ខេត្តកំពង់ធំ ៖ ស្ថិតក្នុងស្ថានភាពដែលទឹកជំនន់ស្ទឹងសែននៅតែបន្តមាននៅឡើយនោះថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានអំពាវនាវឲ្យប្រជាជនបង្កើនការប្រុងប្រយ័ត្នការពារកុមារតូចៗ និងសុខភាព ដើម្បីជៀសវាងប្រការមិនល្អផ្សេងៗជាយថាហេតុ ពិសេសការទទួលទាន។
នេះការអំពាវនាវរបស់លោកជំទាវ ខៀវ ស៊ីណា ជាចាន់តូ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ក្នុងឱកាសដែលលោកជំទាវ និងឯកឧត្តម សុខ លូ ប្រធានគណៈកម្មការកាកបាទក្រហមកម្ពុជាសាខាខេត្តកំពង់ធំ ចុះពិនិត្យស្ថានភាពទឹកជំនន់ និងនាំយកអំណោយទៅចែកជូនប្រជាជនរស់នៅតាមដងស្ទឹងសែន ដែលរងផលប៉ះពាល់កាលពីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩។
លោកជំទាវ ខៀវ ស៊ីណា បានបញ្ជាក់ថា យើងមិនអាចដឹងមុន ឬប៉ាន់ស្មានបានពីស្ថានភាពនៃគ្រោះធម្មជាតិបានទុកជាមុនបានទេ។ ប៉ុន្តែអ្វីសំខាន់ និងបន្ទាន់ចំពោះមុខនោះ គឺយើងត្រូវរួមគ្នាជួយគ្នាក្នុងគ្រាលំបាកតាមលទ្ធភាពដែលមាន។ ជាមួយនេះក៏ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះសុវត្ថិភាពក្មេងៗ និងបញ្ហាសុខភាព ព្រោះរដូវនេះងាយទទួលរងការឆ្លងជំងឺដង្កាត់ផ្សេងៗណាស់។
នៅក្នុងឱកាសនោះលោកជំទាវ ខៀវ ស៊ីណា និង ឯកឧត្តម សុខ លូ បានបញ្ជាក់នៅចំពោះមុខប្រជាពលរដ្ឋថា ៖ គ្រប់កាលៈទេសៈ ពិសេសពេលប្រជាជនជួបការលំបាកសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូជួយដោះស្រាយ និងស្ថិតនៅជាប់ជានិច្ចជាមួយសុខទុក្ខប្រជាជន ទោះជាមិនបានអញ្ជើញចុះផ្ទាល់ ក៏ចាត់ឲ្យតំណាង ឬក្រុមការងារចុះជួយដែរ។
សូមបញ្ជាក់ថា ៖ តាមការបញ្ជាក់ពីលោក អ៊ុត វណ្ណារ៉ា អភិបាល ស្រុកប្រាសាទសំបូរ បានឲ្យដឹងថា នៅស្រុកប្រាសាទសំបូរឆ្នាំនេះ មានឃុំ៥ និងប្រជាជន៦៣៤គ្រួសារ រងផលប៉ះពាល់ពីទឹកជំនន់ស្ទឹងសែន ក្នុងនោះប្រជាជនចំនួន៥៩៩គ្រួសារ និងសត្វពាហនៈត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថភាព៥កន្លែង ដែលបានរៀបចំពីសមត្ថកិច្ចពាក់ព័ន្ធ។ ដូចនេះបងប្អូនត្រូវមានការជឿជាក់លើកការដឹកនាំរបស់រាជរដ្ឋាភិបាល និងសម្ដេចតេជោ ហ៊ុន សែន គ្មានអ្នកណាស្គាល់ការលំបាកសុខទុក្ខ និងរស់នៅរួមការជាប់ជិតនឹងប្រជាជនជាងសម្ដេចតេជោនោះទេ។
នៅក្នុងខណៈនោះដែរ លោកជំទាវ ខៀវ ស៊ីណា បាននាំអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់តាមរយះលោកជំទាវចែកជូនប្រជាជនរងផលប៉ះពាល់ចំនួន១៩៤គ្រួសារ ដែលមួយគ្រួសារៗទទួលបានអង្ករ២៥គីឡូក្រាម មី និងឃីមួយកញ្ចប់។ ដោយឡែកអំណោយផ្ទាល់របស់លោជំទាវ និងឯកឧត្ដម ជា ចាន់តូ មានសម្ភារប្រើប្រាស់រួមមាន ៖ ចាន ឆ្នាំង ធុងទឹក និងសម្ភារប្រើប្រាស់ផ្ទះបាយមួយចំនួនផងដែរ៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