នាយ​សាន ម៉ៅ កាន់តែ​ដុនដាប​ញ្ចាំ​ទ្រព្យ​នាំ​ទៅ​ព្យាបាល​នៅ​ថៃ


រាជធានី​ភ្នំពេញ​៖ ដោយសារ តែ មើលឃើញ​ពី​ស្ថានភាព​ជំងឺ​នាយ​សាន ម៉ៅ ហាក់​មិន​ធូរស្បើយ​នោះ ក្រុម​គ្រួសារ​តារា​កំប្លែង​រូប​នេះ​បាន​សម្រេច​បញ្ចាំ​រថយន្ត និង​ប្លង់​ដី ត្រៀម​នឹង​យក​នាយ​ទៅ​ព្យាបាល​បន្ត​នៅ​ប្រទេស​ថៃ ។

ក្រុម​គ្រួសារ​បញ្ជាក់​ថា ជំងឺ​របស់​លោក សាន ម៉ៅ ច្រើន​ប្រភេទ និង​ឈាន​ដល់​ដំណាក់កាល​ធ្ងន់ តែ​ដោយ​សារ​តែ​មិន​អាច​ឈរ​មើល​បាន ទើប សម្រេច​បញ្ចាំ​របស់របរ​ដើម្បី​នាំ​យក​រូប​លោក​ចេញ​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​ក្នុង​ក្តី​សង្ឃឹម​ចុង​ក្រោយ ។ បើ​តាម​ការ​អះអាង​ពី​កូនស្រី​របស់​នាយ សាន ម៉ៅ និង​ត្រូវ​បាន​ផ្សាយ​​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ក​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ​ជំងឺ​លោក​សាន ម៉ៅ នៅ​តែ​មិន​អាច​ធូរស្រាល​នៅឡើយ​ទេ ពោល​គឺ​ស្ថិត​ក្នុង​លក្ខណៈ​ធ្ង​រ ។

ឪពុក​របស់​នាង​បាន​ពើបប្រទះ​ជំងឺ​ច្រើន​មុខ ដូច​ជា លើសឈាម ទឹកនោមផ្អែម ជា​ពិសេស​ជំងឺ​សួត​ធ្ងន់​ដែល​តម្រូវ​ឲ្យ​ដាក់​អុក​ហ្ស៊ី​សែន​ជា​ប្រចាំ ។ ប្រការ​នេះ​បាន​ធ្វើ​ក្រុម​គ្រួសារ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​នៅ​ក្នុង​ការ​ព្យាបាល​លោក សាន ម៉ៅ ដែល​គិត​មក​ដល់​ពេល​នេះ​បាន​ចំណាយ​ប្រហែល​១​ម៉ឺន​ដុល្លារ​ហើយ ។

បើ​តាម​កូនស្រី​នាយ​សាន ម៉ៅ បើ​ទោះបីជា​ត្រូវ​ចំណាយ​ច្រើន និង​ការ​យកចិត្តទុកដាក់​ពី​ក្រុម​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ក៏​ដោយ ប៉ុន្តែ​ជំងឺ​ឪពុក​នាង​ហាក់​មិន​ធូរស្រាល​ឡើយ ដោយសារ​គាត់​ស្ថិត​ក្នុង​សភាព​ធ្ងន់ ។ ក្រុម​គ្រួសារ​របស់​នាង​បាន​សម្រេច​លើក​ចុង​ក្រោយ​នឹង​ត្រូវ​បញ្ជូន​លោក​សាន ម៉ៅ ទៅ​បន្ត​ការ​ព្យា​បាល​នៅ​ស្រុក​អ៊ូ​ប៊ុ​ន ប្រទេស​ថៃ​ថែម​ទៀត ក្នុង​ក្តី​សង្ឃឹម​ចុង​ក្រោយ បើ​ទោះបីជា​ស្ថានភាព​ជំងឺ​របស់​លោក​នា​ពេល​នេះ​ស្ថិត​ក្នុង​ស្ថាន​ការ​មួយ​គួរ​ឲ្យ​ព្រួយ​បារ​ម្ម​ណ៍​ក៏​ដោយ ។

កូនស្រី​នាយ​សាន ម៉ៅ បញ្ជាក់​ថា​ដោយសារ​ការ​បញ្ចាំ​ប្លង់​ដី និង​រថយន្ត ពេល​នេះ​ក្រុម​គ្រួសារ​របស់​នាង​មាន​ប្រាក់​ប្រមាណ​១​ម៉ឺន​៥​ពាន់​ដុល្លារ ដូច្នេះ​បើ​ក្នុង​ករណី​ការ​ព្យាបាល​ត្រូវ​ចំណាយ​លើស​នេះ គឺ​នាង និង​ក្រុម​គ្រួសារ​ពុំ​មាន​លទ្ធភាព​ឡើយ ។

ស្ថិត​ក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ​ក្នុង​នាម​ក្រុម​គ្រួសារ​នាយ​សាន ម៉ៅ និង​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ប្រធាន​សមាគម​សិល្បករ​ខ្មែរ​បាន​អំពាវនាវ​ដល់​សប្បុរសជន​គ្រប់​មជ្ឈដ្ឋាន​ជួយ​ដល់​តារា​កំប្លែង​នាយ​សាន ម៉ៅ ផង ដើម្បី​បម្រើ​ការ​កម្សាន្ត​សប្បាយ​ជូន​ទស្សនិកជន​ទៀត ៕

Facebook Google Twitter Email

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