ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រី​សូ សា​វឿ​ន ជា​អ្នក​ច្រៀងចង្វាក់​សា​រ៉ា​វ៉ា​ន់ ដំបូង​គេ​នៅ​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

១-ប្រភព​ដើម  ៖ អ្នកស្រី​សូ សា​វឿ​ន មាន​ថ្ងៃ ខែ ឆ្នាំ​កំណើត​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​១៩៤៥ និង​កន្លែង​កំណើត​​​ឃុំ​បឹង​ងោង…

១-ប្រភព​ដើម  ៖ អ្នកស្រី​សូ សា​វឿ​ន មាន​ថ្ងៃ ខែ ឆ្នាំ​កំណើត​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​១៩៤៥ និង​កន្លែង​កំណើត​​​ឃុំ​បឹង​ងោង ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។ លោក​សូ ប៉ុក អតីត​ទាហាន​ជំនាន់​ខ្មែរឥស្សរៈ និង​អ្នកស្រី​តាត វិល ជា​ឪពុក​ម្តាយ​របស់​អ្នកស្រី​សូ សា​វឿ​ន ។ បងប្អូន​បង្កើត​របស់​អ្នកស្រី​សូ សា​វឿ​ន មាន​តែ​២​នាក់​ប៉ុណ្ណោះ ។

លូតលាស់​ពី​វង់​ល្ខោនបាសាក់​ក្លាយជា​អ្នកចម្រៀង​សម័យ​ដោយ មាន​ឪពុកធំ​ស្នាក់​នៅ​ដំណាក់​លោក​ឃុន តាក ដែល​ជា​ថៅកែ​ល្ខោនបាសាក់​នោះ អ្នកស្រី​សូ សា​វឿ​ន បាន​ចាក​ចេញពី​ស្រុក​កំណើត​មក​រស់នៅ​ទី​នោះ​ដែរ​។ អ្នកស្រី​សូ សា​វឿ​ន បាន​ចូល​ជា​សមាជិក​ក្រុម​ល្ខោនបាសាក់​ផ្សារ​ស៊ីឡឹប នៅ​រាជធានី​ភ្នំពេញ ។ ទីនោះ​ហើយ​ដែល​ជា​មាគ៌ា​នាំ​ជីវិត​អ្នកស្រី​សូ សា​វឿ​ន ក្លាយជា​បុគ្គល​ល្បីឈ្មោះ​នា​ពេល​ក្រោយ តាម​រយៈ​អាជីព​ចម្រៀង​សម័យ ។

លោក កែវ ឯម ជា​តន្ត្រីករ និង​ជា​អ្នក​សម្រួល​តន្ត្រី​មានឈ្មោះ​ល្បី​មួយ​រូប ក្នុង​ពិភព​សិល្បៈ​ចម្រៀង​សម័យ​បាន​ពេញចិត្ត​ចំពោះ​ទឹកដម​សំឡេង​របស់ អ្នកស្រី​សូ សា​វឿ​ន ។ អ្នកស្រី​សូ សា​វឿ​ន បាន​ហាត់រៀន​ផ្នែក​ចម្រៀង​សម័យ​ក្រោម​ការ​បង្ហាត់បង្រៀន​បណ្តុះបណ្តាល​ពី លោក​កែវ ឯម ។ ដោយ​មាន​ទឹកដម​សំឡេង​ល្អ និង​ទេព​កោសល្យ​ពី​ធម្មជាតិ អ្នកស្រី​សូ សា​វឿ​ន បាន​លូតលាស់​បែក​ត្រួយ​ពី​វង់​ល្ខោន​ទៅ​ជា​អ្នកចម្រៀង​សម័យ ។ ក្នុង ជីវិត​ជា​អ្នកចម្រៀង​អ្នកស្រី​សូ សា​វឿ​ន បាន​ដុះ​ពន្លក​ក្នុង​ក្រុម​តន្ត្រី​យោធា​ភិ​រម្យ ។

