ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ខ្លុយ និង​ជីវិត​ខ្ញុំ​»​រឿង​ជីវិត​សិល្បករ​ម្នាក់​ក្នុង​របប​ខ្មែ​ក្រហម

5 ឆ្នាំ មុន
  • ភ្នំពេញ

ជិត​ដល់​បុណ្យខួប​៤០​ឆ្នាំ​ទិវា​«​ជ័យជម្នះ​៧​មក​រា​» សូម​បង្ហាញ​ជូន​ប្រិ​យ​មិត្ត​អ្នក​អាន​ប្រ​វ​តិ្ត​រឿងរ៉ាវ​ជីវិត​មួយ​នៅ​ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុ​ល ពត ។ អត្ថបទ​នេះ​ស្រង់​ចេញពី​«​ទស្សនាវដ្ដី​ស្វែងរក​ការ​ពិត​» ។ បើ​​យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​លោក​ហ៊ុន សា​រិ​ន សាស្ត្រាចារ្យ​សិល្បៈ​តន្ត្រី «​ខ្លុយ​»…

ជិត​ដល់​បុណ្យខួប​៤០​ឆ្នាំ​ទិវា​«​ជ័យជម្នះ​៧​មក​រា​» សូម​បង្ហាញ​ជូន​ប្រិ​យ​មិត្ត​អ្នក​អាន​ប្រ​វ​តិ្ត​រឿងរ៉ាវ​ជីវិត​មួយ​នៅ​ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុ​ល ពត ។ អត្ថបទ​នេះ​ស្រង់​ចេញពី​«​ទស្សនាវដ្ដី​ស្វែងរក​ការ​ពិត​» ។

បើ​​យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​លោក​ហ៊ុន សា​រិ​ន សាស្ត្រាចារ្យ​សិល្បៈ​តន្ត្រី «​ខ្លុយ​» មាន​អាយុ​កាល​រាប់​ពាន់​ឆ្នាំ​មក​ហើយ ជាក់ស្តែង​នៅ​សម័យ​នគរ​ភ្នំ​នា​សតវត្សរ៍​ទី​៣ (​ឆ្នាំ​២៤៣) ទូត​ខ្មែរ​បាន​ធ្វើ​តង្វាយ​​ទៅ​ស្រុក​ចិន​នូវ​ក្រុម​ភ្លេង​មួយ​ក្រុម ដែល​ក្នុង​នោះ​មាន​អ្នក​ផ្លុំ​ខ្លុយ​ដែរ នេះ​បើ​យោង​តាម​សៀវភៅ​របស់ Annale Extreme Oriant បោះពុម្ព​នៅ​ឆ្នាំ​១៩៣៥ ។

ម្យ៉ាងវិញទៀត​បើ​តាម​លោក​ឧកញ៉ា​មហា​ធិ​បតី មាស ឌី ប្រធាន​ក្រុម​ភ្លេង​ព្រះរាជ​ទ្រព្យ​ក្នុង​រវាង​ឆ្នាំ​១៩៦៥ ដែល​ដឹង​ត​ពី​ជីតា​របស់​គាត់​ឈ្មោះ សុវណ្ណ ជា​អ្នក​ផ្លុំស្រឡៃ និង​ខ្លុយ​ពីរោះ​ផុត​គេ​ក្នុង​វាំង​នៃ​រាជ្យ​ព្រះបាទ​សម្តេចព្រះ​មុនី​វង្ស បាន​មាន​ប្រសាសន៍​ថា ខ្លុយ​មាន​វត្តមាន​តាំងពី​មុន​សម័យ​អង្គរវត្ត​មក​ម្ល៉េះ ដែល​ពេល​នោះ​ខ្លុយ​ត្រូវ​បាន​ប្រគំ​ជាមួយនឹង​ទ្រខ្មែរ ចាប៉ី​ដង​វែង នៅ​ក្នុង​វង់ភ្លេង​មហោរី​បុរាណ ។

នៅ​កម្ពុជា​ខ្លុយ​មាន​បី​ប្រភេទ រួម​មាន ខ្លុយ​តូច ខ្លុយ​ធំ និង​ខ្លុយ​ភ្លោះ ។ ខ្លុយ​ធំ​មាន​ទំហំ​ធំ មានសំនៀង​ធំ ជា​ខ្លុយ​ពិសេស ប្រើ​តែ​ក្នុង​ភ្លេង​មហោរី ដែល​ជា​គូ​នឹង​ខ្លុយ​តូច ។ បច្ចុប្បន្ន​នេះ​ខ្លុយ​ធំ​ពុំ​សូវ​មាន​អ្នក​ប្រើប្រាស់​ឡើយ ។ រីឯ​ខ្លុយ​ភ្លោះ​ដែល​ជា​ខ្លុយ​បុរាណ​បំផុត​បាន​បាត់បង់​ពី​សង្គម​កម្ពុជា​ហើយ ។

