ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិល្បៈតុក្កតា​ខ្មែរ​មាន​កំណើត​តាំង​ពី​មុន​កសាង​ប្រាសាទ​អង្គរ​វត្ត​បច្ចុប្បន្ន​បាត់​ស្រមោល​និង​លែង​មាន​អ្នក​ចេះ​ចាំ​ទៅ​ហើយ​

11 ឆ្នាំ មុន

បើ​និយាយ​ពី​តុក្កតា​ គេ​ស្គាល់​ជា​ទូទៅ​ថា​ ជា​ភាព​យន្ត​គំនូរ​ជីវ​ចល​ដ៏​ពេញ​និយម​ ប៉ុន្តែ​គេ​ពុំ​ដឹង​ថា​ខ្មែរ​យើង​មាន​សិល្បៈ​តុក្កតា​តាំង​ពី​មុន​សម័យ​កសាង​ប្រាសាទ​អង្គរ​ទេ​ ។​ សិល្បៈ​តុក្កតា​របស់​ខ្មែរ​មាន​ប្រវត្តិ​តាំង​ពី​យូរ​លង់​ ប៉ុន្តែ​បាត់​ស្រមោល​ក៏​យូរ​មក​ហើយ​ដែរ​ ។​

បើ​និយាយ​ពី​តុក្កតា​ គេ​ស្គាល់​ជា​ទូទៅ​ថា​ ជា​ភាព​យន្ត​គំនូរ​ជីវ​ចល​ដ៏​ពេញ​និយម​ ប៉ុន្តែ​គេ​ពុំ​ដឹង​ថា​ខ្មែរ​យើង​មាន​សិល្បៈ​តុក្កតា​តាំង​ពី​មុន​សម័យ​កសាង​ប្រាសាទ​អង្គរ​ទេ​ ។​ សិល្បៈ​តុក្កតា​របស់​ខ្មែរ​មាន​ប្រវត្តិ​តាំង​ពី​យូរ​លង់​ ប៉ុន្តែ​បាត់​ស្រមោល​ក៏​យូរ​មក​ហើយ​ដែរ​ ។​

យោង​តាម​សៀវ​ភៅ​ទស្សនីយ​ភាព​ខ្មែរ​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​លើក​ឡើង​ថា​ តាម​ការ​​សិក្សា​ស្រាវ​ជ្រាវ​ដោយ​ហ្មត់​ចត់​ ដោយ​អ្នក​ស្រី​ ពៅ​ សាវ​រស់​ បញ្ជាក់​ថា​ ខ្មែរ​មាន​សិល្បៈ​តុក្កតា​តាំង​ពី​សម័យ​មុន​កសាង​ប្រាសាទ​អង្គរ​វត្ត​មក​ម៉្លេះ​ នេះ​បើ​ផ្អែក​លើ​ឯក​សារ​សិលា​ចារឹក​ K ១៥៥ ជា​សិលា​ចារឹក​នៅ​ប្រាសាទ​លលៃ​ កាល​បរិច្ឆេទ​ចុង​សតវត្ស​ទី​៩​ (៨៩៣)​ រជ្ជ​កាល​ព្រះ​បាទ​យសោវរ័្មន​ ជំនឿ​ព្រហ្មញ្ញ​សាសនា​ ដែល​មាន​ចែង​ពី​សិល្ប​ការិនី​សម្តែង​សិល្បៈ​តុក្កតា​ «គូ​តុក្កតា​ KU TUKTAR» ឧទ្ទិស​ថ្វាយ​ចំពោះ​អាទិទេព​ស្វរៈ​ស្វតិ “Svarasvati” អាទិទេព​តំណាង​វោហារ​ពីរោះ​ និង​សិល្បៈ​ “The goddess of Eloquence and Arts” នោះ​ ។​ គ្រាន់​តែ​មិន​បាន​ដឹង​ប្រាកដ​ថា​ តើ​តុក្កតា​នោះ​ធ្វើ​អំពី​  អ្វី ?​ មាន​រូប​ភាព​យ៉ាង​ណា​ ?​ ជា​តុក្កតា​ដែល​ជើត​ដោយ​ដង​សន្ទូច​ (ដូច​ស្បែក​តូច​ ឬ​អាយ៉ង)​ ឬ​ក៏​តុក្កតា​ដែល​ប្រើ​ខ្សែ​ព្យួរ​សម្រាប់​ញាក់​ ឬ​ក៏​មាន​លក្ខណៈ​ផ្សេង​ប៉ុណ្ណោះ​ ?​