អ្នកចម្រៀង​ក្នុង​ក្រុម​តន្ត្រី​យោធា​ភិ​រម្យ​ស្រករ​គ្នា​នឹង​អ្នកស្រី​សូ សា​វឿ​ន មាន​អ្នក​ម្នាង​សៀង ឌី​, អ្នកស្រី​ឈួ​ន ម៉ា​ឡៃ​, អ្នកស្រី​ឈុ​ន វ​ណ្ណា និង​អ្នកស្រី ម៉ៅ សា​រ៉េ​ត ។ អ្នកស្រី​សូ សា​វឿ​ន បាន​រំលេច​ជីវិត​ក្នុង​ពិភព​សិល្បៈ​ចម្រៀង​មាន​ភាព​លេចធ្លោ​ប្រដំប្រសង​នឹង អ្នកចម្រៀង ផ្សេង​ៗ​នា​ជំនាន់​ជាមួយ​គ្នា​នោះ ។

២-ជា​អ្នក​ច្រៀង​ចង្វាក់​ប្រជាប្រិយ​សា​រ៉ា​វ៉ា​ន់​មុនគេ  ៖ តាម រយៈ​បទ​ចម្រៀង «​ឱ​!​ពពេច​ចៀប​» ស្នាដៃ​និពន្ធ​របស់​លោក​វ៉ែន សុ​ន អ្នកស្រី​សូ សា​វឿ​ន គឺជា​អ្នក​ច្រៀង​បទ​ចង្វាក់​ប្រជាប្រិយ​សា​រ៉ា​វ៉ា​ន់​ដំបូង​គេ​នៅ​ប្រទេស កម្ពុជា ។

បទ​ចម្រៀង «​ឱ​ពពេច​ចៀប​» ថត​ផ្សាយ​ដោយ​ក្រុម​តន្ត្រី​រាជ​តម្រួត​ភិ​រម្យ​នៅ​ពេល​ដង្ហែ​ព្រះមហា​ក្សត្រ ព្រះ​នរោត្តម សីហ​នុ ពេល​យាង​ទៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ។ អ្នកនិពន្ធ ទំនុកច្រៀង​សម្រាប់​អ្នកស្រី​សូ សា​វឿ​ន ក្រៅពី​លោក​វ៉ែន សុ​ន មាន​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន លោក​ម៉ា ឡៅ​ពី និង​លោក​ស្វាយ​សំ​អឿ​ជាដើម ។

៣-ងារ​អ្នកចម្រៀង​សំឡេង​រៃកណ្តឹង ៖ ទឹកដម សំឡេង​គ្រលួច​ស្រួយ​ស្រេះ​ញ៉ាំង​ឱ្យ​អ្នកស្រី​សូ សា​វឿ​ន ទទួល​បាន​ងារ​ជា «​អ្នកចម្រៀង​សំឡេង​រៃកណ្តឹង​» ។ លោក​ម៉ា ឡៅ​ពី ជា​អ្នកនិពន្ធ​ទំនុកច្រៀង​ដ៏​ល្បីឈ្មោះ គឺជា​អ្នក​ប្រសិទ្ធ​នាម​ងារ «​អ្នកចម្រៀង​សំឡេង​រៃកណ្តឹង​» នេះ​ជូន​អ្នកស្រី​សូ សា​វឿ​ន ។ ទឹកដម សំឡេង​ពីរោះ​គ្រលួច​ស្រួយ​ស្រេះ​ពី​ធម្មជាតិ​របស់​អ្នកស្រី​សូ សា​វឿ​ន មានការ​លើក​ឡើង​ថា អ្នកចម្រៀង​ដទៃ​ពិបាក​នឹង​ច្រៀង​ត្រាប់​តាម​អ្នកស្រី​បាន ។

៤-បទ​ចម្រៀង​ពេញ​និយម ៖ បទ​ចម្រៀង​ដែល អ្នកស្រី​សូ សា​វឿ​ន ថត​ផ្សាយ​មាន​ច្រើន​បទ​ទាំង​បទ​បែប​សម័យ ទាំង​បទ​បែប​បុរាណ ពិសេស​បទ​ប្រពៃណី ។ ចំពោះ​បទ​ចម្រៀង​ពេញ​និយម​របស់​អ្នកស្រី​សូ សា​វឿ​ន មាន​ដូច​ជា បទ​ស្ពាន​កំពង់ហ្លួង​, វាល​វែង​ឆ្ងាយ​, សុវិទ្យា​,