នៅ​កម្ពុជា ខ្លុយ​ភាគច្រើន​ត្រូវ​បាន​ផលិត​ឡើង​ដោយ​យក​ដើម​ឫស្សី​ពក​មួយ​សាច់ ឬ​ឫស្សី​ណា​ដែល​មាន​ប្រហោង​ប៉ុន​ម្រាមដៃ និង​មាន​សំណុំ​អាច​ធ្វើ​ខ្លុយ​បាន ។ សម័យ​ក្រោយ​នេះ ប្រជាជន​យក​បំពង់​ដែក បំពង់​ជ័រ ឬ​ក្រឡឹង​ឈើ​រឹង​ៗ ដូច​ជា ឈើ​នាងនួន ឈើ​គ្រញូង ឈើខ្មៅ ជាដើម មក​ផលិត​ជា​ខ្លុយ ។

ខ្លុយ​ជា​ឧបករណ៍​មាន​ប្រជាប្រិយភាព ដោយសារ​តែ​ឧបករណ៍​ភ្លេង​មួយ​នេះ​ងាយស្រួល​ផលិត និង​ងាយ​រៀន​ចេះ​ជាង​ឧបករណ៍​ដទៃ ។

ខ្លុយ​មិនមែន​ប្រើ​សម្រាប់​តែ​ប្រគំ​ក្នុង​វង់ភ្លេង​នោះ​ទេ ជួនកាល​គេ​ផ្លុំ​លេង​តែ​ម្នាក់ឯង​តាម​វាលស្រែ តាម​ផ្ទះ តាម​វត្ត​អារាម ឬ​តាម​ទីផ្សារ​។ ជួនកាល​ខ្លុយ​ត្រូវ​បាន​ប្រើ​ជាមួយនឹង​ឧបករណ៍​ភ្លេង​ដទៃ​ទៀត​នៅ​ក្នុង​វង់ភ្លេង​មហោរី វង់ភ្លេង​ការ​សម័យ​ទំនើប វង់ភ្លេង​អា​យ៉ៃ វង់ភ្លេង​ល្ខោនបាសាក់ ឬ​វង់ភ្លេង​ប្រជាប្រិយ​ផ្សេង​ៗ​ទៀត ។ គ្រប់​ឧបករណ៍​ដែល​ត្រូវ​ប្រគំ​ជាមួយ​ខ្លុយ​ត្រូវ​រឹត​សំនៀង​តាម​ខ្លុយ​ទាំងអស់​។

ពេល​ខ្លះ​សំឡេង​ខ្លុយ​អាច​ធ្វើ​ឱ្យ​អ្នក​ស្តាប់​មាន​អារម្មណ៍​អន្លង់​អ​ន្លោ​ច​ទៅ​តាម​សូរសៀង​ដ៏​ប៉ិនប្រសព្វ​របស់​អ្នក​ផ្លុំ ។ ប្រសិនបើ​ការ​ផ្លុំ​នោះ​ស្ថិត​ក្នុង​នៅ​ក្នុង​រាត្រី​ដ៏​ស្ងាត់ជ្រងំ​វិញ អ្នក​ស្ដាប់​អាច​នឹង​ស្រមើស្រមៃ​នឹក​ឃើញ​​រឿងរ៉ាវ​អ្វីមួយ ដែល​ធ្វើ​ឱ្យ​គាត់​ស្រណោះស្រណោក រហូត​អាច​ធ្វើ​ឱ្យ​គាត់​ស្រក់​ទឹកភ្នែក​ដោយ​មិនដឹង​ខ្លួន ។

នៅ​ក្នុង​របប​ខ្មែរក្រហម​ដែល​ជា​សម័យកាល​មួយ ដែល​គ្រួសារ​ខ្មែរ នីមួយ​ៗ បាន​ព្រាត់ប្រាស​បងប្អូន ឪពុក​ម្តាយ ទៅ​តាម​តំបន់ ផ្សេង​ៗ​តាម​រយៈ​ការ​បង្ខិតបង្ខំ​របស់​ខ្មែរក្រហម ប្រសិនបើ​អ្នក​ទាំងនោះ​បាន​ស្ដាប់​សំឡេង​​ខ្លុយ​ដ៏​គ្រលួច​នៅ​ក្នុង​ពេល​រាត្រី អ្នក​ទាំងនោះ​ប្រាកដជា​មិន​អាច​ទប់ទឹក​ភ្នែក​ខ្លួនឯង​បាន​ឡើយ ដ្បិត​សំឡេង​ខ្លុយ​អាច​មាន​អំណាច​ទម្លុះ​ដួងចិត្ត​របស់​អ្នក​ស្តាប់ ។

