រាជធានីភ្នំពេញ ៖ នៅទីបំផុតចំណងស្នេហ៍រវាងតារាសម្តែងនាងគង់ ច័ន្ទស្រីមុំ និងលោក គឹម សីហា បានឈានដល់ផ្លូវបំបែក បន្ទាប់ពីគូស្នេហ៍នេះសាងភាពផ្អែមល្ហែមអស់ពេលជាច្រើនឆ្នាំមកនេះ ។ សំឡេងភ្លេងការមិនបន្លឺឡើងឡើយសម្រាប់គូស្នេហ៍អ្នកសិល្បៈដូចគ្នាមួយគូនេះ បន្ទាប់ពីអតីតហ្វ្រេស៊ីហ្គើល នាងគង់ ច័ន្ទស្រីមុំ បានទម្លាយការប្រេះឆាពីចំណងស្នេហ៍របស់នាងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ។ គង់ ច័ន្ទស្រីមុំ បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា ចំណងស្នេហ៍រវាងនាង និងលោក គឹម សីហា បានឈានដល់ផ្លូវបំបែកហើយកាលពីពេល ថ្មីៗនេះ ។ គង់ ច័ន្ទស្រីមុំ សរសេរថា «ផុតម៉ោង១២យប់នេះ ខ្ញុំនៅម្នាក់ឯងហើយ» ។
តារាស្រីរូបនេះមិនបានបញ្ជាក់អំពីមូលហេតុអ្វីដែលធ្វើឱ្យចំណងស្នេហ៍ច្រើនឆ្នាំ និងបានសាងអនុស្សាវរីយ៍ផ្អែមល្ហែមជាមួយគ្នាស្ទើររាប់មិនអស់ទៅហើយនោះ បែរជាត្រូវដាច់ដោចទៅវិញទេ ប៉ុន្តែនាងបញ្ជាក់ប្រាប់មិត្តភក្តិនៅក្នុងហ្វេសប៊ុកថា វាជាការពិត មិនមែនលេងសើចទេ។ ពួកនាងបានឈានទៅដល់ផ្លូវបំបែកប្រាកដមែន ហើយនាងសប្បាយចិត្តក្នុងការរស់នៅតែម្នាក់ឯង ។ នាងបង្ហាញជំហរថា «រឿងរ៉ាវមួយនេះមិនអាចដោះស្រាយបានទេ» ។
ពាក់ព័ន្ធបញ្ហានេះមិនអាចអះអាងថាជាការពិត ឬយ៉ាងណាឡើយ ដោយសារកោះសន្តិភាពមិនអាចសុំការបកស្រាយពីនាងគង់ ច័ន្ទស្រីមុំ បានឡើយនៅថ្ងៃទី១៩ កញ្ញា ២០១៣ ដោយសារតែទូរស័ព្ទដែលនាងធ្លាប់ប្រើនោះមិនអាចទទួលការហៅចូលបានឡើយ ។
ទោះជាយ៉ាងណាក្តី រឿងរ៉ាវនៃការប្រេះឆារវាងគូស្នេហ៍មួយគូនេះមិនមែនកើតឡើងម្តងនេះឡើយ ពោលគឺកើតឡើងម្តងហើយម្តងទៀត ប៉ុន្តែពួកគេទាំងពីរតែងតែព្យាយាមចេញមុខបដិសេធ ។ គេនៅចាំបានថា មុននេះបន្តិចសារព័ត៌មានមួយចំនួនបានចុះផ្សាយពីភាពរង្គោះរង្គើចំណងស្នេហ៍ គង់ ច័ន្ទស្រីមុំ និង គឹម សីហា ដែរ ខណៈមានការលើកឡើងថា ស្រីមុំ ជាអ្នកសុំបែកមុន ដោយបានដើរហើរជាមួយបុរសផ្សេងជាញឹកញាប់ទៀតផង ។
ប៉ុន្តែព័ត៌មាននេះបានស្ងប់ស្ងាត់ទៅវិញ ដោយកាលនោះមានការបកស្រាយពីភាគីលោក គឹម សីហា ថា គ្មានរឿងដូច្នោះទេ និងស្នើសុំឱ្យឆ្លងកាត់ពួកគេសិនមុននឹងផ្សាយ ។ ទោះជាយ៉ាងណាក្តី មួយរយៈចុងក្រោយនេះគេតែងតែឃើញ គង់ ច័ន្ទស្រីមុំ ច្រើនបណ្តើរប្រុសក្មេងម្នាក់ជំនួស គឹម សីហា ទៅវិញ រាល់ពេលចូលរួមកម្មវិធីជួបជុំអ្នកសិល្បៈនានា នាំឱ្យគេសង្ស័យថាភាពរង្គោះរង្គើចំណងស្នេហ៍របស់អ្នកទាំងពីរពិតជាកើតមានមែន ។
ដោយឡែកប្រភពក្រៅផ្លូវការមួយបង្ហើបឱ្យដឹងថា អាពាហ៍ពិពាហ៍របស់ សីហា និង ស្រីមុំ មិនអាចកើតមានឡើយ ដោយសារតែពួកគេទាំងពីរជាបងប្អូនជីដូនមួយនឹងគ្នា ។ចំណងស្នេហ៍នៅគង់វង្ស ឬបាក់បែកជារឿងរបស់ គឹម សីហា និង គង់ ច័ន្ទស្រីមុំ តែអ្វីដែលបង្ហាញឡើងគឺសារក្នុងហ្វេសប៊ុករបស់ ស្រីមុំ ថាវាដល់ផ្លូវបំបែកហើយ ៕
ចែករំលែកព័តមាននេះ