អ្នកបម្រើ​តាម​យន្តហោះ​, ក្លិន​ស្នេហ៍ (​មហាជន​ច្រើន​ស្គាល់​ថា​បទ​ព្រៃ​ល្បាស់​ខៀវខ្ចី​),​ចំណងដៃ​ទឹកភ្នែក​, វិញ្ញាណ​ផ្នូរ​ខ្ញុំ​, ថ្ពាល់​និង​ច្រមុះ​, ម្ចាស់​ចិត្ត​ប​យ៉ា​ខា​, ឱ​ពពេច​ចៀប​, ឱ្យ​ផ្កាយ​លើ​មេឃ​, ឱ​ដើម​គគីរ​, ម្លប់​ដូង​, បង​អើយ​ស្តាប់​ផ្គរ​, សា​រ៉ា​វ៉ា​ន់​ស្លៀក​ខ្យល់​, លលក​វា​យំ (​និពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង​ដោយ​លោក​វ៉ែន សុ​ន​),

ស្នេហា​ក្នុង​ពេល​រាត្រី​, គេ​លេងភ្លេង​ហើយ​, ឃ្មុំ​ឡើង​ក្បាលទឹក​, ល្ងាច​អូន​ទៅ​ដល់​, ជូន​អូន​ទៅ​ម៉ែ​, ទឹក​លិច​ភូមិ​អូន​, រាត្រី​រាំវង់​, ផ្កា​ក្រវាន់​ព្រៃ​, កង្កែប​រាំវង់​, ក្រមុំ​ជនបទ (​ច្រៀង​រួម​គ្នា​ជាមួយ​អ្នកស្រី​ប៉ែន រ៉​ន​), ក្អែក​បូល (​ឆ្លើយឆ្លង​ជាមួយ​លោក​មាស សា​ម៉​ន​), អា​គក​ខ្នាយ​វែង (​ឆ្លើយឆ្លង​ជាមួយ​លោក​មាស សា​ម៉​ន​), ជាតិខ្មែរ​មិនមែន​ល្ងង់ខ្លៅ (​ឆ្លើយឆ្លង​ជាមួយ​លោក​មាស សា​ម៉​ន​),

ផ្កា​សា​រ៉ា​យ (​ឆ្លើយឆ្លង​ជាមួយ​លោក​ជា សា​វឿ​ន​), ទិញ​ស្រា​ឱ្យ​ឪ (​ឆ្លើយឆ្លង​ជាមួយ​លោក​តូច តេ​ង​), លា​បង​ចូល​ម្លប់ (​ឆ្លើយឆ្លង​ជាមួយ​លោក​សុះ ម៉ាត់​), ឱ្យ​តែ​បាន (​ឆ្លើយឆ្លង​ជាមួយ​លោក​ស៊ី​ន ស៊ី​សា​មុត​), ម៉ែ​អូន​នៅផ្ទះ (​ច្រៀង​ឆ្លើយឆ្លង​ជាមួយ​លោក​ថេ​ត សម្បត្តិ) និង​បទ​មិន​ជឿ​ទេ​ប្រុស​សម័យ (​ឆ្លើយឆ្លង​ជាមួយ​លោក​ស៊ី​ន ស៊ី​សា​មុត​) ជាដើម ។

៥-ចូលរួម​សម្តែង​ភាពយន្ត ៖ អ្នកស្រី សូ សា​វឿ​ន បាន​ចូលរួម​សម្តែង​ក្នុង​ខ្សែភាពយន្ត​ចំនួន​២​រឿង គឺ​រឿង «​ស្លៀក​ខ្យល់​ដណ្តប់មេឃ​» របស់​ផលិតកម្ម​ឃ្លាំងមឿង និង​ដឹកនាំ​រឿង​ដោយ​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន ។ មួយទៀត​គឺ​រឿង «​មុខ​មួយ​ភ្នែក​បួន​» របស់​ផលិតកម្ម​ឃ្លាំងមឿង និង​ដឹកនាំ​រឿង​ដោយ​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន ដែរ ។  រឿង «​ស្លៀក​ខ្យល់​ដណ្តប់មេឃ​» បាន​ដាក់​បញ្ចាំង​នា​ឆ្នាំ​១៩៧៤ ប៉ុន្តែ​រឿង «​មុខ​មួយ​ភ្នែក​បួន​» មិន​ទាន់​បាន​ដាក់​បញ្ចាំង​ទេ ព្រោះ​របប​ប្រល័យពូជសាសន៍​បាន​ចូល​មក​ដល់ ។

