រាជធានីភ្នំពេញ, ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១៩ ៖ អេសស៊ីជី ជាក្រុមហ៊ុនឈានមុខគេផ្នែកសម្ភារសំណង់នៅអាស៊ាន បានបន្តនូវការជួយដល់យុវជនកម្ពុជា ដោយបានបង្កើតនូវកម្មវិធី «អេសស៊ីជី ចែករំលែកក្តីសុបិន» ឆ្នាំទី៦ ដែលបានផ្តល់អាហារូបករណ៍ដល់សិស្សចំនួន ២៧០ នាក់ ដែលមានទឹកប្រាក់សរុបចំនួន 62,000 ដុល្លារ ជាមួយនឹងបំណងប្រាថ្នាក្នុងការផ្តល់ឱកាសដ៏ល្អប្រសើរសម្រាប់សិស្សដែលមានអាកប្បកិរិយាល្អ និងជួយពួកគាត់ឱ្យសម្រេចនូវបំណងប្រាថ្នាក្នុងការសិក្សារបស់ខ្លួន ។

លោក Paramate Nisagornsen អគ្គនាយករងអាជីវកម្មក្នុងតំបន់នៃក្រុមហ៊ុនសម្ភារសំណង់ អេសស៊ីជី បានចាប់ផ្តើមនូវកម្មវិធីប្រគល់វិញ្ញាបនបត្រអាហារូបករណ៍ អេសស៊ីជី លើកទី ៦ ក្នុងសាលនៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ ដែល អេសស៊ីជី នៅតែបន្តនូវកម្មវិធី «អេសស៊ីជី ចែករំលែកក្តីសុបិន» ជាមួយឆន្ទៈមុះមុតក្នុងការជួយដល់សិស្សដែលមានអាកប្បកិរិយាល្អ និងមានការប្តេជ្ញាចិត្តក្នុងការសិក្សា ប៉ុន្តែជួបនឹងវិបត្តិហិរញ្ញវត្ថុ ។ ដោយផ្តោតលើបំណងប្រាថ្នាដើម្បីផ្តល់នូវឱកាសសិក្សាដ៏ល្អប្រសើរ អេសស៊ីជី បានផ្តល់អាហារូបករណ៍ចំនួន ២៥០ នាក់សម្រាប់ថ្នាក់វិទ្យាល័យ និង ២០ នាក់សម្រាប់ការជួយជាបន្តបន្ទាប់សម្រាប់ថ្នាក់សាកលវិទ្យាល័យ ។

លោក Paramate បានមានប្រសាសន៍ថា «អេសស៊ីជី ជឿជាក់ថា ធនធានមនុស្សគឺជាទ្រព្យសម្បត្តិដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍ប្រទេស ។ នេះជាឆ្នាំទី ៦ ហើយសម្រាប់កម្មវិធីមួយនេះ ។ អេសស៊ីជី បានយល់ឃើញថាថ្នាក់វិទ្យាល័យ គឺជាដំណាក់កាលសំខាន់បំផុតសម្រាប់សិស្សានុសិស្ស ។ ព្រោះពួកគាត់ត្រូវត្រៀមខ្លួនប្រលងថ្នាក់ជាតិ និងបន្តចូលថ្នាក់សាកលវិទ្យាល័យ ។ ទោះបីជាយ៉ាងណាក៏ដោយប្រសិនបើពួកគាត់មិនអាចផ្តោតលើការសិក្សាបាននោះពួកគាត់នឹងបាត់បង់ឱកាសមួយនេះ ។ ដូច្នេះទើបយើងនៅតែបន្តផ្ដល់អាហារូបករណ៍សម្រាប់ថ្នាក់វិទ្យាល័យ។

លោក Paramate បានមានប្រសាសន៍បន្តថា លើសពីនោះទៅទៀត យើងបានសម្រេចបន្ថែមអាហារូបករណ៍មួយកម្រិតទៀតដែលជាអាហារូបករណ៍ជួយក្នុងរយៈពេលយូរសម្រាប់អតីតសិស្សអាហារូបករណ៍ថ្នាក់វិទ្យាល័យដែលបានប្រឡងជាប់បាក់ឌុប និងចាប់ផ្តើមបន្តការសិក្សាឆ្នាំទីមួយនៅសាកលវិទ្យាល័យ ។ នេះគឺដើម្បីជួយឱ្យពួកគាត់អាចបន្តការសិក្សាបានកាន់តែខ្ពស់ដោយមិនចាំបាច់បារម្ភពីហិរញ្ញវត្ថុ ហើយអាចជួយឱ្យពួកគាត់អាចផ្តោតទៅលើការសិក្សាដើម្បីសម្រេចបំណងប្រាថ្នាសម្រាប់អនាគតដ៏ល្អប្រសើរ» ។

