ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំ សិលា​ អតីត​សិស្ស​គេច​សាលា​កសាង​ជីវិត​ជា​ជាង​កាត់​សក់​យ៉ាង​ចំណាន​និង​កាក់​កប​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ លោក​សំ​ សិលា​ ដែល​ពី​មុន​គឺ​ជា​សិស្ស​មិន​សូវ​ស្រវា​ស្រទេញ​ជាមួយ​ការ​រៀន​សូត្រ​ ដោយ​ឧស្សាហ៍​គេច​សាលា​ដើរ​លេង​ជាមួយ​មិត្ត​ភក្តិ​ ធ្វើ​ឱ្យ​ឪពុក​ម្តាយ​មិន​សប្បាយ​ចិត្ត​នោះ​ ពេល​នេះ​បាន​ក្លាយ​ជា​ជាង​កាត់​សក់​យ៉ាង​ចំណាន​ ហើយ​បើក​ហាង​ពីរ​បី​លើក​ស្ទួយ​ជីវ​ភាព​គ្រួសារ​ឱ្យ​ប្រសើរ​ឡើង​ជា​លំដាប់​ ។​

រាជធានីភ្នំពេញ​ ៖ លោក​សំ​ សិលា​ ដែល​ពី​មុន​គឺ​ជា​សិស្ស​មិន​សូវ​ស្រវា​ស្រទេញ​ជាមួយ​ការ​រៀន​សូត្រ​ ដោយ​ឧស្សាហ៍​គេច​សាលា​ដើរ​លេង​ជាមួយ​មិត្ត​ភក្តិ​ ធ្វើ​ឱ្យ​ឪពុក​ម្តាយ​មិន​សប្បាយ​ចិត្ត​នោះ​ ពេល​នេះ​បាន​ក្លាយ​ជា​ជាង​កាត់​សក់​យ៉ាង​ចំណាន​ ហើយ​បើក​ហាង​ពីរ​បី​លើក​ស្ទួយ​ជីវ​ភាព​គ្រួសារ​ឱ្យ​ប្រសើរ​ឡើង​ជា​លំដាប់​ ។​

ខណៈ​ពេល​កំពុង​មមា​ញឹក​ជាមួយ​អាជីព​កាត់​សក់​ជូន​អតិថិ​ជន​ លោក​សំ​ សិលា​ ឆ្លៀត​បង្ហាញ​ពី​បទ​ពិសោធន៍​ក្នុង​ជីវិត​របស់​ខ្លួន​ប្រាប់​ភ្នាក់​ងារ​កោះ​សន្តិ​ភាព​កាល​ពី​ពេល​ ថ្មីៗ​នេះ​ថា​ ពី​មុន​លោក​គឺ​ជា​សិស្ស​នៅ​វិទ្យាល័យ​ប៊ុន​ រ៉ានី​ ផ្សារ​ដើម​ថ្កូវ​ តែ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​រៀន​សូត្រ​ឱ្យ​ដិត​ដល់​ដូច​សិស្ស​រួម​ថ្នាក់​ឯ​ទៀត​ឡើយ​ គឺ​ មួយ​ថ្ងៃៗ​គិត​តែ​ដើរ​លេង​ទៅ​នេះ​ទៅ​នោះ​ គេច​សាលា​ទៅ​ដើរ​លេង​ជាមួយ​មិត្ត​ភក្តិ​ ។ ពោល​ឱ្យ​តែ​បាន​លុយ​ពី​ម៉ាក់​ប៉ា​ គិត​តែ​ដើរ​លេង​មិន​ចូល​រៀន​ឡើយ​ ។​ ម៉្លោះ​ហើយ​ការ​សិក្សា​របស់​លោក​សិលា​ បាន​តិច​តួច​ត្រឹម​ថ្នាក់​វិទ្យា​ល័យ​ប៉ុណ្ណោះ​ ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ មិត្ត​រួម​ថ្នាក់​របស់​លោក​ខ្លះ​រៀន​សូត្រ​ចេះ​ដឹង​បាន​ធ្វើ​ការ​មាន​ប្រាក់​ខែ​សម​រម្យ​ ។​
ពេល​នៅ​រៀន​ លោក​សិលា​ រៀន​យ៉ាង​ម៉េច​ក៏​មិន​ចេះ​ដែរ​ តែ​ពេល​ចូល​ហាង​កាត់​សក់​ ម្តងៗ​លោក​មើល​គេ​ច្នៃ​ម៉ូដ​សក់​ជក់​ចិត្ត​ ហើយ​ឆាប់​ចាប់​បាន​ណាស់​ មើល​តែ​មួយ​ភ្លែត​ម៉ូដ​នោះ​ដក់​ជាប់​អារម្មណ៍​រហូត​ ។​

