វេជ្ជបណ្ឌិតជនជាតិភូមា អាយុ២៩ឆ្នាំម្នាក់ឈ្មោះ Nang Mwe San ត្រូវបានគេដកហូតអាជ្ញាបណ្ណវេជ្ជសាស្ត្ររបស់នាងក្រោយពីបានចែករំលែករូបថតរបស់នាងនៅលើគណនី Facebook និង Instagram របស់នាង ។

នាង San បានក្លាយជាវេជ្ជបណ្ឌិតនៅ អាយុ២២ឆ្នាំ ប៉ុន្តែត្រូវបានគេរាយការណ៍ថា នាងតែងតែសុបិនចង់ក្លាយជាតារាម៉ូដែលសិចស៊ីម្នាក់ ។ បន្ទាប់ពីធ្វើការជាច្រើនឆ្នាំសម្រាប់ក្រុមវេជ្ជសាស្ត្រមិនយកកម្រៃ និងការព្យាបាលអ្នកជំងឺ San បានសម្រេចចិត្តកាលពី២ឆ្នាំមុនឈប់ពីការងារនេះដើម្បីបន្តអាជីពជាតារាម៉ូដែល ។


ក្រុមប្រឹក្សាវេជ្ជសាស្ត្រមីយ៉ាន់ម៉ាបានចោទប្រកាន់អតីតវេជ្ជបណ្ឌិតរូបនេះកាលពីខែមករាថារូបថតរបស់នាងមិនអនុលោមតាមប្រពៃណីភូមា ។ បន្ទាប់មកនាងត្រូវបានគេបង្ខំឱ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដោយបញ្ជាក់ថានាងត្រូវតែលុបចោលរូបថតដែលមានគ្រោះថ្នាក់ និងបាត់បង់នូវអាជ្ញាបណ្ណរបស់នាងទាំងអស់ ។


San បានប្រាប់កាសែត New York Times ថាគេបានប្រាប់ខ្ញុំថា ខ្ញុំមានបញ្ហាអាកប្បកិរិយា ។ បន្ទាប់ពីការព្រមានទាំងនេះពីក្រុមប្រឹក្សាបានដកហូតអាជ្ញាបណ្ណរបស់ San ជាផ្លូវការនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩នេះ ។

San បានសារភាពថា អាជីពជាតារាម៉ូដែលនាងរកលុយបានច្រើនជាងធ្វើជាគ្រូពេទ្យហើយនាងក៏ពេញចិត្តនឹងការងារធ្វើម៉ូដែលនេះផងដែរ ។ តាំងពីពេលនោះមក San បាននិយាយថានាងចង់ប្តឹងទៅឧទ្ធរណ៍ហើយព្យាយាមរក្សាទុកអាជ្ញាបណ្ណវេជ្ជសាស្ត្ររបស់នាង ព្រោះនាងប្រហែលជាចង់វិលត្រឡប់មកអាជីពដើមវិញនៅពេលក្រោយប្រហែលជាស្ម័គ្រចិត្តបន្ទាប់ពីអាជីពជាតារាម៉ូដែលរបស់នាងបានបញ្ចប់ ៕
ប្រភព៖ nextshark , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