ភ្លេងការ ឬភ្លេងប្រពៃណី គឺជាទម្រង់សិល្បៈបុរាណខ្មែរមួយប្រភេទសម្រាប់ប្រគំជូនពិធីរៀបមង្គលការ ប៉ុន្តែមានការច្នៃប្រឌិតបង្កើតជាទម្រង់ល្ខោនមួយប្រភេទមានឈ្មោះថា «ល្ខោនភ្លេងការ» ។ ទម្រង់ល្ខោនភ្លេងការនេះ គឺសម្រាប់សម្តែងជាសាច់រឿងដូចជាល្ខោនយីកេ និងមហោរី ដែរ ។
តើល្ខោនភ្លេងការ កើតឡើងដោយស្នាដៃនរណា និងនៅពេលណា ?
តាមឯកសារទស្សនីយភាពខ្មែរ បាននិទានថា ពិធីអាពាហ៍ពិពាហ៍របស់ជនជាតិខ្មែរ មានអាយុរាប់ពាន់ឆ្នាំមកហើយ ពោលគឺផ្តើមឡើងពីដើមសតវត្សរ៍ទី១ នៃគ្រឹស្តសករាជ ដោយយកតាមលំអានពិធីរាជាពិសេករបស់ព្រះថោង និងនាងនាគ (ហ៊ុន ទៀន និងព្រះនាងលីវ យី ឬកៅណ្ឌិន្យ និងព្រះនាងសោមា) ជាព្រះបឋមមហាក្សត្រខ្មែរ ។
តាំងពីពេលនោះមក រហូតមកដល់សព្វថ្ងៃនេះ ខ្មែរតែងចាត់ទុកពិធីអាពាហ៍ពិពាហ៍ថា ជា «ពិធីមង្គល» និងមាន «សារសំខាន់បំផុត» ក្នុងជីវិតរបស់ខ្លួន រហូតដល់គេជឿថា បានក្រាបក្បាលដល់កន្ទេល (បានផ្ទឹមរៀបការ) គឺបានសងគុណមាតាបិតា បានបំពេញកិត្តិយសគ្រួសារថែមទៀតផង ។ ម៉្យាងទៀត ពិធីអាពាហ៍ពិពាហ៍មង្គលការកូនប្រុសស្រីនេះ គឺជាមធ្យោបាយដ៏ល្អប្រពៃបំផុត សម្រាប់ជាចំណងចងគូស្វាមី ភរិយា ឱ្យជាប់ស្ថិតស្ថិរជាមួយគ្នាផង ជាចំណងចងញាតិសន្តានខាងប្រុស ទៅនឹងញាតិខាងស្រីផង ពិសេសគឺចងជនជាតិខ្មែរទាំងមូលឱ្យជាប់ទៅនឹងទឹកដីនៃមាតុភូមិរបស់ខ្លួនផង ។ ប្រហែលជាដោយការនិយមពិធីការនេះថា ជាពិធីមង្គល និងមានសារសំខាន់ក្នុងជីវិតនេះហើយ ដែលជាកត្តាអនុគ្រោះរវាងប្តី និងប្រពន្ធមិនឱ្យឈ្លោះទាស់ទែងគ្នា ហើយមានការលែងលះគ្នាយ៉ាងតិចបំផុតនៅក្នុងសង្គមជនជាតិខ្មែរយើង ។