ដោយផ្តល់អាហារូបករណ៍លើសពី ២៥០ នាក់សម្រាប់ថ្នាក់វិទ្យាល័យ និងលើសពី ១០ នាក់សម្រាប់ថ្នាក់សាកលវិទ្យាល័យសម្រាប់ឆ្នាំនេះ សរុបជាទឹកប្រាក់លើសពី 62,400 ដុល្លារ ។ អេសស៊ីជី បានជួយដល់យុវជនកម្ពុជាចាប់តាំងពីឆ្នាំ ២០១៤ ដែលមកដល់ពេលនេះសរុបជាទឹកប្រាក់លើសពី 250,000 ដុល្លារ ។ កម្មវិធីនេះជាការសហការគ្នារវៀងក្រុមហ៊ុន អេសស៊ីជី ក្រសួងអប់រំ យុវជន និងកីឡា ជាមួយនឹងស្ថានទូតថៃ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា «ក្រុមហ៊ុន អេសស៊ីជី មិនត្រឹមតែវិនិយោគ និងបង្កើតការងារសម្រាប់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយបង្កើនធនធានមនុស្សសម្រាប់ការអភិវឌ្ឍន៍សហគមន៍ដែលក្រុមហ៊ុន អេសស៊ីជី បានដំណើរការអាជីវកម្មរបស់ខ្លួន ។ វាគឺជាការប្តេជ្ញាចិត្តដើម្បីបង្កើននូវជីវភាពរស់នៅឱ្យល្អប្រសើរសម្រាប់សហគមន៍ដែលយើងធ្វើការ និងរស់នៅ ។ ខ្ញុំសូមអរគុណដល់ក្រុមហ៊ុន អេសស៊ីជី សម្រាប់ការជួយដល់វិស័យអប់រំនៅកម្ពុជា ដោយបានផ្តល់អាហារូបករណ៍សម្រាប់សិស្សានុសិស្សកម្ពុជាចាប់តាំងពីឆ្នាំ ២០១៤ មកម្ល៉េះ» ។

ឯកឧត្តម Panyarak Poolthup ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានបន្ថែមទៀតថា «ខ្ញុំពិតជារីករាយខ្លាំងណាស់ដែលយើងបានឈានមកដល់ថ្ងៃនេះ ដោយដឹងថា ក្រុមហ៊ុន អេសស៊ីជី បានខិតខំប្រឹងប្រែង និងតែងតែបន្តជួយដល់ការអភិវឌ្ឍន៍ធនធានមនុស្សនៅប្រទេសកម្ពុជាតាមរយៈកម្មវិធីអាហារូបករណ៍ «អេសស៊ីជី ចែករំលែកក្តីសុបិន» ។ កម្មវិធីនេះ ជាយុទ្ធនាការមួយតែងតែបន្តឆ្ពោះទៅមុខជានិច្ចដែលវាបានឆ្លុះបញ្ចាំងនូវបំណងប្រាថ្នារបស់ក្រុមហ៊ុនក្នុងការដើរតួយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា» ។

មិនត្រឹមតែផ្តល់អាហារូបករណ៍ប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុន អេសស៊ីជី ក៏បានរៀបចំនូវកម្មវិធីជំនួយផ្លូវចិត្ត និងស្មារតី ដែលផ្តល់សង្ឃដីកាដោយ ភិក្ខុ វជិរប្បញ្ញោ គូ សុភាព ក្នុងប្រធានបទ «បន្តអនាគតរបស់យើងដោយផ្តោតទៅលើការអប់រំ ការអភិរឌ្ឍន៍សង្គម និងការថែរក្សាបរិស្ថាន» ។ វាគឺជាការបង្ហាញផ្លូវមួយសម្រាប់សិស្សានុសិស្ស ដើម្បីបន្តនូវបំណងប្រាថ្នារបស់ខ្លួន និងឱ្យយកចិត្តទុកដាក់លើនិរន្តរភាពនៃប្រទេសកម្ពុជា ។

បន្ទាប់ពីកម្មវិធីនេះចប់ អេសស៊ីជី ក៏បានផ្តល់ឱកាសដល់អតីតសិស្សអាហារូបករណ៍ អេសស៊ីជី ចែករំលែកក្តីសុបិន ដើម្បីចែករំលែកនូវបទពិសោធន៍របស់ខ្លួនដែលទទួលនូវការជួយជ្រោមជ្រែងពី អេសស៊ីជី ជាបន្តបន្ទាប់ ដូចជាការចូលរួមក្នុងកម្មវិធី បោះតង់ចែករំលែកក្តីសុបិន ក្នុងឆ្នាំ ២០១៩ ដែលបានប្រមូលផ្តុំដោយអតីតសិស្សអាហារូបករណ៍ អេសស៊ីជី ចែករំលែកក្តីសុបិននៅក្នុងតំបន់ ។

ក្រុមហ៊ុន អេសស៊ីជី បានចាប់ផ្តើមអាជីវកម្មរបស់ខ្លួនក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង ២០ ឆ្នាំ មកហើយ ដែលបានផ្តល់នូវផលិតផលសម្ភារសំណង់គ្រប់ប្រភេទ ។ ក្រុមហ៊ុនបានដំណើរការអាជីវកម្ម និងសកម្មភាពរបស់ខ្លួនក្រោមការប្តេជ្ញាចិត្តថា «បំណងប្រាថ្នាសម្រាប់អនាគតដ៏ប្រសើរ» ដែលមានគោលបំណងចង់ឱ្យកម្ពុជាទទួលបានអនាគតដ៏ប្រសើរ និងការរស់នៅដ៏ល្អប្រសើរ ៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)







ចែករំលែកព័តមាននេះ