ជាក់ស្តែង​លោកគ្រូ​កែវ ម៉ា​លី​ស មាន​ប្រសាសន៍​ថា «​រាត្រី​ថ្ងៃមួយ​ក្នុង​របប​ខ្មែរក្រហម គាត់​បាន​យក​ខ្លុយ​ដែល​ធ្វើ​ពី​ដើម​ឫស្សី​មួយ​ដើម​ច្នៃ​ចេញ​ដោយ​ចុង​កាំបិត​មក​ផ្លុំ ។ គ្រាន់តែ​គាត់​ផ្លុំ​ភ្លាម សំឡេង​របស់​ខ្លុយ​កម្សត់​ពេក ពេល​នោះ ស្រី​ៗ​នាំ​គ្នា​យំ​»​។

ទឹកភ្នែក​ដែល​ស្រក់​ចេញពី​អ្នក​ស្ដាប់​ទាំងនោះ គឺ​បណ្តាល​មក​ពី​ការ​នឹករលឹក​ឪពុក​ម្តាយ និង​បងប្អូន​ដែល​ឃ្លាតឆ្ងាយ ។ តាម​រយៈ​ការ​ចេះ​ផ្លុំ​ខ្លុយ​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ ម៉ា​លី​ស មាន​អ្នក​ស្រលាញ់​ចូល​ចិត្ត រហូត​ដល់​ពេល​ខ្លះ នៅ​ពេល​ដែល​ម៉ា​លី​ស ឈឺ​ខ្លាំង​ធ្វើ​ការងារ​អ្វី​មិនកើត ម៉ា​លី​ស នៅ​តែ​ទទួល​បាន​អាហារ​បរិភោគ ។

មិនតែប៉ុណ្ណោះ​យោធា​ខ្មែរក្រហម​មួយ​ចំនួន​បាន​ហៅ​គាត់​ទៅ​ផ្លុំ​ខ្លុយ​ឱ្យ​ស្ដាប់​ទៀត​ផង ។ ជា​ការ​តបស្នង ខ្មែរក្រហម​បាន​ផ្តល់​បាយ​ទឹក​ឲ្យ​ម៉ា​លី​ស ហូប ជួនកាល​ឱ្យជើង​ជ្រូក​ទៅ ម៉ា​លី​ស យក​មក​កន្លែង​ស្នាក់​នៅ​វិញ ។

ទោះបីជា​យ៉ាងនេះ​ក៏​ដោយ ក៏​បទ​ដែល ម៉ា​លី​ស ផ្លុំ​សុទ្ធតែ​ទាក់ទង​នឹង​បដិវត្តន៍​របស់​ខ្មែរក្រហម ។ បើ​គាត់​ហ៊ាន​ផ្លុំ​ខុស​ពី​នោះ គាត់​នឹង​មិន​អាច​រក្សា​ជីវិត​ខ្លួនឯង​នោះ​ឡើយ ។ សិល្បករ​មួយ​ចំនួន​ដែល​ច្រៀង​ខុស​ពី​គោលការណ៍​របស់​ខ្មែរក្រហម​ត្រូវ​បាន​ខ្មែរក្រហម​សម្លាប់​។ ខ្លុយ​គឺជា​ឧបករណ៍​មួយ​ដែល​ម៉ា​លី​ស ចូល​ចិត្ត​តាំងពី​ក្មេង​មក​ម្ល៉េះ ។

ម៉ា​លី​សបាន​រៀន​ចេះ​ផ្លុំ​ខ្លុយ​ពី​លោកគ្រូ​សាំង ក្នុងអំឡុងពេល​រៀន​ឆ្នាំ​ទី​១ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ មុន​របប​ខ្មែរក្រហម ។

ម៉ា​លី​ស កើត​ក្នុង​ឆ្នាំ​១៩៥០ នៅ​ឃុំ​រកា​កោង ស្រុក​មុខកំពូល ខេត្ត​កណ្ដាល ក្នុង​គ្រួសារ​មួយ​ដែល​មាន​ម្តាយ​ឈ្មោះ​ន​ង ជី​ម និង​ឪពុក​ឈ្មោះ កែវ វ៉ា ព្រម​ទាំង​មាន​បងប្អូន​ចំនួន​៦​នាក់​។ កាលពី​ក្មេង​ម៉ា​លី​ស បាន​សិក្សា​នៅ​សាលា​បឋម​សិក្សា​រកា​កោង រួច​ក៏​បាន​បន្ត​ការ​សិក្សា​នៅ​អនុ​វិទ្យាល័យ​សិរី​មង្គល ។

ម៉ា​លី​ស កើត​ក្នុង​ឆ្នាំ​១៩៥០ នៅ​ឃុំ​រកា​កោង ស្រុក​មុខកំពូល ខេត្ត​កណ្ដាល ក្នុង​គ្រួសារ​មួយ​ដែល​មាន​ម្តាយ​ឈ្មោះ​ន​ង ជី​ម និង​ឪពុក​ឈ្មោះ កែវ វ៉ា ព្រម​ទាំង​មាន​បងប្អូន​ចំនួន​៦​នាក់​។ កាលពី​ក្មេង​ម៉ា​លី​ស បាន​សិក្សា​នៅ​សាលា​បឋម​សិក្សា​រកា​កោង រួច​ក៏​បាន​បន្ត​ការ​សិក្សា​នៅ​អនុ​វិទ្យាល័យ​សិរី​មង្គល ។