ក្នុងពិធីមង្គលការខ្មែរ ដែលមានរាប់សតវត្សរ៍មកហើយនេះ មានពិធី តូចៗជាច្រើនក្នុងនោះ ដែលគេប្រារព្ធធ្វើកាលពីដើមរហូតដល់បីថ្ងៃបីយប់ រួចក្រោយមកបង្រួញមកនៅត្រឹមមួយថ្ងៃមួយយប់ ហើយឥឡូវនេះភាគច្រើនសង្ខេបមកនៅត្រឹមរយៈពេលមួយព្រឹកប៉ុណ្ណោះក៏មាន ។ ក្នុងពិធីទាំងនោះមានពិធីខ្លះបានត្រូវតន្ត្រីករ សិល្បករ បំភ្លៃរបៀបជារឿងល្ខោន ដោយលើកយកប្រវត្តិសាស្ត្រនៃសាច់រឿងដែលទាក់ទងទៅនឹងពិធី នីមួយៗនោះមកសម្តែងឱ្យអ្នកដែលបានចូលរួមក្នុងពិធី ឬទស្សនិកជនបានមើលដូចជា ពិធីកាត់សក់ ដែលអ្នកចម្រៀងស្រីប្រុស ត្រូវក្លែងអង្គជាតួអង្គទេវតា ទេពធីតា បម្រើអង្គឥន្ទ្រា ឱ្យនាំយកកន្ត្រៃទិព្វ ក្រាសទិព្វ មកជូនលោកមហាសម្បត្តិ ដើម្បីកាត់សក់កូនប្រុសស្រី ឱ្យកើតមាស កើតប្រាក់ ទុកជាមង្គលសិរីសួស្តីដល់គូស្វាមីភរិយាថ្មីនេះផង ដែលពេលខ្លះអន្លើទាំងនេះ ត្រូវបានសិល្បករ តន្ត្រីករ សម្តែងរបៀបជាឈុតកំប្លែង ធ្វើឱ្យអ្នកមើលសប្បាយរីករាយ ផ្ទុះសំណើចសើច គិលៗឡើង ញ៉ាំងពិធីនេះឱ្យកាន់តែអឹកធឹកថែមទៀតផង ។
ឯពិធីខ្លះទៀត ដូចជាពិធីបុកល័ខ ធ្វើធ្មេញបំពេញលក្ខណ៍ស្រីជាដើម ក៏យ៉ាងដូច្នោះដែរ គឺសិល្បករ ឬតន្ត្រីករ ឬមិត្តភក្តិអ្នកចូលរួមក្នុងពិធី ត្រូវនាំគ្នាសម្តែងជារបាំ អុំទូកទៅរកល័ខ… ។ ដល់ព្រៃហើយ នាំគ្នាចូលទៅបេះល័ខ ប៉ុន្តែត្រូវឃ្មុំ ឬឪម៉ាល់ទិច ឬអ្នកតាម្ចាស់ទឹក ម្ចាស់ដី ម្ចាស់ព្រៃភ្នំ ធ្វើឱ្យចុកពោះ ព្រោះមិនបានសុំការអនុញ្ញាតជាមុន (ដែលការសម្តែងភាគច្រើន មានលក្ខណៈជាត្លុកកំប្លែង) ។ រហូតដល់ត្រូវធ្វើពិធីបញ្ជាន់អារក្ខ លៀងអ្នកតា សុំក្តីសន្តោសប្រោសប្រណីរួចសព្វគ្រប់ ទើបបេះល័ខបាន ហើយចុះអុំទូកត្រឡប់មកវិញ រួចទើបនាំគ្នាបុកល័ខដែលមានរូបភាពជារបាំមួយយ៉ាងធំ «របាំបុកល័ខ» ដែលញ៉ាំងឱ្យពិធីអាពាហ៍ពិពាហ៍នោះសប្បាយរីករាយក្រៃលែង ។ល។
ចំណែកឯទម្រង់ល្ខោនភ្លេងការវិញ គឺអ្នកស្រាវជ្រាវមិនចង់និយាយអំពីពិធីទាំងឡាយ ដែលស្ថិតក្នុងពិធីអាពាហ៍ពិពាហ៍មង្គលការកូនប្រុសស្រី ដែលត្រូវសិល្បករលើកមកសម្តែងជាបែបល្ខោន ដូចបានរៀបរាប់នោះទេ ។ ផ្ទុយទៅវិញ គឺអ្នកស្រាវជ្រាវចង់ជម្រាបអំពីទម្រង់ល្ខោនមួយដែលមានលក្ខណៈដូចជាល្ខោនបាសាក់ ឬយីកេ ឬល្ខោនមហោរីដែរ ប៉ុន្តែជាទម្រង់ដែលពឹងផ្អែកលើវង់ភ្លេងការ និងបទភ្លេងការរាប់រយបទជាគ្រឹះរបស់ខ្លួន ។ ដោយរើសយកបទភ្លេងការទាំងនោះមកសរសេរទំនុកថ្មី តម្រូវទៅតាមសាច់រឿង ឬតាមមនោសញ្ចេតនានៃតួអង្គដែលមានក្នុងសាច់រឿង ដែលបាននិពន្ធ ឬរៀបរៀងនោះ ។ ឯរបៀបសម្តែង គឺមិនខុសអ្វីពីទម្រង់សិល្បៈយីកេ ឬល្ខោនមហោរីឡើយ គឺមានសិល្បករទាំងស្រី ទាំងប្រុស ចម្រុះគ្នា មានចម្រៀង និងពាក្យនិយាយឆ្លងឆ្លើយ ដោយប្រើកាយវិការជារបៀបចម្រៀងកាយវិការ ឬល្ខោនច្រៀងដែលមានលក្ខណៈទន់ភ្លន់ទៅតាមចង្វាក់នៃសាច់បទ នីមួយៗផង ។ ឯការតុបតែងលម្អឆាកវិញ ក៏ដូចជាសិល្បៈយីកេ ឬល្ខោនមហោរីដូច្នេះដែរ ។
ជាការពិតណាស់ដែលថា វង់ភ្លេងប្រពៃណី ឬភ្លេងការខ្មែរ មានអាយុច្រើនសតវត្សរ៍មកហើយមែន ប៉ុន្តែចំពោះទម្រង់ល្ខោនភ្លេងការនេះវិញ គឺទើបតែកើតមានឡើងនៅក្នុងអំឡុងឆ្នាំ១៩៨០ ឬក្រោយនោះបន្តិចប៉ុណ្ណោះ ? ពិសេសគឺក្នុងពេលដែលសិល្បករ សិល្បការិនីខ្មែរយើងគ្រប់មុខជំនាញ ដែលសេសសល់ពីការកាប់សម្លាប់ នៃរបបប្រល័យពូជសាសន៍ប៉ុល ពត ត្រូវប្រឡងយកសញ្ញាបត្របញ្ជាក់ការសិក្សា និងជាការរើរំឭកឡើងវិញនូវមុខជំនាញ តាមការចេះចាំរៀងខ្លួន ឬតាមចំណង់ចំណូលចិត្តរបស់ខ្លួន ដើម្បីជាកម្រិតបញ្ជាក់អំពីសមត្ថភាពសិល្បករយើង ម្នាក់ៗក្នុងការបំពេញបែបបទចូលបម្រើការងាររបស់រដ្ឋយើង ពិសេសខាងវិស័យសិល្បៈទស្សនីយភាពនោះឯង។
ក្រុមអ្នកស្រាវជ្រាវឱ្យដឹងថា តាំងពីច្រើនឆ្នាំកន្លងផុតមកហើយនោះ ពោលគឺមុនពេលដែលទម្រង់ល្ខោនភ្លេងការបានកើតឡើងជារូបរាងដាច់ដោយឡែកតែឯងនេះ បទភ្លេងការមួយចំនួនតូច ក៏ធ្លាប់ត្រូវទម្រង់ល្ខោនដទៃទៀត ដូចជាយីកេជាដើម ខ្ចីប្រើ ខ្លះៗដែរ ដូចជាក្នុងយីកេរឿងទុំទាវ យីកេរឿងម៉ាក់ថឺង ពិសេសគឺត្រង់អន្លើមនោសញ្ចេតនានៃតួអង្គ ដែលមានភាពតឹងតែងបំផុត ដែលពិបាកនឹងរកបទយីកេមកបំពេញឱ្យត្រូវទៅតាមមនោសញ្ចេតនានោះ បាន ។ ចំណុចនេះ ក៏ប្រហែលជាចំណុចមួយយ៉ាងសំខាន់ផងដែរ ដែលជួយជំរុញឱ្យអ្នកច្នៃប្រឌិត គិតបង្កើតជាទម្រង់ល្ខោនភ្លេងការដាច់ដោយឡែកនេះឡើងបាន ។
