រាជធានីភ្នំពេញ ៖ ទស្សនិកជនជាតិ និងអន្តរជាតិ ប្រមាណជាង៨០០នាក់ បានចូលទស្សនាភាពយន្តឯកសារដែលមានចំណងជើងថា «កុំស្មានបងភ្លេច » នៅសាលមហោស្រពចតុមុខ កាលពីថ្ងៃទី១១ មករា ២០១៤ ។ ភាពយន្តឯកសារនេះផលិតឡើងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ក្រោមកិច្ចសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមានការឧបត្ថម្ភពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ។
តាមរយៈការឆ្លុះបញ្ចាំងទៅលើខ្សែជីវិតរសាត់អណ្តែតរបស់វរតន្ត្រីករ និងអ្នកចម្រៀង ឆ្នើមៗជាច្រើននៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ និងទសវត្សរ៍ឆ្នាំ១៩៧០នោះ ខ្សែភាពយន្តឯកសារមួយនេះក៏បង្ហាញជូនពីប្រវត្តិសាស្ត្របត់បែននៃនយោបាយរបស់ប្រទេសកម្ពុជាផងដែរ ។ ខ្សែភាពយន្តឯកសារ«កុំស្មានបងភ្លេច» បានបង្ហាញពីទស្សនវិស័យថ្មីមួយស្តីពីប្រទេសកម្ពុជាដោយមានបទសម្ភាសន៍ជាមួយតន្ត្រីករមួយចំនួនតូច ដែលនៅរស់រានមានជីវិត គាស់កកាយយកមកបង្ហាញនូវការប្រគំតន្ត្រីនាសម័យនោះ ដែលត្រូវបានថតទុកជាប័ណ្ណសារ និងភាពយន្តដែលត្រូវថតយ៉ាងល្អ ។
ទន្ទឹមនោះក៏ជាការអបអរចំពោះតន្ត្រីដែលមានលក្ខណៈរស់រវើក អស្ចារ្យរបស់ប្រទេសកម្ពុជា និងស្វែងយល់ពីសារសំខាន់របស់វាចំពោះសង្គមខ្មែរ ។ ក្រោយពីបានទស្សនាភាពយន្តឯកសារ «កុំស្មានបងភ្លេច» លោកយាយសឿន សេន វ័យ៧៨ឆ្នាំ បានសម្តែងអារម្មណ៍សោកស្តាយជាពន់េពកចំពោះការបាត់បង់ជីវិត របស់តន្ត្រីករ និងអ្នកចម្រៀង ឆ្នើមៗជាច្រើនក្នុងសម័យសង្គ្រាមនៅប្រទេសកម្ពុជា ។ គាត់បញ្ជាក់ថា តាមរយៈនៃខ្សែភាពយន្តឯកសារមួយនេះ ធ្វើអារម្មណ៍របស់គាត់នឹកឃើញដល់រឿងរ៉ាវពីអតីតកាលដ៏ជូរចត់ក្នុងរបប នីមួយៗ ជាពិសេសក្នុងរបប ប៉ុល ពត តែម្តង ដែលធ្វើឱ្យក្រុមគ្រួសារបងប្អូនត្រូវព្រាត់ប្រាសគ្នា មានអ្នកស្លាប់ មានអ្នកខ្លះរស់ទាំងវេទនា ។
កញ្ញាមុត ស្រីនាថ ជានិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្នែកប្រវត្តិវិទ្យា បានសម្តែងការសោកស្តាយ ចំពោះវរសិល្បករ ឆ្នើមៗ ដែលបានបាត់បង់ជីវិត ក្នុងសម័យសង្គ្រាម ។ នាងលើកឡើងថា ក្រោយពីទស្សនាភាពយន្តឯកសារ«កុំស្មានបងភ្លេច» ធ្វើឱ្យនាងកាន់តែយល់ច្រើនពីប្រវត្តិសាស្ត្រនយោបាយ ដ៏សាំញាំុរបស់ប្រទេសកម្ពុជា ជាពិសេសយល់ដឹងពីខ្សែជីវិតរបស់តារាចម្រៀងជំនាន់ដើម ដូចជា លោកស៊ីន ស៊ីសាមុត អ្នកស្រីរស់ សេរីសុទ្ធា ជាដើម ។
កញ្ញាមុត ស្រីនាថ សរសើរភាពយន្តឯកសារ «កុំស្មានបងភ្លេច» ពិតជាល្អមើល ព្រោះវាមានឈុុតសប្បាយ និងកម្សត់លាយឡំគ្នា ។ ឈុតឆាកខ្លះបង្ហាញពីការសប្បាយ គឺសប្បាយមែនទែន តែបើឈុតកម្សត់គឺស្រក់ទឹកភ្នែក ។ កញ្ញាមុត ស្រីនាថ អំពាវនាវ ដល់យុវវ័យសម័យថ្មីមួយចំនួនដែលភ្លើតភ្លើន ឬបរទេសនិយមឱ្យងាកមកគាំទ្រ និងស្រឡាញ់តន្ត្រីខ្មែរវិញ។ ជាមួយគ្នានេះនាងស្នើឱ្យមានការដាក់បញ្ចាំងឱ្យបានទូលំទូលាយ នូវខ្សែភាពយន្តឯកសារទាក់ទងទៅនឹងប្រវត្តិសាស្ត្រមួយនេះ ៕
ចែករំលែកព័តមាននេះ