(សៀមរាប)៖ ខណៈពេលដែលប្រមុខរាជរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធព្យាយាមបង្កើតនូវផលិតផលទេសចរណ៍ថ្មីៗក្រៅពីតំបន់អង្គរ ជាក់ស្តែងថ្មីៗនេះក្រុមហ៊ុន អង្គរ វ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀម របស់សហរដ្ឋអាមេរិក បានវិនិយោគសាងសង់ ជលវប្បដ្ឋានត្រីទឹកសាប ទឹកប្រៃ និងសួនសត្វថ្នាក់ពិភពលោកមួយ (Angkor Aquarium & Animal Kingdom) នៅលើផ្ទៃដី១០០ហិកតា ក្នុងខេត្តសៀមរាប ក្រោមទុនវិនិយោគ ៧០លានដុល្លារអាមេរិក។
ពេលនេះ ក្រុមហ៊ុនយក្សជប៉ុន Mitsubishi បានបង្ហើបនូវផែនការគ្រោងចូលរួមអភិវឌ្ឍន៍នៅខេត្តសៀមរាបផងដែរ ។ តែគម្រោងនោះ ហាក់មិនពាក់ព័ន្ធនឹងការបង្កើតនូវផលិតផល ទេសចរណ៍ថ្មី សំដៅទាក់ទាញអ្នកទេសចរជាតិនិងអន្តរជាតិមកកំសាន្តលេងនៅខេត្តសៀមរាបនោះទេ ។
លោក Yogo Kanda ប្រធានក្រុមហ៊ុន Mitsubishiប្រចាំនៅកម្ពុជា រួមនឹងសការី បានថ្លែងប្រាប់អភិបាលខេត្តសៀមរាប លោក ទៀ សីហា នៅក្នុងជំនួបពិភាក្សាការងារកាលពីថ្ងៃទី ១១ ខែមិថុនា អំពីតម្រូវការចាំបាច់ ក៏ដូចជាកង្វះខាតណា មួយរបស់រដ្ឋបាលខេត្តសៀមរាប ក្នុងកិច្ចអភិវឌ្ឍន៍ ខេត្តទេសចរណ៍ឲ្យមានភាពរីកចម្រើនបន្ថែមទៀត ថាគោលបំណងរបស់ក្រុមហ៊ុន មីតស៊ូបីស៊ី ខបភើរ៉េស្សីន មកកាន់រដ្ឋបាលខេត្តសៀមរាប «ដើម្បីធ្វើយ៉ាងណាឲ្យបានចូលរួមក្នុងកិច្ចអភិវឌ្ឍន៍នៅខេត្តសៀមរាបទៅលើគម្រោងណាមួយ ដែលខេត្តត្រូវការចាំបាច់ ព្រមទាំងបានធ្វើការបង្ហាញអំពីផលិតផលរបស់ក្រុមហ៊ុន ដែលជាក្រុមហ៊ុន មានភាពល្បីល្បាញនៅលើសកលលោក ក្នុងការបម្រើនូវតម្រូវការរបស់អតិថិជន ពាក់ព័ន្ធទៅលើរថយន្ត ជណ្តើរយន្ត និង វិស័យកាត់ដេរសម្លៀកបំពាក់ និងផ្នែកអភិវឌ្ឍន៍ផ្សេងៗ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន» ។
ភាគីជប៉ុនបានអះអាងថា ការចូលជួបសម្តែងការគួរសមនាពេលនេះ ក្នុងគោលបំណងសិក្សា ស្វែងយល់ អំពីតម្រូវការចាំបាច់ ក៏ដូចកង្វះខាតណាមួយរបស់រដ្ឋបាលខេត្តសៀមរាប ក្នុងកិច្ចអភិវឌ្ឍន៍ខេត្ត ហើយក៏ជាការបង្កើតនូវភាពស្និតស្នាលរវាងវិស័យឯកជន និងរដ្ឋទៀតផង ។ ម្យ៉ាងទៀតក៏ដើម្បីឲ្យទីក្រុងប្រវត្តិសាស្ត្រសៀមរាបក្លាយជាក្រុងវៃឆ្លាតប្រកបដោយ សន្តិសុខ សុវត្ថិភាព តាមរយៈការរៀបចំគម្រោង ក្នុងការភ្លើងចរាចរណ៍ ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និង ការកកស្ទះចរាចរណ៍ក្នុងក្រុងជាដើម ។
ក្នុងនោះដែរលោក Yogo Kanda ក៏មានចំណាប់អារម្មណ៍ក្នុងវិស័យកសិកម្ម ដោយក្រុមហ៊ុនលោក ជាអ្នកផលិតគ្រឿងយន្តកសិកម្ម ព្រមទាំងការគ្រប់គ្រងកាកសំណល់ (សម្រាម ) និង ទឹកកង្វក់នៅក្នុងក្រុង រួមទាំងការ គ្រប់គ្រងរថយន្តពន្លត់អគ្គិភ័យ ។ ក្នុងនោះដែរលោកក៏បានលើកផងដែរ ចំពោះគម្រោង ក្នុងការពង្រីកក្រុងថ្មី គឺទាមទារដល់ការសិក្សាស្វែងយល់ និង កិច្ចសហប្រតិបត្តិការជាមួយគ្នាជាមួយរដ្ឋាភិបាលជប៉ុន ក៏ដូចក្រុមហ៊ុន ដើម្បីអភិវឌ្ឍន៍ខេត្ត។
យ៉ាងណាមិញ លោក ទៀ សីហា បានជម្រាបដល់ក្រុមហ៊ុន អំពីតម្រូវការ និងកង្វះខាតរបស់ខេត្ត គឺ មានច្រើនលើគ្រប់វិស័យ តែកត្តាសំខាន់នោះ គឺ ធនធានមនុស្ស បច្ចេកទេស សម្ភារៈបរិក្ខាជាដើម ។ អភិបាលខេត្ត ក៏បានបញ្ជាក់ថា ខេត្តសៀមរាប ជាគោលដៅភ្ញៀវទេសចរលើពិភពលោក ចូលមកទស្សនាកម្សាន្ត តែចំពោះហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យទេសចរណ៍ នៅមិនទាន់បានបំពេញនូវតម្រូវការភ្ញៀវនៅឡើយ ក្រៅពីទស្សនាប្រាង្គប្រាសាទ និង រមនីយ ដ្ឋានធម្មជាតិ ។ ក្នុងនោះដែរគម្រោងសំខាន់មួយក្នុងចំណោមគម្រោងសំខាន់ជាច្រើនរបស់ខេត្តនោះ គឺការពង្រីករមនីយដ្ឋានទេសចរណ៍ គឺនៅរមនីយដ្ឋានធម្មជាតិភ្នំគូលែន និង បឹងទន្លេសាប រួមទាំងធ្វើការពង្រីកក្រុងរណប នៅតាមបណ្តាស្រុកមួយចំនួនទៀតផង៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