នៅ​ក្នុង​ឆ្នាំ​១៩៦៧ ក្រោយ​បញ្ចប់​ការ​សិក្សា​នៅ​អនុ​វិទ្យាល័យ​សិរី​មង្គល ម៉ា​លី​ស បាន​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ មហាវិទ្យាល័យ​នាដ​សាស្ត្រ ដែល​មា​នទី​តាំងនៅ​ក្បែរ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី ។

បន្ទាប់​ពី​ម៉ា​លី​ស រៀន​បាន​មួយ​ឆ្នាំ (១៩៦៨) លោកតា​ឆេ​ង ផុ​ន បាន​ចាត់តាំង​ម៉ា​លី​ស ទៅ​ខេត្តសៀមរាប ដោយសារ​តែ​លោកតា​ឆេ​ង ផុ​ន បាន​ស្នើ​សុំ​រដ្ឋាភិបាល និង​សាកល​វិទ្យា​ធិ​ការ​បើក​សាលា​មួយទៀត​នៅ​ទីនោះ ដែល​ជា​កន្លែង​វប្បធម៌​ដ៏​ធំ​មួយ​របស់​កម្ពុជា ។

ម៉ា​លី​ស បាន​បញ្ជាក់​ថា នៅ​ពេល​នោះ​យៀកកុង​បាន​ចូល​មក​ដល់​ប្រាសាទអង្គរវត្ត តាម​ច្រក​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ។ មន្ទីរពេទ្យ​គន្ធ​បុប្ផា​មិន​ទាន់​បាន​កសាង​នៅឡើយ​ទេ ។ ទីធ្លា​នោះ​គឺជា​ពហុ​កីឡដ្ឋាន ។ រៀង​រាល់​យប់​ម៉ា​លី​ស និង​សហការី​ផ្សេង​ទៀត​ត្រូវ​បាន​ចាត់តាំង​ឲ្យ​យាមល្បាត​ជុំវិញ​បរិវេណ​សាលារៀន ។ មេក្រុម​របស់​ម៉ា​លី​ស ឈ្មោះ​សូ​រិ​ន្ទ ។

នៅ​ឆ្នាំ​១៩៦៩ ម៉ា​លី​ស និង​សិល្បករ​ដទៃ​បាន​ត្រឡប់​មក​ភ្នំពេញ​វិញ ដ្បិត​សង្គ្រាម​រវាង​កងទ័ព​ខ្មែរ និង​កងទ័ព​យៀកកុង កាន់តែ ខ្លាំង​ឡើង​ៗ ។ នៅ​ឆ្នាំ​១៩៧០ ម៉ា​លី​ស បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់ឌីប្លូម​សិល្បៈ និង​បាន​ទៅ​ហាត់​ល្ខោនខោល​នៅ​ខេត្តសៀមរាប ព្រមទាំង​បាន​សិក្សា​ស្រាវជ្រាវ​រក​ក្បាច់​ស្វា​ដើម​នៅ​ឆ្នាំ​១៩៧១​។

នៅ​ឆ្នាំ​១៩៧២ ម៉ា​លី​ស បាន​ត្រឡប់​មក​ភ្នំពេញ​វិញ​ដើម្បី​បន្ត​ការ​សិក្សា និង​បង្រៀន​នៅ​ទីក្រុង​ភ្នំពេញ រហូត​ដល់​ឆ្នាំ​១៩៧៥ ។

នៅ​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ទីក្រុង​ភ្នំពេញ​ត្រូវ​បាន​ខ្មែរក្រហម​កាន់កាប់​ទាំងស្រុង ។ ខ្មែរក្រហម​បាន​ប្រកាស​ឱ្យ​ប្រជាជន​ចាក​ចេញពី​ទីក្រុង​រយៈពេល​បី​ថ្ងៃ ក្រោម​ហេតុផល​ថា​អា​មេ​រិ​កាំ​ង​នឹង​ទម្លាក់​គ្រាប់​បែក ។ ម៉ា​លី​ស បាន​ធ្វើ​ដំណើរ​ចាក​ចេញពីផ្ទះ ប្រហែល​ម៉ោង​ពីរ​រសៀល​ដោយ​ថ្មើរជើង​ពី​ផ្សារ​ដេប៉ូ ឆ្ពោះ​ទៅ​ពោធិ៍​ចិន​តុង​។ ការ​ធ្វើ​ដំណើរ​ចំណាយពេល​ស្ទើរ​ពេញ​មួយ​ថ្ងៃ ដោយសារ​តែ​មនុស្ស​ម្នា​ច្រើន​កកកុញ ។

