កីឡាការិនី នៅ ស្រី​ពៅ ត្រូវ​គេ​រំពឹង​ថា​ជោគ​ជ័យ​នៅ​ស៊ី​ហ្គេ​ម​​ ក្រោយប​ញ្ច​ប់​​ហ្វឹកហាត់


រាជធានី​ភ្នំពេញ ៖ នៅ​ចុងឆ្នាំ​២០១៩​នេះ កីឡាការិនី​គុន​ខ្មែរ នៅ ស្រី​ពៅ នឹង​ចូលរួម​ការ ប្រកួត​ស៊ី​ហ្គេ​ម​លើក​ទី​៣០​នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន ខណៈ​ដែល​ក្នុង​ពេល​នេះ កញ្ញា​ត្រូវ​បាន​គ្រូបង្វឹក​បញ្ជូន​ឲ្យ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន​ជាមួយ មិត្ត​រួម​ក្រុម​គឺ វី ស្រី​ខួច និង​ម្ចាស់​មេដាយ​សំ​រឹ​ទិ្ធ ស៊ី​ហ្គេ​ម​២០១៧ លោក ណាត សៀ​ក​និ​ន ហៅ ពេជ្រ ម្ទេសខ្មាំង ។ ដំណើរ​ទៅ​ហ្វឹកហាត់​របស់​នាង​ត្រូវ​គេ​រំពឹង​ថា នឹង​អាច​ឲ្យ​នាង​ដណ្ដើម​បាន​មេដាយ​នៅ​ស៊ី​ហ្គេ​ម ក្នុង​ពេល​ដែល​នាង​គឺជា​ធនធាន​ខ្លាំង​ម្នាក់​មុន​សម្រេច​ជ្រើសរើស​ឲ្យ​ទៅ​ប្រកួត​នោះ ។

នៅ ស្រី​ពៅ បាន​ចេញដំណើរ​ទៅ​ហ្វឹកហាត់នៅ​ប្រទេស​ជប៉ុន ក្រោម​ការ​ដឹកនាំ​ដោយ​គ្រូបង្វឹក ប្រដាល់សកល​ជម្រើសជាតិ​លោក វ៉ែន សុផល ជា​ច្រើន​ថ្ងៃ​មក​ហើយ ដោយ​គម្រោង​ហ្វឹកហាត់
នឹង​ចប់​នៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា មុន​ចេញដំណើរ​ទៅ​ប្រកួត​ជា​ផ្លូវការ​តំណាង​ឲ្យ​ជាតិ​នៅ​ស៊ីហ្គេ​ម​តែ​ម្ដង ។ អ្នកគាំទ្រ​ជឿជាក់​លើ​សមត្ថភាព​របស់ នៅ ស្រី​ពៅ ថា​អាច​នឹង​ទទួល​បាន​ជោគជ័យ ជូន​ជាតិ​មាតុភូមិ និង​បង្កើត​កំណត់​ត្រា​ថ្មី​សម្រាប់ កីឡាការិនី​ប្រដាល់សកល ។ ការ​ជឿជាក់​នេះ​ដោយសារ​តែ​យោង​លើ​ហេតុផល​២​គឺ ការ​តាំង ចិត្ត​និង​សមត្ថភាព ។

បើ​និយាយ​ពី​ការ​តាំងចិត្ត ដ្បិតតែ​ចាប់​អាជីព​ដំបូង​ជា​កីឡាការិនី​គុន​ខ្មែរ​នៅ​ក្លិប​តា​លី​ដំរី​មាន ឫទ្ធិ​មិនសូវ​បាន​ច្រើន​ឆ្នាំ ប៉ុន្តែ ស្រី​ពៅ បាន​វិ​វ​ឌ្ឍខ្លួន​ទៅ​ជា​កីឡាការិនី​ប្រដាល់សកល​គួរ​ឲ្យ​កត់ សម្គាល់ និង​មាន​សមត្ថភាព​ពិបាក​ឲ្យ​បរទេស​មើល​ស្រាល​រួច​ទៅ​ហើយ បើ​ធៀប​នឹង​កីឡាការិនី​ដែល​ប្រឡូក​ប្រដាល់​សាកល​ផ្សេង​ទៀត​។

ស្រី​ពៅ តែងតែ​បង្កើត​ក្ដី​ស្រមៃ​ដើម្បី​ដណ្ដើម​មេដាយ​នៅ​ស៊ី​ហ្គេ​ម​ជូន​អ្នកគាំទ្រ​នៅ​កម្ពុជា ស្រប
គ្នា​ដែល​នាង​ក៏​ប្រឹង​ហ្វឹកហាត់​យ៉ាង​ស្វាហាប់ជាងគេ​ជាង​ឯង​ដែរ ។