៦-​ ​ស្នេហា ៖ ភាព​ស្និទ្ធស្នាល​រវាង​គ្រូបង្រៀន បណ្តុះបណ្តាល​សិល្បៈ​ចម្រៀង លោក​កែវ ឯម និង​កូនសិស្ស​ក្រមុំ​សូ សា​វឿ​ន ញ៉ាំង​បេះដូង​ឱ្យ​ទោរទន់​រកគ្នា ហើយ​វេញ​ត្របាញ់​ជា​ស្នេហា ។ ម្នាក់​ជា​តន្ត្រីករ និង​ជា​អ្នក​សម្រួល​តន្ត្រី​ល្បីឈ្មោះ និង​ម្នាក់់​ជា​ពន្លក​អ្នកចម្រៀង​បាន​ក្លាយជា​គូ​ស្នេហា ។

លោក​កែវ ឯម មិន​ត្រឹមតែ​បង្រៀន​អ្នកស្រី​សូ សា​វឿ​ន ឱ្យ​ចេះ​ច្រៀង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ចេះ​មេរៀន​ស្នេហា​ទៀត​ផង ។ លោក​កែវ ឯម និង​អ្នកស្រី​សូ សា​វឿ​ន បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា ។ គូ​ស្វាមី​-​ភរិយា​អ្នកសិល្បៈ​មួយគូ​នេះ​មានកូន​បី​នាក់ ក្នុង​នោះ​ប្រុស​២​នាក់ ។  ប្រវត្តិ​ស្នេហា​របស់​អ្នកស្រី​សូ សា​វឿ​ន និង​លោក​កែវ ឯម បង្ហាញ​ជា​ទូទៅ​តាម​រយៈ​បទ​ចម្រៀង​មនោសញ្ចេតនា​ប្រជាប្រិយ​មួយ​បទ គឺ​បទ «​ស្ពាន​កំពង់ហ្លួង​» ដែល​ច្រៀង​ដោយ​អ្នកស្រី​សូ សា​វឿ​ន ផ្ទាល់ និង​លោក​កែវ ឯម ជា​អ្នក​សម្រួល​តន្ត្រី ។

លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន ដែល​ជា​អ្នកនិពន្ធ​ទំនុកច្រៀង​បទ «​ស្ពាន​កំពង់ហ្លួង​» បាន​រំឭក​ឱ្យ​ដឹង​នៅ ក្នុង​សៀវភៅ «​កំណាព្យ​ស្នេហ៍​មាស​» របស់​លោក​ថា ប្រវត្តិ​ដើម​បទ «​ស្ពាន​កំពង់ហ្លួង​» លោក​បាន​និពន្ធ និង​ថត​នៅ​ក្នុង​ឆ្នាំ​ជាមួយ​គ្នា​នឹង​បទ «​វិញ្ញាណ​ផ្នូរ​ខ្ញុំ​» ដែរ ប៉ុន្តែ​ខ្លឹមសារ​របស់​ទំនុកច្រៀង គឺ​យោង​ទៅ​តាម​សំណូមពរ​របស់​អ្នកស្រី​សូ សា​វឿ​ន ព្រោះ​ចង់ឱ្យ​លោក​សរសេរ​ពី​ភូមិកំណើត​របស់​អ្នកស្រី គឺ​ភូមិ​កំពង់​ហ្លួង។