ថ្ងៃ​ទី​ពីរ និង​ទី​បី ម៉ា​លី​ស បាន​ធ្វើ​ដំណើរ​ដល់​ភ្នំ​ជ្រៃ​ព្នៅ ជា​កន្លែង​ដែល​គាត់​គិត​ថា​ខ្មែរក្រហម​មិន​ឱ្យ​ប្រជា​ជន​ត្រឡប់​ចូល​ទីក្រុង​ភ្នំពេញ​វិញ​តាម​ការ​សន្យា​នោះ​ទេ​។ ខ្មែរក្រហម​បាន​បាញ់​សម្លាប់​ប្រជាជន​ជា​ច្រើន​នៅ​តាម​ផ្លូវ ។ ម៉ា​លី​ស បាន​សម្រេចចិត្ត​បោះ​កាត​សម្គាល់​ខ្លួន​និស្សិត​ចោល ដោយ​បារម្ភ​អំពី​ជីវិត​ផ្ទាល់ខ្លួន ។ ម៉ា​លី​ស បាន​បន្តដំណើរ​រហូត​ដល់​ភ្នំ​ស្រង់ ។

ខ្មែរក្រហម​បាន​បញ្ជា​ឲ្យ​ប្រជាជន​រែក​ដី និង​លើក​ទំនប់ ។ មួយ​ខែ​ក្រោយមក ខ្មែរក្រហម​បាន​ជម្លៀស​ប្រជាជន​ចេញពី​ភ្នំ​ស្រង់​ទៅ​ភូមិ​មួយ​ផ្សេង​ទៀត​នៅ​ក្បែរ​នោះ ដោយសារ​តែ​នៅ​ភ្នំ​ស្រង់​មាន​មនុស្ស​ស្លាប់​ដោយ​ជំងឺ​ច្រើន​ពេក ។

នៅ​ភ្នំ​ជាល​បាន​បី​ខែ ម៉ា​លី​ស ត្រូវ​បាន​អង្គការ​ជម្លៀស​ទៅ​ខេត្តបាត់ដំបង ។ ខ្មែរក្រហម​បាន​យក​ឡាន​ដឹក​ប្រជាជន​ចេញពី​ខេត្តកំពង់ស្ពឺ ឆ្ពោះទៅ​ខេត្តពោធិ៍សាត់ មុន​នឹង​ធ្វើ​ដំណើរ​បន្ត​ទៅ​ខេត្តបាត់ដំបង​តាម​រថភ្លើង ។ នៅ​ពេល​ដែល​ទៅ​ដល់​បាត់ដំបង ម៉ា​លី​ស ត្រូវ​បាន​ខ្មែរក្រហម​ដឹក​តាម​រទេះគោ​ស​ម្តៅ​ទៅ​ស្ពាន​កំពង់​ថ្កូវ តំបន់​៥ ស្ថិត​នៅ​ភូមិភាគ​ពាយ័ព្យ​ក្រោម​ការ​ដឹកនាំ​របស់ រស់ ញឹ​ម ។

នៅ​ទីនោះ អង្គការ​បាន​ចាត់តាំង ម៉ា​លី​ស ឱ្យធ្វើ​ការ​នៅ​ក្នុង​កងចល័ត រួម​មាន​ធ្វើស្រែ​ចម្ការ លើក​ទំនប់ និង​ជីក​ប្រឡាយ​ជាដើម ។ នៅ​រដូវវស្សា ឆ្នាំ​១៩៧៧ ម៉ា​លី​ស បាន​ឈឺ​កែងជើង​ដើរ​មិន​រួច នៅ​ពេល​ដែល​គាត់​កំពុងធ្វើការ​នៅ​ទំនប់​ត្រពាំង​ថ្ម ។ ម៉ា​លី​ស ត្រូវ​បាន​អ្នកធ្វើការ​ជាមួយ​លើកដាក់​រទេះ​បញ្ជូន​ទៅ​មន្ទីរ​សុខ​ភាព​ភូមិ​ទឹកជោរ ។

សម្រាក​នៅ​ពេទ្យ​បាន​មួយ​អាទិត្យ ម៉ា​លី​ស បាន​ស្គាល់​មិត្ត​នារី​ពេទ្យ​ម្នាក់​ដែល​ជា​ប្រជាជន​១៧​មេ​សា ។ នារី​ពេទ្យ​រូប​នោះ​ត្រូវ​បាន​អង្គការ​អនុញ្ញាត​ឲ្យ​ធ្វើការ​នៅ​មន្ទីរ​សុខភាព ដោយសារ​តែ​គាត់​ចេះ​ភាសា​បារាំង និង​អាច​អាន​អក្សរ​នៅ​លើ​សំបក​ថ្នាំ ។