កីឡាការិនី​រូប​នេះ​និយាយ​ថា នាង​ទទួល​បានការ​ហ្វឹកហាត់​ល្អ​ប្រសើរ​ឡើង ជា​ពិសេស​បច្ចេក
ទេស ដោយ​លោកគ្រូ វ៉ែន សុផល ក៏​ចូលរួម បង្ហាត់​បន្ថែម ពីលើ​ការ​បង្វឹក​របស់​លោកគ្រូ​បង្វឹក​នៅ​ជប៉ុន​ផង​ដែរ ។ គ្រូបង្វឹក​ជប៉ុន​បង្ហាត់ បច្ចេកទេស​ល្អ​ណាស់ ទាំង​ការ​វាយ​ចេញ ការ គេច​ឲ្យ​រហ័ស និង​ប​ម្លា​ស់​ទី ។ លោកគ្រូ​បាន​ពន្យល់​នាង​ឲ្យ​ផ្ដោត​លើ​ចំណុច​ខ្វះខាត​ដូច​ជា បង្ហាត់​ល្បឿន​វាយ​ចេញចូល និង​ញាក់​ឆ្វេង​ស្ដាំ​ជាដើម​ឲ្យ​នាង​កាន់តែ​យល់​ដឹង​ថែម​ទៀត ។

ការ​ហ្វឹកហាត់​នៅ​ជប៉ុន​មាន​២​វេន ពេល​ព្រឹកចាប់ពី​ម៉ោង​៧​ដល់​ម៉ោង​១០ ឯ​ពេល​ល្ងាច​ពី​ម៉ោង ៥​ដល់​ម៉ោង​៨​យប់ ។ តាម​រយៈ​ការ​ត្រៀមខ្លួន ធ្វើ​ឲ្យ​នាង​មាន​ទំនុកចិត្ត​កាន់តែ​ខ្លាំង​ក្នុង​ប្រភេទ ទម្ងន់​ស្រាល​៥៣​ឬ​៥៤​គីឡូក្រាម​នៅ​ស៊ី​ហ្គេ​ម សម្រាប់​វិញ្ញាសា​ប្រដាល់​សាកល ។

សម្រាប់​បទ​ពិសោធន៍​វិញ កីឡាការិនី​រូប​នេះ ក៏​ប្រឡូក​មិន​តិច​ដែរ ទាំង​លើ​សង្វៀន​ជាតិ​និង​អន្តរ​ជាតិ ។ មិន​ត្រឹមតែ​ជា​ម្ចាស់​ខ្សែក្រវាត់​ក្នុង ស្រុក​នោះ​ទេ កីឡាការិនី​អាយុ​២៤​ឆ្នាំ​រូប​នេះ ក៏បាន​​បង្កើត​ភាព​ភ្ញាក់ផ្អើល​នៅ​សង្វៀន​លំដាប់​អន្តរជាតិ​មី​យ៉ា​ន់​ម៉ា ដោយ​ឈ្នះ​២​លើក​ជាប់​គ្នា កាល
ពី​ចុងឆ្នាំ​២០១៨ និង​ជាប់​ឈ្មោះ​ជា​កីឡាការិនី ឆ្នើម​ប្រចាំ​សង្វៀន​ទៀត​ផង ។

ជាមួយ​គ្នា​នេះ ក៏​មានបទពិសោធន៍​ទៅ​ប្រកួត​លើ​សង្វៀន​កម្រិត​ពិភពលោក ONE ២​លើក
កន្លង​ទៅ​ដែរ ដែល​ទទួល​បាន​លទ្ធផល​ឈ្នះ​១ លើក​និង​ចាញ់​១​លើក ។ ស្រី​ពៅ ឈ្នះ​កីឡា
ការិនី​មី​យ៉ា​ន់​ម៉ា Shwe Sin Min ២​ដង​នៅសង្វៀន​ប្រទេស មី​យ៉ា​ន់​ម៉ា និង​ឈ្នះ​កីឡា​កា​រិ
នី​ថៃ Rika Ishige ប៉ុន្តែ​ចាញ់​ពិន្ទុ​កីឡាការិនី ឥណ្ឌូណេ​ស៊ី Priscilla Hertati Lumban Gaol កាល​ខែឧសភា នៅ​សង្វៀន ONE Championship ។

នេះ​ជា​បទ​ពិសោធន៍​ល្អ​ដែល​ធ្វើ​ឲ្យ​ស្រី​ពៅ មិន​ចាញ់​ច្រាប​សង្វៀន​នៅ​ស៊ី​ហ្គេ​ម និង​កសាងទំនុក​ចិត្តបាន​ល្អ​មុន​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​អាស៊ាន​មក​ដល់ ។ នៅ ស្រី​ពៅ ធ្លាប់​លើក​ឡើងថា ឆ្នាំ​នេះ​ជា​លើក​ទី​១​ដែល​នាង​ទៅ​ចូលរួម​ប្រកួត​នៅ​ស៊ី​ហ្គេ​ម ប៉ុន្តែ​មិនមែន​ថ្មី​បទ​ពិសោធន៍​នោះ​ទេ ។ ការ​ចេញ​ទៅ​ហាត់​នៅ​ជប៉ុន​លើក​នេះ គឺ​ដើម្បី​បង្កើន​បច្ចេកទេស​និង​នាំ​យក​លទ្ធផលល្អ​ជូន​អ្នកគាំទ្រ និង​ជាតិ​វិញ ។ នាង​និយាយ​ថា នាង​រំភើបចិត្ត​ណាស់ ដែល​មានឱកាស​ទៅ​ហ្វឹកហាត់​នៅ​ក្រៅប្រទេស​ដើម្បី​ត្រៀម​ទៅ​ប្រកួត​ស៊ី​ហ្គេ​ម ។

គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​លើក​ទី៣០ រៀបចំ​ធ្វើ​នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន ចាប់ពី​ថ្ងៃ​ទី៣០ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៩៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