មួយ​ទៀត​ក្រោយ​ពី​របប​ប៉ុល​ ពត​ ប្រល័យ​ពូជ​សាសន៍​ដួល​រលំ​ទៅ​ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ទទួល​ដំណឹង​ថា​ មាន​ភូមិ​មួយ​ឈ្មោះ​ភូមិ​កំពង់​ត្រយង​ ក្នុង​ឃុំ​ពួក​ ស្រុក​ពួក​ ខេត្ត​សៀម​រាប​ ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ប្រាសាទ​អង្គរ​វត្ត​ ធ្លាប់​មាន​ទំនៀម​ធ្វើ​រូប​តុក្កតា​អំពី​ឈើ​ តុក្កតា​អំពី​ក្រណាត់​ញាត់​សំឡី​គ​ ហើយ​ធ្លាប់​បាន​សម្តែង​ជូន​អ្នក​ស្រុក​មើល​ម្តង​ម្កាល​ ប៉ុន្តែ​មិន​ញឹក​ញាប់​ទេ​ ។ រហូត​មក​ដល់​សង្គ្រាម​ស៊ីវិល​ចាប់​ផ្ទុះ​ឡើង​នៅ​ឆ្នាំ​១៩៧០​នោះ​ ទម្រង់​សិល្បៈ​តុក្កតា​ក៏​បាត់​បង់​សូន្យ​តែ​ម្តង​ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ ជា​ប្រការ​គួរ​ឱ្យ​សោក​ស្តាយ​បំផុត​ ។​

ក្រៅ​ពី​ព័ត៌​មាន​ស្តី​ពី​សិល្បៈ​តុក្កតា​ ដែល​សម្តែង​ជា​ទស្សនីយ​ភាព​ ដោយ​មាន​អ្នក​ជើត​មាន​វង់​តន្ត្រី​ប្រគំ​ជូន​ និង​មាន​ពាក្យ​ចរចា​របៀប​ជា​ល្ខោន​បែប​នេះ​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​ អ្នក​កត់​ត្រា​ក៏​ធ្លាប់​បាន​មើល​ផង​ដែរ​ កាល​នៅ​ពី​តូច​ក្នុង​ពិធី​បុណ្យ​បញ្ចុះ​សីមា​វត្ត​ ដែល​អ្នក​ធ្វើ​រូប​តុក្កតា​ទាំង​នោះ​មក​ពី​ខេត្ត​កំពង់​ឆ្នាំង​ ។​ គាត់​ធ្វើ​រូប​តុក្កតា​ដែល​រួម​ជា​ទិដ្ឋ​ភាព​ភូមិ​ស្ថាន​ ស្រុក​ស្រែ​ចម្ការ​ បង្ហាញ​ពី​ទេស​ភាព​ និង​សកម្ម​ភាព​ក្នុង​ភូមិ​ស្រុក​ ដែល​មាន​វត្ត​អារាម​ មាន​វាល​ស្រែ​ មាន​ដើម​ត្នោត​ គុម្ព​ឫស្សី​ បឹង​ត្រពាំង​ មាន​ព្រះ​សង្ឃ​និមន្ត​បិណ្ឌ​បាត្រ​ មាន​ដូន​ចាស់​រាប់​បាត្រ​ព្រះ​សង្ឃ​ នារីៗ​ជា​ជួរ​ស្ទូង​ស្រូវ​ មាន​គោ​ក្របី​ស៊ី​ស្មៅ​ក្នុង​វាល​ស្រែ​ មាន​មាន់​បណ្តើរ​កូន​ និង​កូន​ក្មេង​ តូចៗ​លេង​ល្បែង​ ផ្សេងៗ​ ឬ​បក្សី​ទំ​លើ​ចុង​ឈើ​ជាដើម​… ដែល​គេ​រៀប​ចំ​ដាក់​តាំង​នៅ​លើ​តុ​ ឬ​គ្រែ​យ៉ាង​ធំ​ (របៀប​តាំង​តុ​ ឬ​តាំង​ពិព័រណ៍​)​ ។ រូប​ភាព​ទាំង​នោះ​ចង​ភ្ជាប់​ដោយ​ខ្សែ​ដែល​អាច​ឱ្យ​ធ្វើ​សកម្ម​ភាព​បាន​ ប៉ុន្តែ​ជា​ចលនា​ ច្រំ​ដែលៗ ដូច​ជា​ព្រះសង្ឃ​បើក​គម្រប​បាត្រ​ យាយ​ចាស់​រាប់​បាត្រ​រួច​ដក​ដៃ​មក​វិញ​ ទើប​ព្រះ​សង្ឃ​គ្រប​បាត្រ​…​ នារីៗ​ឱន​ស្ទូង​រួច​ងើប​ (ឱន​ ងើបៗ)​ សត្វ​គោ​ក្របី​ឱន​ស៊ីស្មៅ​ រួច​ងើប​ក្បាល​មើល​ព្រះសង្ឃ​ សត្វ​ស្លាប​លើ​ចុង​ឈើ​ទទះ​ស្លាប​រួច​ដាក់​ស្លាប​មក​វិញ​ សត្វ​មាន់​ឱន​ចឹក​ចំណី​ជា​ដើម ។ ខ្សែ​ចំណង​រូប​ទាំង​អស់​នោះ​ត្រូវ​ចង​ភ្ជាប់​ទៅ​នឹង​ខ្សែ​មេមួយ​ (តាម​បច្ចេក​ទេស​របស់​គេ)​ រួច​ចង​ភ្ជាប់​ទៅ​នឹង​ច្រវាក់​កង់​ដែល​អាច​រវៃ​បាន​ ។​ កាល​ណា​គេ​រវៃ​ច្រវាក់​កង់​នោះ​ទៅ​ រូប​ទាំង​អស់​ដូច​រៀប​រាប់​ខាង​លើ​ ធ្វើ​សកម្ម​ភាព​ច្រំ​ដែល​បែប​នេះ​ជា​រៀង​រហូត​ ។​ គឺ​អាស្រ័យ​ដោយ​សកម្ម​ភាព​ ច្រំ​ដែលៗ​របៀប​ជា​ម៉ាស៊ីន​ដូច្នេះ​ហើយ​ ទើប​អ្នក​មើល​មួយ​ចំនួន​ក្នុង​សម័យ​នោះ​និយម​ហៅ​តុក្កតា​នោះ​ថា​ជា​ «ល្ខោន​យន្ត»។​

មួយ​ចំណែក​ទៀត​ នៅ​ក្នុង​ចន្លោះ​ឆ្នាំ​១៩៨៥-១៩៩០​ ក្រុម​អ្នក​កត់ត្រា​ បាន​ជួប​កសិករ​ម្នាក់​នៅ​ខេត្ត​កំពង់​ចាម​ ចេះ​ធ្វើ​រូប​តុក្កតា​អំពី​ឈើ​…​ ហើយ​បាន​សុំ​ឱ្យ​លោក​ធ្វើ​រូប​ទាំង​នោះ​មួយ​ចំនួន​ ដាក់​តាំង​នៅ​រាន​ហាល​កណ្តាល​វាល​មុខ​ផ្ទះ​ ព្រោះ​រូប​តុក្កតា​ទាំង​នោះ​ត្រូវ​ការ​ទីវាល​ ត្រូវ​ការ​ខ្យល់​ដើម្បី​ជំរុញ​ឱ្យ​មាន​ចលនា​បាន​ ។​ រូប​ទាំង​នោះ​មាន​រូប​យក្ស​ និង​ស្វា​កាន់​ដំបង​ច្បាំង​គ្នា​…​ រូប​បុរស​កិន​ស្រូវ​នឹង​ត្បាល់​កិន​… រូប​នារី​បុក​ស្រូវ​… នារី​អុំ​អង្ករ​ជាដើម​ ដែល​សុទ្ធ​តែ​ធ្វើ​អំពី​ឈើ​ ហើយ​មាន​សម្លៀក​បំពាក់​តាម​តួ​អង្គ​យក្ស​ ស្វា​ ឬ​កសិករ​ខ្មែរ​ ។​​ រូប​ទាំង​នោះ​ត្រូវ​វាយ​បញ្ឈរ​ជាប់​លើ​រនង​ឈើ​មួយ​យ៉ាង​វែង​ មាំ​ ហើយ​ដៃ​ដែល​មាន​សន្លាក់​តភ្ជាប់​គ្នា​ពី​ដើម​ដៃ​ទៅ​កំភួន​ដៃ​ ឬ​អន្លើ​ដទៃ​ទៀត​ ដែល​ចង់​ឱ្យ​ធ្វើ​ចលនា​បាន​នោះ​ ត្រូវ​ចង​នឹង​សរសៃ​អំបោះ​ភ្ជាប់​ទៅ​នឹង​ស្លឹក​ត្នោត​មួយ​សន្លឹក​ធំ​ស្ងួត​ល្អ​ ហើយ​ខាង​ចុង​នៃ​ស្លឹក​ត្នោត​ម្ខាង​ទៀត​ ក៏​ចង​ដោយ​អំបោះ​ដូច​គ្នា​ រួច​ទាញ​យក​អំបោះ​នោះ​ទៅ​ចង​ព្យួរ​បញ្ឈរ​នឹង​រនង​ឈើ​មួយ​ទៀត​ ដែល​ដាក់​ពី​ខាង​លើ​ ស្រប​គ្នា​នឹង​រនង​ដែល​វាយ​រូប​តុក្កតា​ភ្ជាប់​នោះ​ ដោយ​លៃ​ខ្សែ​ឱ្យ​ធូរ​ល្មម​ ដើម្បី​ឱ្យ​ខ្យល់​បក់​មក​ប៉ះ​ស្លឹក​ត្នោត​ រួច​ទាញ​រូប​តុក្កតា​ទាំង​នោះ​ឱ្យ​មាន​ចលនា​ឡើង​ ។​ រូប​ នីមួយៗ​ប្រើ​ខ្សែ​ និង​ស្លឹក​ត្នោត​មួយ​ ដាច់ៗ​ពី​គ្នា​ ។​ បើ​ខ្យល់​បក់​មក​ខ្សោយ​ចលនា​នៃ​រូប​តុក្កតា​នោះ​ក៏​ រង្វើលៗ​ទៅ​តាម​កម្លាំង​ខ្យល់​ ។ ប៉ុន្តែ​ពេល​ណា​ដែល​មាន​ខ្យល់​បក់​មក​ខ្លាំង​ ចលនា​នៃ​រូប​ទាំង​នោះ​កាន់​តែ​ញាប់​រន្ថាន់​ ឡើងៗ​ផង​ដែរ​។​ ឯ​ចលនា​នោះ​វិញ​ គឺ​ជា​ចលនា​ ច្រំ​ដែលៗ​ ដូច​ជា​យក្ស​ ស្វា វាយ​ដំបង​ (ដូច​ក្នុង​ឈុត​ល្ខោន​បាសាក់)​ បុរស​ឈ្ងោក​ខំ​រុញ​ត្បាល់​កិន​ រួច​ងើប​មក​វិញ​ជាដើម ។​

