ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី បានជំរុញនិងណែនាំដល់យុវជន ជាពិសេសសិស្សដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ពិចារណាឱ្យបានហ្មត់ចត់ក្នុងការជ្រើសរើសជំនាញសិក្សា ដោយត្រូវផ្សារភ្ជាប់រវាង ចំណង់ចំណូលចិត្ត សមត្ថភាពផ្ទាល់ខ្លួន និងតម្រូវការទីផ្សារការងារ ដើម្បីធានាឱកាសការងារ និងការរីកចម្រើនក្នុងអាជីពនាពេលអនាគត។
ថ្លែងក្នុងឱកាសពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី១២ ខែកញ្ញា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ឯកឧត្តមបានលើកឡើងថា ការព្យាករតម្រូវការកម្លាំងពលកម្មដល់ឆ្នាំ២០៣០ គឺជាព័ត៌មានដ៏សំខាន់សម្រាប់ជួយតម្រង់ទិសយុវជនឱ្យយល់ពីនិន្នាការទីផ្សារការងារ និងជ្រើសរើសជំនាញដែលខ្លួនពេញចិត្ត ព្រមទាំងអាចឆ្លើយតបនឹងតម្រូវការការងារទាំងបច្ចុប្បន្ន និងនាពេលខាងមុខ។
ឯកឧត្តមបានគូសបញ្ជាក់ថា សម្រាប់រយៈពេល ០-៣ឆ្នាំ ជំនាញដែលមានតម្រូវការសំខាន់ៗ រួមមាន គណនេយ្យ និងពន្ធដារ ការគ្រប់គ្រង និងរដ្ឋបាល ស្ថាបត្យកម្ម និងការរៀបចំទីក្រុង បច្ចេកវិទ្យាការពារបរិស្ថាន កម្មវិធីកុំព្យូទ័រ និងទូរស័ព្ទ ច្បាប់ ការកែច្នៃអាហារ វាយនភណ្ឌ និងផលិតកម្មដំណាំ-សត្វ។ ចំណែករយៈពេល ៣-៥ឆ្នាំ តម្រូវការនឹងកាន់តែផ្តោតលើ AI អេឡិចត្រូនិក និងស្វ័យប្រវត្តិកម្ម មូលដ្ឋានទិន្នន័យ និងបណ្តាញ មេកានិក អគ្គិសនី និងថាមពល ព្រមទាំងជំនាញបច្ចេកទេសផ្សេងៗ។ សម្រាប់រយៈពេល ៥-១០ឆ្នាំ ឯកឧត្តមបានបង្ហាញថា ជំនាញកម្រិតខ្ពស់នឹងកាន់តែមានសារៈសំខាន់ ដូចជា ការគ្រប់គ្រងសំណល់ វិស្វកម្មគីមី វិស្វកម្មមេកានិក បច្ចេកវិទ្យាមន្ទីរពិសោធន៍ បច្ចេកវិទ្យាការពារបរិស្ថាន និងស្វ័យប្រវត្តិកម្ម។ និន្នាការនេះបង្ហាញថា ទីផ្សារការងារកម្ពុជាកំពុងវិវត្តពីការពឹងផ្អែកលើកម្លាំងពលកម្មច្រើនទៅរកផលិតភាព ជំនាញ បច្ចេកវិទ្យា និងការងារដែលមានតម្លៃបន្ថែមខ្ពស់។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្នុងបរិបទដែលទីផ្សារការងារកំពុងផ្លាស់ប្តូរ យុវជនមិនគួរជ្រើសរើសជំនាញដោយផ្អែកតែលើការពេញនិយម ឬតាមគ្នានោះទេ ប៉ុន្តែត្រូវស្វែងយល់ពីសមត្ថភាពរបស់ខ្លួន និងព័ត៌មានអំពីតម្រូវការកម្លាំងពលកម្ម ដើម្បីរៀបចំផែនការសិក្សា និងអាជីពឱ្យបានត្រឹមត្រូវ។ ការមានជំនាញដែលទីផ្សារត្រូវការ នឹងជួយបង្កើនសមត្ថភាពប្រកួតប្រជែង និងឱកាសទទួលបានការងារដែលមានគុណភាព។ ជាមួយគ្នានេះ ឯកឧត្តមបានបង្ហាញថា យុវជនក៏មានជម្រើសតាមរយៈការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ TVET ដែលកំពុងត្រូវបានធ្វើទំនើបកម្ម និងភ្ជាប់កាន់តែជិតស្និទ្ធជាមួយវិស័យឯកជន និងសហគ្រាស។ ការបណ្តុះបណ្តាលបែបនេះអាចផ្តល់ទាំងចំណេះដឹងទ្រឹស្តី ជំនាញអនុវត្ត និងបទពិសោធតាមរយៈការហាត់ការ ដែលជាកត្តាសំខាន់សម្រាប់ការចូលទៅក្នុងទីផ្សារការងារ។
គួរបញ្ជាក់ថា ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានក្រុមហ៊ុនធំៗចូលរួមតាំងបង្ហាញចំនួន ១៥០ក្រុមហ៊ុន ដែលផ្តល់ឱកាសការងារជាង ៣៥ ០០០កន្លែងសម្រាប់ដាក់ពាក្យភ្លាម សម្ភាសភ្លាមដោយផ្ទាល់៕




ចែករំលែកព័តមាននេះ