ការសាកល្បងបង្កើតល្ខោនភ្លេងការឱ្យទៅជារូបរាងទម្រង់ល្ខោនមួយដាច់ដោយឡែកឡើង… ជាដំបូងគេនោះ គឺអ្នកស្រីឈឹម វត្តី និងដោយមានការជួយជ្រោមជ្រែងពីសិល្បកររៀមច្បងមួយចំនួនផង បានលើកយករឿង ខាន់ស្លា ខ័ណ្ឌស្នេហ៍ មកសម្តែងក្នុងឱកាសប្រឡងនោះឯង រួចក្រោយមកសម្តែងជូនទស្សនិកជននៅភ្នំពេញ បានច្រើនលើកដែរ បានទទួលជោគជ័យធំធេងគួរជាទីសប្បាយរីករាយយ៉ាងក្រៃលែង ។
ប៉ុន្តែក្រោយពីពេលនោះបន្តិច ទម្រង់ល្ខោនភ្លេងការ ហាក់ត្រូវស្ថិតក្នុងសភាពស្ងប់ស្ងៀម ឬក៏ត្រូវរលត់សូន្យទៅវិញ ដោយមិនមានមូលហេតុច្បាស់លាស់… ថ្វីដ្បិតតែទម្រង់នេះធ្លាប់បានទទួលជោគជ័យធំធេង ទទួលការពេញចិត្តពេញថ្លើមពីទស្សនិកជនក៏ដោយ ។
ឯកសារទស្សនីយភាពខ្មែរបញ្ជាក់ថា ក្នុងការសិក្សាដើម្បីស្វែងយល់អំពីបញ្ហាស្ងប់ស្ងៀម ឬបាត់បង់ទៅវិញ នៃទម្រង់ល្ខោនភ្លេងការនេះ មានមតិអ្នកនិពន្ធ និងអ្នកដឹកនាំរឿងល្ខោនមួយចំនួនយល់ថា ការយកភ្លេងការជា «ភ្លេងសក្ការ ភ្លេងមង្គល» ក្នុងជីវិតខ្មែរ ហើយមានបទរាប់រយបទ និងមានទំនុកច្រៀងច្បាស់លាស់ ហើយមានតួនាទីយ៉ាងសំខាន់ ជាប់ទៅនឹងពិធី នីមួយៗ ដាច់ៗពីគ្នា ដែលបុព្វបុរសដូនតាខ្មែរបានកំណត់ទុកឱ្យមករាប់ពាន់ឆ្នាំមកហើយនោះ មកធ្វើជាទម្រង់ល្ខោនសម្រាប់កែកម្សាន្ត ដោយយកបទភ្លេងទាំងឡាយនោះមកសរសេរទំនុកថ្មី ប្រហែលជាជះឥទ្ធិពលមិនល្អ ដល់ពិធីអាពាហ៍ពិពាហ៍មង្គលការខ្មែរជាក់ជាមិនខាន ក្នុងកាលអនាគតវែងឆ្ងាយទៅមុខ… ដែលជាប្រការគួរតែចៀសវាង ។ប្រហែលជា ដោយសារមានគំនិតបែបនោះហើយ ទើបគ្មានអ្នកនិពន្ធណាម្នាក់បន្តស្នាដៃល្ខោនភ្លេងការនេះ ? ហើយទម្រង់នេះ ក៏ត្រូវសាបសូន្យ ឬស្ងប់ស្ងៀមទៅវិញរហូតមកដល់សព្វថ្ងៃ ៕
ចែករំលែកព័តមាននេះ