អ្វី​ទាំងអស់ ដែល​ជា​ជីវិត​ស្នេហា​បឋមវ័យ​របស់​អ្នកស្រី​សូ សា​វឿ​ន បាន​ត្រូវ​ប្រមូលផ្តុំ​បកស្រាយ​នៅ​ក្នុង​បទ​ចម្រៀង «​ស្ពាន​កំពង់ហ្លួង​»​ពិសេស​គឺ​ទីតាំង​ដ៏​សំខាន់​ដែល​ធ្វើ​ឱ្យ​ស្នេហា​របស់​អ្នកស្រី​ចាប់កំណើត ឡើង និង​រលាយ​ទៅ​វិញ​នៅ​លើ​ស្ពាន​កំពង់ហ្លួង ។ បទ​នេះ​ប្រគំ​ដោយ​វង់​តន្ត្រី​យោធា​ភិ​រម្យ ថត​នៅ​ស្ទូ​ឌី​យោ​វិទ្យុ​ជាតិ ប៉ុន្តែ​ក្រោយ​ពី​ចាក់​ផ្សាយ​ទៅ​មាន​ប្រជាប្រិយភាព​ល្បីល្បាញ​ខ្លាំង ទើប​ក្រុមហ៊ុន​ថត​ថាស បាន​ទិញ​យក​ទៅ​ថត​បញ្ចូល​ក្នុង​ថាស និង​ដាក់​ក្នុង​កាស្សែត ។

តែ​ក្នុងស្រុក​ខ្មែរ ក៏​គេ​និយម​ច្រៀង​បទ «​ស្ពាន​កំពង់ហ្លួង​» ស្ទើរ​គ្រប់​ទិស​ទី​ដែរ ខ្លះ​ក៏​ច្រៀង​តាម​ទំនុក​ដើម​ទាំងស្រុង ខ្លះ​ក៏​យក​ទៅ​កែប្រែ​ទំនុកច្រៀង​ថ្មី​វិញ ។ លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន សម្តែង​ការ​សោកស្តាយ​ដែល​ក្រុមហ៊ុន​ថត​ខា​រា​៉​អូ​ខេ​ខ្លះ​បាន​យក​បទ «​ស្ពាន​កំពង់ហ្លួង​» ទៅ​ថត​ដោយ​សរសេរ​ខុស​ទំនុកច្រៀង​ច្រើន​អន្លើ ប្រហែលជា​ស្តាប់​អ្នកចម្រៀង​ដើម​មិន​ច្បាស់​ក៏​មិនដឹង ។

អាស្រ័យ​ហេតុនេះ លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន ស្នើ​ឱ្យ​អ្នក​ច្រៀង​បទ «​ស្ពាន​កំពង់ហ្លួង​» កុំ​ភ័ន្ត​ច្រឡំ​ទំនុក​តទៅ​ទៀត ។  លោក គ​ង្គ ប៊ុ​ន​ឈឿ​ន ឧទ្ទិស​បទ «​ស្ពាន​កំពង់ហ្លួង​» ដល់​វិញ្ញាណក្ខន្ធ​លោក​កែវ ឯម ដែល​បាន​ខ្នះខ្នែង​ជួយ​ជ្រោមជ្រែង​សម្រួល​តន្ត្រី​និង​រៀបចំ​ប្រគំ​រហូត ទាល់តែ​បាន​សម្រេច ចេញ​ជា​រូបរាង​ទុកជា​កេរ​មរតក​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ។  ស្ពាន កំពង់​ហ្លួង គឺជា​ស្ពាន​ស្នេហា​រវាង​លោក កែវ ឯម និង​អ្នកស្រី​សូ សា​វឿ​ន ដែល​ស្ថិត​នៅ​ជា​អមតៈ​ក្នុង​បេះដូង​ប្រិ​យ​មិត្ត​អ្នក​ស្តាប់​គ្រប់ពេល ជំនាន់ ។

បទ «​ស្ពាន​កំពង់ហ្លួង​» រាយ​ទំនុក​ថា ៖

១- សុរិយា​លា​ព្រៃ​រៃ​យំ​បោក​ប្រាណ ក្លិន​ក្លែប​រុះ​រោយ​លើ​ស្ពាន​ជា​ឋាន​វិមាន​ស្នេហ៍​ខ្ញុំ ពាម​នី​ក​ដួងចិត្ត ប្រឌិត​រឿង​សោក​រណ្តំ ភូមិ​សង្វរ​ព្រៃ​ជ្រៅ​ធំ ទួញ​យំ​សុំ​ក្តី​មេត្តា ។

