រាជធានីភ្នំពេញ ៖ អតីតក្មេងខ្ជិលរៀន លោកសំ សិលា បានកសាងខ្លួនជាជាងកាត់សក់ត្រូវចិត្តយុវវ័យ ដែលនិយមលេងម៉ូដសក់ ជាពិសេសនោះ តារា ល្បីៗមួយចំនួនដូចជាលោកព្រាប សុវត្ថិ លោកលឹម រដ្ឋា និងលោកបឺរី ជាដើម ក៏ធ្លាប់ឱ្យជាងចំណានរូបនេះរចនាម៉ូដសក់ឱ្យដែរ ។
ដោយសារតែមានទេពកោសល្យកាត់ និងរចនាម៉ូដសក់ល្អ ធ្វើឱ្យរបររបស់លោកសំ សិលា រីកចម្រើនអាចបើកសាខាច្រើនកន្លែងនៅរាជធានីភ្នំពេញ ។ លោកសំ សិលា ធ្លាប់បានបង្ហាញពីឆាកជីវិតផ្ទាល់ខ្លួនជាក្មេងខ្ជិលសិក្សារៀនសូត្រ ទោះជាមានការដាស់តឿនពីឪពុកម្តាយក៏ដោយ ។ ទោះជាយ៉ាងណាក្តី ព្រោះតែមានចំណូលចិត្តជាមួយការកាត់ និងច្នៃម៉ូដសក់នោះ លោកសិលា ព្យាយាមហាត់រៀនទាំងលំបាក និងយល់ថា រាល់ការសិក្សាអ្វីក៏ដោយដាច់ខាតត្រូវពឹងផ្អែកលើភាពតស៊ូអំណត់ ។
តាមរយៈការខំប្រឹងប្រែង លោកសិលា បានក្លាយជាជាងកាត់សក់យ៉ាងចំណាន ។ នៅពេលនេះលោកសំ សិលា បង្កើតហាងកាត់សក់បានចំនួន២កន្លែង ដោយហាងទី១មានឈ្មោះថា «ហូលីវូត១» នៅក្រោយវិទ្យាល័យព្រះយុគន្ធរ និងហាងកាត់សក់ «ហូលីវូត២» នៅខាងក្រោយវិទ្យាល័យផ្សារដើមថ្កូវ ។ ពិសេស ថ្មីៗនេះ លោកទើបតែបង្កើតសាខាថ្មីមួយទៀតមានឈ្មោះថា «អាសុីស្តាយ» នៅខាងត្បូងវិទ្យាល័យទួលទំពូង ។
លោកសំ សិលា ដែលមានជំនាញខាងច្នៃម៉ូដសក់ទាន់សម័យត្រូវចិត្តយុវវ័យ រហូតមានទាំងតារា ល្បីៗទៅកាត់សក់ ធ្វើម៉ូដសក់ដែរនោះ បញ្ជាក់ថា លោកបានចូលហ៊ុនជាមួយបងស្រីពង្រីកហាងកាត់សក់បន្ថែមមួយកន្លែងទៀតឈ្មោះ «អាសុីស្តាយ» នៅខាងត្បូងវិទ្យាល័យទួលទំពូងប្រហែល៥០ម៉ែត្រ ។ ដោយសារនៅកន្លែងចាស់ទទួលអតិថិជនមិនទាន់ លោកក៏ពិភាក្សាជាមួយបងស្រីសម្រេចបើកហាងថ្មីនេះឡើង ។
ជាងកាត់សក់ចំណានវ័យក្មេងរូបនេះនិយាយឱ្យដឹងកាលពីថ្ងៃទី១០ ធ្នូ ឆ្នាំ២០១៣ថា ដ្បិតតែនេះជាការបង្ហាញមុខរបរជោគជ័យមែន ប៉ុន្តែគោលដៅសំខាន់ គឺលោកមានចិត្តមួយចង់បង្ហាញមិត្តយុវវ័យជាគោលដៅទី១ជាងអ្វីទាំងអស់ ព្រោះលោកមានបទពិសោធន៍រៀនមិនបានល្អ រៀនមិនពូកែ ហើយវក់វីជាមួយមិត្តភក្តិអូសទាញរហូតស្ទើរតែខូចអនាគត ធ្វើឱ្យម្តាយឪពុកកើតទុក្ខដោយសារខ្លួន ។
លោកចង់បង្ហាញប្រាប់យុវវ័យសម័យនេះឱ្យខំរៀន ចេះអ្វីត្រូវចេះឱ្យប្រាកដ ។ ជំនាញអ្វីក៏ដោយមិនត្រូវគិតថាអន់ទេ សំខាន់ការព្យាយាមឱ្យបានជោគជ័យ ។ ដូចរូបលោកអុីចឹង ព្រោះតែការខំប្រឹងប្រែងនេះហើយ ទើបមានឱកាសបើកមុខរបរបន្តបន្ទាប់ ខណៈដែលពីមុន អ្វីៗគិតតែរឿងអស់សង្ឃឹម នោះ ។
ក្រៅពីមានអតិថិជនច្រើនគាំទ្រហាងរបស់លោកនោះក៏មានយុវជនជាច្រើននាក់ចូលហាត់រៀនជំនាញកាត់សក់ពីលោកសំ សិលា ព្រោះតែល្បីថា លោកនៅក្មេង តែមានស្នាដៃកាត់សក់ និងច្នៃម៉ូដសក់ល្អ ។ ដោយសារតែមានស្នាដៃល្អនោះហើយ ទើបតារាប្រុសលំដាប់ជួរមុខមួយចំនួន ក៏ធ្លាប់ចូលហាងរបស់លោកសិលា ធ្វើម៉ូដសក់ដែរ ដូចជាលោកព្រាប សុវត្ថិ លោកលឹម រដ្ឋា និងលោកបឺរី ជាដើម ៕
ចែករំលែកព័តមាននេះ