ដោយ​សារ​តែ​យល់​ថា​ ខ្លួន​ឯង​មាន​និស្ស័យ​ខ្លាំង​ទៅ​លើ​ផ្នែក​កាត់​សក់​បែប​នេះ​ លោក​សំ​ សិលា​ បាន​រំអុក​សុំ​ឪពុក​របស់​លោក​រៀន​កាត់​សក់​ ដោយ​ប្រាប់​ហេតុ​ផល​ថា​ លោក​រៀន​មិន​ចូល​ទេ​ បើ​គាត់​ឱ្យ​លុយ​ទៅ​រៀន​បាន​ត្រឹម​តែ​ចាយ​វាយ​អត់​ប្រយោជន៍​ ហើយ​ឧស្សាហ៍​គេច​មិន​ចូល​សាលា​ទៀត​ ។ ឪពុក​របស់​លោក​សិលា​ ជា​អ្នក​រៀន​ពូកែ​ ដូច្នេះ​ចង់​ឱ្យ​កូន​រៀន​ពូកែ​ដូច​គាត់​ ។ ដោយ​សារ​បែប​នេះ​ហើយ​ គាត់​ច្រាន​ចោល​បំណង​របស់​លោក​សិលា​ ។​ ទោះ​ជា​យ៉ាង​ណា​ក្តី​ លោក​សិលា​ មិន​បោះ​បង់​គំនិត​ចូល​រៀន​កាត់​សក់​ឡើយ​ ដោយ​ពុះ​ពារ​រហូត​បាន​ទៅ​រៀន​តាម​បំណង​របស់​ខ្លួន​ ។ លោក​សិលា​ រៀន​តែ​រយៈ​ពេល​១ខែ​កន្លះ​ប៉ុណ្ណោះ​អាច​ចាប់​យក​ជំនាញ​នេះ​បាន​ សូម្បី​តែ​អ្នក​បង្ហាត់​ក៏​សរសើរ​ថា​ ពូកែ​ដែរ​ ព្រោះ​តែ​អ្នក​ខ្លះ​រៀន​យូរ​ជាង​លោក​មិន​ចង់​ចេះ​ផង​ ។​

នៅ​ពេល​ទុក​ចិត្ត​ខ្លួន​ឯង​បាន​ហើយ​ លោក​សំ​ សិលា​ សម្រេច​ចិត្ត​បើក​ហាង​កាត់​សក់​​ដោយ​ជួល​សំយាប​ផ្ទះ​គេ​នៅ​ម្តុំ​វិទ្យាល័យ​ព្រះ​យុគន្ធរ​ កាស​ពី​ប្រមាណ​៦​ឆ្នាំ​មុន​ ។ ក្នុង​ជំហាន​ដំបូង​ លោក​សិលា ជួល​សំយាប​ផ្ទះ​គេ​ក្នុង​១ខែ​ជាង​១០០​ដុល្លារ​ សូម្បី​តែ​បន្ទប់​ទឹក​ក៏​គ្មាន​ដែរ​ និង​ខ្វះ​ឧបករណ៍​គ្រប់​យ៉ាង​ ។​ លោក​សិលា​ យក​ចាន​ដែក​ដាក់​លាង​សក់​ឱ្យ​ភ្ញៀវ​ ហើយ​គេ​ចេះ​តែ​ទ្រាំ​ ព្រោះ​លោក​កាត់​សក់​ស្អាត​សម​ទម្រង់​មុខ​ ។​

