នៅ​ទូរទស្សន៍​ប៉ុស្ដិ៍​បាយ័ន​ «ព្រះ​ធិន​វង្ស​ នាង​ពៅ​»​ ។​ អ្នក​ទស្សនា​សរសើរថា​ នាង​សម្ដែង​សម​ តែ​នាង​មិន​ហ៊ាន​ទទួល​ទេ​ ព្រោះ​នាង​ជា​តារា​ថ្មី​ខ្ចី​បទ​ពិសោធន៍​ និង​យល់​ថា​នៅ​ខ្វះ​ចន្លោះ​ច្រើន​ទៀត​ដែល​ត្រូវ​កែលម្អ​។

កាល​ពី​ពេល​ ថ្មីៗ​នេះ​កញ្ញា​មិុច​ ម៉ារីកា​ និយាយ​ថា ការ​សម្ដែង​រឿង​បុរាណ​ ពី​ដំបូង​នាង​គិត​ថា​ ប្រហែល​ជា​មិន​អាច​សម្ដែង​បានទេ​ តែ​បាន​លោក​ អ៊ុន​ សុធា ដែល​ជា​តួ​ឯក​ប្រុស​ជួយ​ពន្យល់​ណែ​នាំ​ច្រើន​ពី​របៀប​យំ​ ព្រោះ​នាង​អត់​ពូកែ​យំ​ប៉ុន្មាន​ទេ​ ។​ ​លើស​ពី​នេះ​ អ្នក​ដឹក​នាំ​រឿង​ក៏ជួយ​ណែ​នាំ​ច្រើន​ពី​របៀប​សម្ដែង​ ។​
បច្ចុប្បន្ន​កញ្ញា​មុិច​ ម៉ារីកា​ កំពុង​ចូលរួម​សម្ដែង​ជា​តួអង្គ​មួយក្នុង​រឿង​ភាគ​ «ទឹក​ចិត្ដ​ប្រពន្ធ​» របស់ស្ថានីយ​ទូរទស្សន៍​CTN ដែល​គ្រោង​នឹង​ចាក់​ផ្សាយ​នា​ពេល​ខាង​មុខ​ ។

តារា​ថ្មី​មួយ​ដួង​នេះ​តាំង​ចិត្ដ​ខិត​ខំ​សម្ដែង​ឱ្យ​ល្អ​ជាង​នេះ​ទៀត​ ព្រោះ​ពេល​នេះ​នាង​មក​ដល់​ពាក់​កណ្ដាល​ផ្លូវ​សិល្បៈ​ហើយ​មិន​អាច​ឈប់​ ឬ​ដើរ​ចោល​ឡើយ​ ។ នាង​យល់​ថា​ អ្វី​ទាំង​អស់​ឱ្យ​តែ​យើង​ខិត​ខំ​នឹង​បានសម្រេច​ ។

នារី​កម្ពស់​១,៦២​ម៉ែត្រ​ សម​នឹង​ដង​ខ្លួន​តូច​ស្រឡូន​រូប​នេះ​មាន​បងប្អូន​៣​នាក់​ ក្នុង​នោះ​ស្រី​២​នាក់​ ចំណែក​នាង​ជា​កូន​ច្បង​ ។ ជីវិត​ម៉ារីកា​ដណ្ដប់​ដោយ​ភាព​កំព្រា​ ព្រោះ​នាង​គ្មាន​ឪពុក​ម្ដាយ​នឹង​គេទេ ដោយ​ពួក​គាត់​បាន​ស្លាប់​តាំង​ពី​នាង​អាយុ​៧​ឆ្នាំ​ ។​ នៅ​ពេល​បាត់​បង់​អ្នក​មាន​គុណ​ អ្នក​គ្រប់​គ្រង​ជីវិត​ម៉ារីកា​ គឺ​ម្ដាយ​មីង​ និង​លោក​តា​របស់​នាង​ ។​ ម្ដាយ​មីង​របស់នាង​ប្រកប​របរ​លក់​នំ​កង​ និង​នំក្រូច​ នៅ​ផ្សារ​សំរោង​យ៉ោង​​ ស្រុក​បាទី​ ខេត្ដ​តាកែវ​ ។

កញ្ញា​ម៉ារីកា​បាន​ជួយ​លក់នំ​​ម្ដាយ​មីង​តាំង​ពី​នៅតូច​ ដូច្នេះ​ហើយ​នាង​យល់​ពី​ជីវិត​រស់​នៅ​ ពី​ការ​រក​ប្រាក់​ដែល​កើត​ចេញ​ពី​ញើស​ឈាម​ ។ ពិសេស​ក្នុង​នាម​ជា​កូន​កំព្រា​ នាង​កាន់​តែ​យល​់​ពី​អ្វី​ដែល​ហៅ​ថា​ ការ​តស៊ូ​ និង​អ្វី​ទៅ​ល្អ​អាក្រក់​ និង​អ្វី​ទៅ​ជា​គុណ​ស្រ័យ​ ។​ នាង​អាច​រស់​រាន​មក​ទល់​ពេល​នេះ​ បាន​មីង​និង​លោក​តា​ជួយ​ ព្រម​ទាំង​បងប្អូន​សាច់ញាតិ​ទាំង​អស់​ដែល​ជួយ​មើល​ថែ​ និង​ឱ្យ​រៀន​សូត្រ​មាន​ចំណេះ​ដឹង​ ។

កូន​កំព្រា​ម៉ា​រីកា​ ដឹង​គុណ​អ្នក​ជួយ​ចិញ្ចឹម​នាង​ និង​បងប្អូន​ ពេល​គ្មាន​ឪពុក​ម្ដាយ​ ហើយ​នាង​តាំង​ចិត្ដ​នឹង​តប​ស្នង​ពួកគាត់​វិញ​ដូច​កូន​សង​គុណ​ឪពុក​ម្ដាយ​ដែរ​ ។​ លើស​ពី​នេះ​ នាង​សន្យា​ថា​ធ្វើ​ អ្វីៗ​ដែល​ល្អ​មិន​ឱ្យ​ពួក​គាត់​ពិបាក​ចិត្ដ​ឡើយ​ ។ បច្ចុប្បន្ន​ក្ដី​ប្រាថ្នា​ធំ​មួយ​របស់​នារី​ស្អាត​រូប​នេះ​ គឺ​ចាប់​យក​អនាគត​ជា​តារា​សម្ដែង​ភ្លឺ​ចែង​ចាំង​ និង​ជា​ទី​ពេញ​ចិត្ដ​របស់​មហាជន​ ៕