រាជធានីភ្នំពេញ ៖ តារាចម្រៀងទើបតែរះថ្មីវ័យក្មេងកញ្ញា កែវ ធីតា ទទួលបានគារគាំទ្រច្រើនគួរសមពីមហាជន ដោយសារតែនាងមានទេពកោសល្យច្រៀងភាសាបរទេសបានយ៉ាងពីរោះគ្រលួច ដូចតារាចម្រៀងបរទេស ។ ដោយសារមានទេពកោសល្យច្រៀងយ៉ាងល្អបែបនេះ កញ្ញាកែវ ធីតា ទទួលការទាក់ទងឱ្យចូលរួមច្រៀងពីស្ថានីយទូរទស្សន៍មួយចំនួនដូចជាបាយ័ន បុស្តិ៍លេខ៣ និងស៊ីធីអិន ជាដើម ។
តារាចម្រៀងសាច់សដែលច្រៀងបានទាំងបទសម័យមុន និងបទបរទេសកញ្ញា កែវ ធីតា កាលពីពេល ថ្មីៗនេះនិយាយថានាងទើបតែចូលប្រឡូកក្នុងពិភពសិល្បៈបានរយៈពេលជិត២ឆ្នាំប៉ុណ្ណោះ ។ នាងចេះច្រៀងតាំងពីនៅតូចដោយសារតែឧស្សាហ៍ដើរតាមលោកបា៉ឈ្មោះរស់ តារា ជាអ្នកភ្លេងមានជំនាញខាងនិពន្ធបទភ្លេង និងសម្រួលតន្ត្រី និងកាន់ឧបរណ៍អ៊័ក ។ ធីតា មានបងប្អូនចំនួន៤នាក់ ប្រុសពីរ ស្រីពីរ ក្នុងនោះនាងជាកូនទី៣ ។ បងស្រីរបស់ធីតាជាអ្នកចម្រៀងល្បីឈ្មោះម្នាក់ដែរ ឈ្មោះរស់ ខេមរិន្ទ ដែលគេនិយមហៅថា ខេលី ។
បន្ទាប់ពីបណ្តែតខ្លួនចូលពិភពសិល្បៈតាមបំណងប្រាថ្នាមក ធីតាបង្កើតភាពប្លែកពីតារាដទៃដោយឡើងបង្ហាញមុខភ្លាមច្រៀងបទបរទេសជាភាសាអង់គ្លេសធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ ហើយសរសើរថានាងច្រៀងបានល្អ ។ មានអ្នកខ្លះសរសើរថានាងជាកូនខ្មែរ តែច្រៀងភាសាអស់គ្លេសមិនចាញ់សាសន៍គេទេ ។ ការសរសើរនោះធីតានិយាយថាមិនហា៊នទទួលទេ ព្រោះតែនាងនៅក្មេងខ្ចីទាំងវ័យទាំងបទពិសោធន៍សិល្បៈ ។
តារាចម្រៀងវ័យ១៨ឆ្នាំ រូបនេះឱ្យដឹងថា ពេលនេះនាងមមាញឹកខ្លាំងគួរសម សម្រាប់ឱកាសឡើងច្រៀង ដូចជានៅទូរទស្សន៍ប៉ុស្តិ៍បាយ័ន ប៉ុស្តិ៍លេខ៥ ប៉ុស្តិ៍លេខ៣ និងស៊ីធីអិនជាដើម ។ នាងមិនត្រឹមតែអាចច្រៀងបទភាសាអង់គ្លេសបានតែមួយមុខទេ បទភាសាចិន វៀតណាមក៏នាងច្រៀងបាន តែបើឱ្យចេះស្តាប់ភាសាទាំងនោះគឺអត់ទេ ។ សម្រាប់ភាសាអង់គ្លេសនាងចេះនិយាយ ចេះសរសេរ ចេះអាន ព្រោះនាងកំពុងរៀននៅសាលា ។ ដោយសារតែមានភាពជោគជ័យ ខ្លះៗហើយនៅលើទំព័រសិល្បៈ នាងនឹងខិតខំហាត់ពត់សំឡេងឱ្យកាន់តែប្រសើរឡើង និងស្តាប់យោបល់ណែនាំពីបងស្រី និងលោកប៉ាជាតន្ត្រីករឱ្យកាន់តែច្រើនជាងមុន ព្រោះនាងចេះច្រៀងលើកដាក់សំឡេងបែបនេះដោយសារតែពួកគាត់ជួយបង្រៀន ព្រមទាំងរៀមច្បងមួយចំនួនជួយបង្ហាញទិស ។ ទាំងអស់នោះហើយទើបនាងអាចឆក់អារម្មណ៍ប្រិយមិត្តទស្សនិកជនបាន ។ ធីតាទើបតែប្រឡូកក្នុងពិភពសិល្បៈ តែនាងមិននឹកស្មានថាអាចទាក់ទាញការចាប់អារម្មណ៍ពីមហាជនបានឡើយ ។
កញ្ញា កែវ ធីតា ចេះច្រៀងបទជំនាន់រាជិនីសំឡេងមាស រស់ សេរីសុទ្ធា និងបទសម័យបច្ចុប្បន្នច្រើនគួរសម ។ នាងយល់ថា បើចេះច្រៀងបានច្រើនប្រភេទពិតជាប្រសើរ ។ នាងនិយមច្រៀងបទភាសាអង់គ្លេសមែន តែបើនិយាយពីបទរបស់ខ្មែរយើងវិញនាងមានចំណូលចិត្តបទពីសម័យមុនរបស់អ្នកស្រីរស់ សេរីសុទ្ធា និងអ្នកស្រីប៉ែន រ៉ន ដែលសុទ្ធតែបង្កប់ន័យល្អខ្លឹមសារ ៕
ចែករំលែកព័តមាននេះ