មិនតែប៉ុណ្ណោះ​នៅ​ពេលទំនេរ នារី​ពេទ្យ​១៧ មេ​សា រូប​នោះ​តែងតែ​បង្រៀន​មិត្ត​នារី​ពេទ្យ​មូលដ្ឋាន​ដទៃ​ទៀត​​ឲ្យ​ចេះ​លាប​ក្រែ​ម​ម្សៅ ថែម​ទៀត​ផង ។ រៀង​រាល់​យប់ ម៉ា​លី​ស តែងតែ​យក​ខ្លុយ​របស់​គាត់​មក​ផ្លុំ​លេង​​ក្បែរ​បង្អួច ។ ថ្ងៃមួយ មិត្ត​នារី​ពេទ្យ​នោះ​បាន​មក​ចែក​បបរ​ដល់​អ្នកជំងឺ​ជំនួស​អ្នក​ចាស់ ។ មិត្ត​នារី​ពេទ្យ​បាន​សួរនាំ ម៉ា​លី​ស បន្ទាប់​ពី​ស្តាប់​ឮ​សំឡេង​ខ្លុយ ។

នៅ​ពេល​នោះ ទើប ម៉ា​លី​ស ដឹង​ថា មិត្ត​នារី​ពេទ្យ​រូប​នោះ​ត្រូវ​បាន​ជម្លៀស​មក​ពី​ទីក្រុង​ភ្នំពេញ​ដូច​គាត់​ដែរ​។ លុះ​មិត្ត​នារី​រូប​នោះ​បានដឹង ក៏​បាន​រាប់អាន ម៉ា​លី​ស ព្រមទាំង​បាន​លួច​យក​បបរ​មក​ដាក់​នៅ​ចុងជើង​គាត់​រៀង​រាល់​យប់​ជ្រៅ ។ នៅ​ក្នុង​បបរ​នោះ មាន​បង្កប់​ជើង​ជ្រូក​នៅ​ខាងក្នុង ។

ម៉ា​លី​ស​គិត​ក្នុង​ចិត្ត​ថា មិត្ត​នារី​ម្នាក់​នោះ​ច្បាស់​ជា​មានចិត្ត​អាណិត ស្រឡាញ់​រូប​គាត់ ទើប​ជួយ​យកអាសា​គាត់ ។ ហេតុ​ដូច្នេះ​រៀង​រាល់​ពេល​ទំនេរ ម៉ា​លី​ស តែងតែ​ទៅ​ឆ្លៀត​សួរសុខទុក្ខ​មិត្ត​នារី​នោះ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ក៏​ម៉ា​លី​ស មិន​ហ៊ាន​នៅ​យូរ​ដែរ ដ្បិត​គាត់​ខ្លាច​អង្គការ​មើលឃើញ ។

ផ្ទុយ​អំពី​អ្នកជំងឺ​ដទៃ មិត្ត​នារី​បាន​លួច​ថ្នាំពេទ្យ​របស់​អង្គការ​មក​ឲ្យ​ម៉ា​លី​ស ហើយ​ម៉ា​លី​ស ក៏​បាន​យក​ទៅ​លាក់​ទុក​នៅ​ជាយ​ក្រមា​របស់​ខ្លួន ។ ម៉ា​លី​ស តែងតែ​ចែក​បបរ​ដែល​គាត់​ហូប​មិន​អស់​ទៅ​ដល់​អ្នកជំងឺ​ផ្សេង​ទៀត​នៅ​ក្នុង​បន្ទប់ ។

មិនយូរ​ប៉ុន្មាន បុគ្គលិក​ពេទ្យ​របស់​អង្គការ​បានដឹង​អំពី​ការ​លាក់​បបរ ដោយសារ​តែ​អ្នកជំងឺ​ច្រណែន​គ្នា​ក្នុង​ការ​ទទួល​បបរ​ដែល​នៅ​សល់ ។ ពេល​យប់​មក​ដល់ មិត្ត​នារី​ពេទ្យ​នោះ​បាន​មក​ខ្សឹប​ប្រាប់​ម៉ា​លី​ស ឲ្យ​ចាក​ចេញពី​មន្ទីរពេទ្យ​នៅ​ព្រឹក​បន្ទាប់ ក្រែង​នឹង​អាច​រក្សា​ជីវិតរ​ស់បាន ។ គាត់​ក៏​សម្រេច​ចិត្ត​ចេញពី​មន្ទីរពេទ្យ​ត្រឡប់​ទៅ​ការដ្ឋាន​វិញ ។

នៅ​ចុងឆ្នាំ​១៩៧៨ និង​ដើមឆ្នាំ​១៩៧៩ ម៉ា​លី​ស រស់នៅ និង​ធ្វើស្រែ​ចម្ការ ព្រមទាំង​លើក​ទំនប់​នៅ​រហាល​ក្របី ។ ពីរ​បី​ថ្ងៃ​ម្តង ម៉ា​លី​ស តែង​ឮ​ស្នូរ​ការ​ផ្ទុះអាវុធ​នៅ​ពេល​យប់ ។ ប៉ុន្តែ​ការ​វាយប្រហារ​មិនសូវ​ជា​ខ្លាំងក្លា​ប៉ុន្មាន​ទេ ។