២- រាត្រី​ដែល​យើង​ជួប​គ្នា​ដំបូង លើ​ស្ពាន​នៅ​កំពង់ហ្លួង​ផ្កាយ​ព្រោងព្រាត​លើ​មេ​ឃា ពេល​ដែល​យើង​បែក ស្ពាន​ស្រែក​អង្វរ​សួរ​ថា តើ​ម្ចាស់​ខ្ញុំ​ទៅ​ឋាន​ណា ប្រាថ្នា​សូម​ជួប​ជា​ថ្មី ។

បន្ទរ​-​ឱ​!​កំពង់ហ្លួង​ជួង​មាស​ដាស់ កម្ម កន្សែង​ចិញ្ចៀន​ស្រែក​ផ្តាំ ចារ​ចាំចិត្ត​ចង​នឹង​ថ្លៃ បើ​បង​រៀប​ការ​ប្រាថ្នា​គូ​ថ្មី បង​អើយ​កុំ​ភ្លេច​ហៅ​ស្រី ចងដៃ​ប្រុស​ថ្លៃ​កុំ​ខាន ។

៣-​គូ​ពុំ​បាន​ព្រៀង​ច្រៀង​តែ​កម្មផល លេប​ឆ្អែត​ទុក្ខសោក​កង្វល់​ដែល​ផ្តល់​ឱ្យ​យើង​ចែក​ឋាន កាត់​សាច់​មួយ​ដុំ​ប្រាថ្នា​សុំ​ឱ្យ​សុខសាន្ត បើ​ជាតិ​នេះ​ប្រែ​ខកខាន ជាតិ​ក្រោយ​សូម​បាន​ជួប​អើយ ។

៧-រំដោះ​ជីវិត​ផុត​ពី​របប​ប្រល័យពូជសាសន៍ ៖ អ្នកសិល្បៈ រួម​ជំនាន់​ជា​ច្រើន​បាន​បាត់បង់​ជីវិត​ក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុន្តែ​អ្នកស្រី​សូ សា​វឿ​ន បាន​រំដោះ​ជីវិត​ចេញ​ផុត​ពី​របប​នោះ ។

ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ អ្នកស្រី​សូ សា​វឿ​ន បាន​ឆ្លងកាត់​របប​នេះ​អស់​រយៈកាល​ជាង​១​ឆ្នាំ ។ មិន​សូ​៊​ទ្រាំ​សេចក្តីស្លាប់​មក​ដល់ ឬ​របប​ប្រល័យពូជសាសន៍​ផុតរលត់​ក្នុង​វេលា​ដែល​មិន​អាច​ដឹង​បាន អ្នកចម្រៀង​សូ សា​វឿ​ន បាន​ភៀសខ្លួន​ចេញ​ផុត​ពី​កម្ពុ​ជានា​ចុងឆ្នាំ​១៩៧៦ ហើយ​បាន​ទៅ​ដល់​ប្រទេស​បារាំង ។ នៅ​ទីនោះ នា​ក្រុង​ប៉ា​រី​ស អ្នកស្រី​សូ សា​វឿ​ន បាន​សាង​ជីវិត​ថ្មី ខណៈ​មាតុភូមិ​កម្ពុជា​របស់​អ្នកស្រី​នៅ​បន្ត​រង​គ្រោះអាក្រក់ ក្រោម​ក្រញាំ​ដៃ​ពួក​ខ្មែរក្រហម​ទម្រាំ​ដល់​ថ្ងៃ​រំដោះ​៧​មក​រា​១៩៧៩ ។