អ្នក​ច្នៃ​ម៉ូដ​សក់​វ័យ​ក្មេង​រូប​នេះ​ឱ្យ​ដឹង​ថា​ របរ​របស់​លោក​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ហើយ​បាន​ងាក​ទៅ​ជួល​ផ្ទះ​គេ​ធំ​ល្មម​បើក​ហាង​ឱ្យ​សម​រម្យ​ ។ ដោយ​មាន​ការ​រីក​ចម្រើន​ លោក​សិលា ពង្រីក​សាខា​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង​ ហើយ​មាន​អ្នក​សុំ​រៀន​ជំនាញ​នេះ​ពី​លោក​ច្រើន​នាក់​ណាស់​ ។​ នៅ​ភ្នំពេញ​ មាន​ហាង​២០​ ដែល​ជា​របស់​កូន​សិស្ស​លោក​ ។​ សព្វ​ថ្ងៃ​នេះ​លោក​សំ​ សិលា​ ពង្រីក​សាខា​កាត់​សក់​បាន​បី​កន្លែង​ ដោយ​ហាង​របស់​លោក​ដាក់​ឈ្មោះ​ថា​ «ហូលីវូត» នៅ​ក្រោយ​សាលា​ព្រះ​យុគន្ធរ​ ម្តុំ​ទួល​ទំពូង​ និង​នៅ​ខាង​ក្រោយ​វិទ្យា​ល័យ​ផ្សារ​ដើម​ថ្កូវ​ ។​

លោក​សំ​ សិលា​ មាន​ឪពុក​ឈ្មោះ​វង្ស សំណល់​ ជា​សន្តិ​សុខ​ស្ថាន​ទូត​ និង​ម្តាយ​ឈ្មោះ​ជា​ ដាវី​ បាត់​បង់​ជីវិត​ប៉ុន្មាន​ឆ្នាំ​មក​ហើយ​ ។​ សិលា​មាន​បង​ប្អូន​៧​នាក់​ ក្នុង​នោះ​លោក​ជា​កូន​ទី​៦​ ។​ នៅ​ពេល​អាជីព​កាត់​សក់​រីក​ចម្រើន​ ឪពុក​របស់​លោក​សំ​ សិលា​ ឈប់​ជំទាស់​ ហើយ​ព្យាយាម​ណែ​នាំ​លោក​ឱ្យ​ខិត​ខំ​តស៊ូ​ក្នុង​របរ​នេះ​ ។​ លោក​សិលា​ បាន​ជួយ​បង្រៀន​បង​ប្អូន​បង្កើត​ និង​សាច់​ថ្លៃ​មួយ​ចំនួន​ ឱ្យ​ចេះ​ជំនាញ​កាត់​សក់​ដែរ​ ហើយ​មាន​ខ្លះ​បាន​បើក​ហាង​ផ្ទាល់​ខ្លួន​ ។

តាម​រយៈ​ការ​បើក​កកាយ​ប្រវត្តិ​ផ្ទាល់​ខ្លួន​នេះ​ លោក​សិលា​ មាន​បំណង​តែ​មួយ​គត់​ គឺ​ចង់​ឱ្យ​យុវវ័យ​ខិត​ខំ​រៀន​សូត្រ​ដើម្បី​អនាគត​ល្អ​ ឬ​ត្រូវ​ចាប់​យក​ជំនាញ​ឱ្យ​ច្បាស់​ ដើម្បី​ចិញ្ចឹម​ជីវិត​ ។​ ទន្ទឹម​នេះ​លោក​អំពាវ​នាវ​ដល់​យុវជន​ត្រូវ​ធ្វើ​តែ​អំពើ​ល្អ​ ចៀស​ឱ្យ​ឆ្ងាយ​ពី​អំពើ​អបាយ​មុខ​ ៕​