នៅ​ពេល​ដែល​ស្ថានភាព​កាន់តែ​ចលាចល អ្នក​ភូមិ​បាន​នាំ​គ្នា​រត់​ចូល​ភូមិ​វិញ ខណៈ​ម៉ា​លី​ស កំពុង​ព្រោះស្រូវ​នៅ​វាលស្រែ ។ ម៉ា​លី​ស បានឃើញ​កងទ័ព​វៀតណាម​បើក​រថក្រោះ​ចេញពី​សៀមរាប កាត់​តាម​ស្ពាន​កំពង់​ថ្កូវ ស​ម្តៅ​ទៅ​ខេត្តបាត់ដំបង​។ ខ្មែរក្រហម​បាន​នាំ​គ្នា​រត់​ចូល​ព្រៃ ។

ម៉ា​លី​ស បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ទៅ​ដល់​ខេត្តសៀមរាប ។ នៅ​ខេត្តសៀមរាប ម៉ា​លី​ស ស្នាក់​នៅ​ក្បែរ​ទីតាំង​ព្រះ​អង្គ​ចេក​ព្រះ​អង្គ​ចម​អស់​រយៈពេល​បី​ខែ មុន​នឹង​គាត់​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ស្រុក​កំណើត​នៅ​ខេត្តកណ្តាល​វិញ​។

បន្ទាប់​ពី​របប​ខ្មែរក្រហម​បាន​ដួល​រលំ ម៉ា​លី​ស បាន​បាត់បង់​ប្អូនប្រុស​ម្នាក់ និង​ប្អូនស្រី​ម្នាក់​។ នៅ​ស្រុក​កំណើត​ម៉ា​លី​ស បាន​ប្រមូល ក្មេង​ៗ​នៅ​ក្នុងភូមិ​មក​បង្រៀនអក្សរ​ខ្មែរ របាំ និង​បង្ហាត់​សម្តែង​រឿង ដូច​ជា រឿង​សុវណ្ណ​សាម ជាដើម ។

បន្ទាប់​ពី​កូនសិស្ស​របស់​គាត់​អាច​សម្តែង​រឿង​បាន គាត់​បាន​ដឹក​នាំ​ក្មេង​ៗ​ទាំងនោះ​សម្តែង​រឿង​តាម​ភូមិ​គ្រាន់​នឹង​ទទួល​បាន​អង្ករ និង​ស្បៀងអាហារ​មក​ហូប ។

នៅ​ឆ្នាំ​១៩៧៩ ម៉ា​លី​ស បាន​ធ្វើ​ដំណើរ​មក​ទីក្រុង​ភ្នំពេញ និង​បម្រើ​ការងារ​នៅ​ក្នុង​នាយកដ្ឋាន​សិល្បៈ បន្ទាប់​ពី​គាត់​ទទួល​បាន​ដំណឹង​ពី​មិត្តភក្ដិ ។ ម៉ា​លី​ស ធ្វើការ​បាន​កន្លះ​ឆ្នាំ គាត់​ក៏​បាន​ប្រមូល​កូនចៅ​របស់​សិល្បករ ចាស់​ៗ​មក​បង្ហាត់​របាំ​នៅ​ពេល​យប់ ។

នៅ​ឆ្នាំ​១៩៨០ សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​បាន​បើកទ្វារ​សា​ជា​ថ្មី​។ សិស្សានុសិស្ស​ដែល​ចូល​រៀន​នៅ​ក្នុង​ជំនាន់​ទី​មួយ​មាន​ចំនួន​ប្រហែល​១០០​នាក់ ចែក​ចេញ​ជា​ប្រាំ​មហាវិទ្យាល័យ ។ ដោយឡែក​សិស្ស​រៀន​ខាង​របាំ​មាន​ចំនួន​ប្រហែល​១៥​នាក់ ដែល​ភាគច្រើន​ជា​ក្មេង តូច​ៗ​។

នៅ​ពេល​នោះ សាលា​ជួប​ប្រទះ​បញ្ហា​ខ្វះខាត​គ្រូបង្រៀន​ផ្នែក​របាំ លុះ​ក្រោយមក​ទើប​ចំនួន​គ្រូបង្ហាត់​មានការ​កើនឡើង បន្ទាប់​ពី​ការ​ប្រមូល​សិល្បករ ចាស់​ៗ​ដែល​រស់នៅ​តាម​បណ្តា​ខេត្ត​នានា ។