រយៈពេល ប្រមាណ​២​ឆ្នាំ​ក្រោយមក គឺ​នៅ​ឆ្នាំ​១៩៧៨ អ្នកស្រី​សូ សា​វឿ​ន ប្រើប្រាស់​ទេព​កោសល្យ​សិល្បៈ​ចម្រៀង​ឡើង​វិញ​សម្រាប់​ចិញ្ចឹមជីវិត ។ មិន​ដូច​ជនរួមជាតិ​បាត់​សិទ្ធិ​សេរីភាព​ក្នុង​របប​ខ្មែរក្រហម នៅ​ប្រទេស​បារាំង អ្នកស្រី​សូ សា​វឿ​ន មាន​សិទ្ធិ​សេរីភាព ព្រមទាំង​សិទ្ធិ​ច្រៀង​បទ​អ្វី​តាមតែ​អ្នកស្រី​ចង់​ច្រៀង។ជីវិត​ជា អ្នកចម្រៀង​នៅ​ប្រទេស​បារាំង បទ​ចម្រៀង​មួយ​បទ​របស់​អ្នកស្រី​សូ សា​វឿ​ន គឺ​បទ «​ស្ទឹង​សែន​ប៉ារី​ស​» ល្បី​ជាង​បទ​នានា​របស់​អ្នកស្រី ។ បទ​«​ស្ទឹង​សែន​បា​៉​រី​ស​» ពេញ​និយម​មក​ដល់​បច្ចុប្បន្ន (​ឆ្នាំ​២០១៥)។

៨-ប្រាថ្នា​ត្រឡប់​មក​រស់នៅ​ស្រុក​កំណើត​វិញ ៖ ប៉ុន្មាន ឆ្នាំ​ក្រោយ​ពី​របប​ប្រល័យពូជសាសន៍​ដួល​រលំ​ទៅ គឺ​នៅ​ឆ្នាំ​១៩៨៦ អ្នកចម្រៀង​សូ សា​វឿ​ន មានឱកាស​បាន​មក​លេង​មាតុភូមិ​កំណើត​កម្ពុជា​ជា​លើក​ដំបូង ។
ដោយឡែក កាលពី​ប៉ុន្មាន​ឆ្នាំ មុន​ឆ្នាំ​២០១៥ អ្នកស្រី​សូ សា​វឿ​ន បាន​មក​លេង​ស្រុក​កំណើត​ម្តងទៀត ។ អំឡុង​ពេល​នោះ​មហាជន​បានឃើញ​មុខ និង​ស្តាប់​អ្នកស្រី​សូ សា​វឿ​ន ក្នុង​វ័យ​ចំណាស់​ច្រៀង​តាម​ទូរទស្សន៍ ។

អ្នកស្រី​សូ សា​វឿ​ន ស្ថិត​ក្នុង​ចំណោម​អ្នកចម្រៀង​តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​ជំនាន់​លោក​ស៊ី​ន ស៊ី​សា​មុត ដែល​នៅ​គង់​ជីវិត​ពី​របប​ប្រល័យពូជសាសន៍ ។ តាម​រយៈ​ការ បង្ហាញមុខ​លើ​កញ្ចក់​ទូរទស្សន៍​នោះ អ្នកស្រី​សូ សា​វឿ​ន បាន​បង្ហាញ​បំណង​ចង់​វិល​ត្រឡប់​មក​រស់នៅ​មាតុភូមិ​វិញ ប៉ុន្តែ​ឧបសគ្គ​ត្រង់​ថា អ្នកស្រី​គ្មាន​ផ្ទះសម្បែង ហើយ​គ្មាន​លទ្ធភាព​ទិញ​ទេ ។

តាម​រយៈ​សម្តី​បែប​នោះ​វា​បង្ហាញ​ថា ថ្វី​ដ្បិតតែ​បាន​ទៅ​រស់នៅ​ប្រទេស​បារាំង​ជឿនលឿន​រីក​ចម្រើន ប៉ុន្តែ​អ្នកស្រី​សូ សា​វឿ​ន មិន​មាន​ជីវភាព​ធូរធារ​ទេ ។ អាជីព​ជា​អ្នកចម្រៀង​របស់​អ្នកស្រី​សូ សា​វឿ​ន នៅ​ស្រុក​គេ​នោះ​បាន​ត្រឹមតែ​ទ្រទ្រង់​ជីវភាព​រស់នៅ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