ក្រៅ​ពី​នេះ​ នៅ​ទូទាំង​ប្រទេស​ក្រុម​អ្នក​ស្រាវ​ជ្រាវ​សង្កេត​ឃើញ​មាន​រូប​តុក្កតា​ផ្សេង​ទៀត​ខ្លះ​ដែរ​ ប៉ុន្តែ​ជា​រូប​ដែល​មិន​សូវ​មាន​ចលនា​រស់​រវើក​ទេ​ ដូច​ជា​រូប​ព្រះ​ឥន្ទ្រ​ ឬ​ទេវតា​ជិះ​ដំរី​ រួម​ផ្សំ​នឹង​ការ​ប្រើ​រំសេវ​លាន់​ឮ​សំឡេង​ផង​ ដែល​គេ​ច្រើន​ប្រើ​ជា​ឆ្នួន​ក្នុង​ពិធី​បូជា​សព​ព្រះ​គ្រូ​ចៅ​អធិការ​ជា​ដើម​ ឬ​បើ​មិន​ដូច្នោះ​ទេ​ ជា​រូប​តុក្កតា​នឹង​ថ្កល់​គ្មាន​ចលនា​កម្រើក​បាន​ ដែល​ច្រើន​មាន​រូប​ភាព​យក​តាម​លំនាំ​របាំ​ក្បាច់​បុរាណ​ខ្មែរ​ ក្នុង​សម្លៀក​បំពាក់​តាម​តួ​អង្គ​នាយ​រោង​ តួអង្គ​នាង​ យក្ស​ និង​ស្វា​ជាដើម​ ដែល​ភាគ​ច្រើន​ ជារូប​ដាក់​តាំង​លម្អ​នៅ​តាម​ហាង​លក់​វត្ថុ​អនុស្សាវ​រីយ៍​នានា​តែ​ប៉ុណ្ណោះ​។​
បើ​គិត​មក​ដល់​ពេល​ដែល​ក្រុម​អ្នក​ស្រាវ​ជ្រាវ​កត់ត្រា​អំពី​ទម្រង់​ល្ខោន​តុក្កតា​ចុង​ក្រោយ​នេះ​ (ខែ​មិថុនា​ ឆ្នាំ​២០០៣)​ អាច​និយាយ​ថា​ នៅ​ក្នុង​សង្គម​កម្ពុជា​ទាំង​មូល​ មាន​សេស​សល់​ទម្រង់​ល្ខោន​តុក្កតា​តិច​តួច​បំផុត​ ឬ​ក៏​អាច​និយាយ​ថា​ គ្មាន​ល្ខោន​តុក្កតា​សោះ​ក៏​ថា​បាន​ ។​ ផ្ទុយ​ទៅ​វិញ​ មក​ដល់​កាល​វេលា​ដូច​គ្នា​នេះ​ដែរ​ សិល្បៈ​ល្ខោន​តុក្កតា​ ក៏​ដូច​ជា​គំនូរ​ជីវ​ចល​ មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​បំផុត​នៅ​ក្នុង​ពិភព​លោក​យើង​នេះ​ ព្រោះ​មាន​ប្រទេស​ជា​ច្រើន​ទាំង​នៅ​អឺរ៉ុប​ អាមេរិក​ អាហ្វ្រិក​ ឬ​តំបន់​ដទៃ​ទៀត​ មាន​ទម្រង់​សិល្បៈ​នេះ​យ៉ាង​សម្បូរ​បែប​ ហើយ​ជា​ទីពេញ​និយម​បំផុត​ពី​គ្រប់​ស្រទាប់​ទស្សនិក​ជន​ ពិសេស​ពី​កុមារ​ក្នុង​គ្រប់​ប្រទេស​ រហូត​ដល់​ប្រទេស​ជឿន​លឿន​ខ្លះ​បង្កើត​ជា​វិទ្យាស្ថាន​អន្តរ​ជាតិ​សិល្បៈ​តុក្កតា​ ដូច​ជា​​នៅ​ស្ត្រា​ស្យួរ​ (Strasbourg) ប្រទេស​បារាំង​ ដែល​មាន​និស្សិត​ចម្រុះ​ជាតិ​សាសន៍​ទៅ​សិក្សា​រៀន​សូត្រ​ ហើយ​ដែល​ក្រុម​អ្នក​កត់​ត្រា​ ក៏​ធ្លាប់​បាន​ទៅ​ធ្វើ​ទស្សន​កិច្ច​ផង​ដែរ​ ។​ ចំណែក​នៅ​ក្នុង​ទ្វីប​អាស៊ី​ទាំង​មូល​ ឬ​ប្រទេស​ជិត​ខាង​កម្ពុជា​យើង​នេះ​វិញ​ មាន​ប្រទេស​ជា​ច្រើន​ ដែល​មាន​ល្ខោន​តុក្កតា​ ដូច​ជា​ប្រទេស​ចិន​ ជប៉ុន​ ឥណ្ឌា​ ឥណ្ឌូនេសុី​ ភូមា​ ថៃ​ ឬ​ដូច​ប្រទេស​វៀត​ណាម​ ដែល​មាន​តុក្កតា​សម្តែង​ក្នុង​ទឹក​ដ៏​ល្បី​ល្បាញ​ជា​មោទន​ភាព​ដ៏​អស្ចារ្យ​របស់​ជាតិ​គេ​ ។

ក្រុម​អ្នក​ស្រាវ​ជ្រាវ​យល់​ថា​ ជា​ប្រការ​គួរ​ឱ្យ​ខ្មាស​អៀន​ដែល​ប្រទេស​កម្ពុជា​មាន​ប្រវត្តិ​ជាក់​លាក់​ជា​ប្រទេស​ដែល​ធ្លាប់​មាន​សិល្បៈ​តុក្កតា​រាប់​ពាន់​ឆ្នាំ​មក​ហើយ​ (នៅ​តាម​ប្រាសាទ​ទេវ​ស្ថាន​នានា)​ បែរ​ជា​គ្មាន​ទម្រង់​សិល្បៈ​តុក្កតា​ទៅ​វិញ​ក្នុង​ពេល​បច្ចុប្បន្ន​ ។​

ការ​យល់​បែប​នេះ​មិន​មែន​បញ្ជាក់​អំពី​គំនិត​ទុទិដ្ឋិ​ទេ​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ គឺ​ជា​កម្លាំង​ជំរុញ​ឱ្យ​យើង​រាល់​គ្នា​ជា​ជន​ជាតិ​ខ្មែរ​ ប្រឹង​ត្រិះ​រិះ​ពិចារណា​រក​គ្រប់​វិធី​ ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ ឬ​ផ្តល់​លទ្ធ​ភាព​គ្រប់​គ្រាន់​សម​រម្យ​ដល់​មនុស្ស​ខ្មែរ​ ដែល​មាន​ទេព​កោសល្យ​ច្នៃ​ប្រឌិត​ ពិសេស​ដល់​អតីត​និស្សិត​របស់​យើង​ ដែល​ធ្លាប់​បាន​សិក្សា​រៀន​សូត្រ​វិជ្ជា​នេះ​ ឱ្យ​មាន​ចិត្ត​ក្លាហាន​ សប្បាយ​រីក​រាយ​ក្នុង​ការ​ធ្វើ​ស្នាដៃ​ ដើម្បី​បម្រើ​ជាតិ​មាតុ​ភូមិ​របស់​យើង​ ។​

ធ្វើ​យ៉ាង​នេះ​បាន​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​សង្ឃឹម​ថា​ សិល្បៈ​ល្ខោន​តុក្កតា​ នឹង​រស់​ឡើង​វិញ​ក្នុង​រូប​ភាព​ជា​ខ្មែរ​ រួម​ចំណែក​នៅ​ក្នុង​ការ​បង្ក​ការ​សប្បាយ​រីក​រាយ​ឱ្យ​សង្គម​ខ្មែរ​ផង​ រួម​ចំណែក​ក្នុង​ការ​អប់រំ​កសាង​ធន​ធាន​មនុស្ស​ខ្មែរ​ផង​ និង​រួម​ចំណែក​ក្នុង​ការ​លើក​កម្ពស់​សីលធម៌​សង្គម​ខ្មែរ​ ដោយ​មាន​ប្រសិទ្ធ​ភាព​ជាក់​ជា​មិន​ខាន​ក្នុង​កាល​អនា​គត​ ៕