បន្ទាប់​មក​ម៉ា​លី​ស ត្រូវ​បាន​ចាត់តាំង​ឱ្យធ្វើ​ជា​ប្រធាន​​គ្រប់គ្រង​សាលា​របាំ ដែល​ចំនួន​សិស្ស​បាន​កើនឡើង​ដល់​ចំនួន​ប្រហែល​២០០​នាក់ ។ ក្រៅ​អំពី​ការ​ហាត់​របាំ ម៉ា​លី​ស បាន​ដឹកនាំ​សិស្ស​ដាំ​បន្លែ និង​ចិញ្ចឹមសត្វ​សម្រាប់​ចម្អិន​ធ្វើ​ម្ហូប​ផង និង​សម្រាប់​លក់​នៅ​តាម​ទីផ្សារ​ផង ។ រៀងរាល់ថ្ងៃ​ចុង​ស​ប្តា​ហ៍ ម៉ា​លី​ស តែងតែ​ប្រមូល​មែកឈើ ចាស់​ៗ​នៅ​ក្នុង​សាលា​ទៅ​ឲ្យ​ម្តាយ​របស់​គាត់​នៅ​ឯ​ផ្ទះ ។

នៅ​ឆ្នាំ​១៩៨៥ ម៉ា​លី​ស បាន​ទទួល​ទង់​សរសើរ​ទូ​ទាំង​ប្រទេស​ពី​សម្ដេច​ហេង សំ​រិ​ន នៅ​សាលសន្និសីទ​ចតុម្មុខ ដោយសារ​តែ​គាត់​មាន​ស្នាដៃ​ក្នុង​ការ​ដឹកនាំ គ្រប់គ្រង និង​ធ្វើ​របាយការណ៍​បាន​ល្អ ។ បច្ចុប្បន្ន ម៉ា​លី​ស បាន​ចូល​និវត្តន៍​ហើយ ។

សាស្ត្រាចារ្យ​សិល្បៈ​ម៉ា​លី​ស បាន​បញ្ជាក់​ថា គាត់​ធ្លាប់​បាន​ទៅ​ប្រទេស​ជា​ច្រើន ដូច​ជា នៅ​ឆ្នាំ​១៩៧០ គាត់​ទៅ​សម្ដែង​របាំ​ប្រពៃណី របាំ​គោះអង្រែ​ជាដើម នៅ​ប្រទេស​ជប៉ុន ។ នៅ​ឆ្នាំ​១៩៧៣ ទៅ​សម្ដែង​នៅ​ប្រទេស​អឺ​រ៉​ង់ ។

នៅ​ឆ្នាំ​១៩៨១ ទៅ​រៀនសូត្រ​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​នៅ​ប្រទេស​​អា​ល្លឺ​ម៉​ង់ សូ​វៀត ឆេ​កូ ប៉ូ​ឡួ​ញ និង​ហុង​គ្រី ។ នៅ​ឆ្នាំ​១៩៩០ គាត់​ទៅ​សម្ដែង​នៅ​សហរដ្ឋអាមេរិក និង​សម្ដែង​របាំ​បុរាណ​រឿង «​រាម​កេ​រិ៍្ត​» នៅ​ប្រទេស​បារាំង ប្រទេស​ស៊្វីស ប្រទេស​អីុតា​លី ។ នៅ​ដើមឆ្នាំ​២០០០ ដែល​ជា​ការ​សម្ដែង​លើក​ចុង​ក្រោយ​របស់​គាត់​នៅ​ប្រទេស​ជប៉ុន ។

ជា​ចុងបញ្ចប់ ម៉ា​លី​ស បាន​រម្លឹក​ថា ខ្លុយ​បាន​ជួយ​សម្រាល​ជីវិត​របស់​គាត់​នៅ​ក្នុង​របប​ខ្មែរក្រហម ។ នៅ​ពេល​ដែល​ប្រជាជន​មួយ​ចំនួន​ជួប​ប្រទះ​កង្វះ​អាហារ គាត់​អាច​ទទួល​បាន​អាហារ​ច្រើន​ជាង​ប្រជាជន​ទូទៅ ដ្បិត​គាត់​ចេះ​ផ្លុំ​ខ្លុយ ។

គាត់​បាន​រក្សា​ទុក​ខ្លុយ​ដែល​គាត់​ធ្លាប់​បាន​ច្នៃ​ដោយ​ដៃ​របស់​គាត់​ផ្ទាល់​នៅ​ក្នុង​របប​ខ្មែរក្រហម រហូត​មក​ដល់​សព្វថ្ងៃ ។ ខ្លុយ​អនុស្សាវរីយ៍​នេះ​នៅ​ជាប់​ក្នុង​ចិត្ត​គាត់​ជា​និច្ច​នៅ​ក្នុង​កាលៈទេសៈ​លំបាក ។ សំឡេង​របស់​ខ្លុយ​នៅ​តែ​រណ្តំ​មក​ដល់​បច្ចុប្បន្ន នៅ​ពេល​ដែល​គាត់​ផ្លុំ​ឲ្យ​យើង​ស្តាប់​៕ ដោយ​ឃាង សេង​ហឿ​ន និង​ម៉ែ​ន ពិចិត្រ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