ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ថា រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​ប្រពៃណី​ជាតិ​ឆ្នាំ​នេះ មាន​អ្វី​ប្លែក​ទេ…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​បាន​ចាប់ផ្តើម​ហើយ​ចាប់ពី​ថ្ងៃ​អង្គារ ទី​២៥ ខែកញ្ញា ២០១៨​ដែល​ជា​បិណ្ឌ​ទី​មួយ ខណៈ​ពេល​ពិធីបុណ្យ​នេះ​ប្រារព្ធ​ធ្វើ​ឡើង​រយៈ​ពេល​១៥​ថ្ងៃ ។ មុន​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​ ចូល​មក​ដល់​នៅ​តាម​ទី​វត្ត​អារាម​នានា​បាន​រៀប​ចំ​​កែ​លម្អ…

រាជធានី​ភ្នំពេញ ​៖ រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​បាន​ចាប់ផ្តើម​ហើយ​ចាប់ពី​ថ្ងៃ​អង្គារ ទី​២៥ ខែកញ្ញា ២០១៨​ដែល​ជា​បិណ្ឌ​ទី​មួយ ខណៈ​ពេល​ពិធីបុណ្យ​នេះ​ប្រារព្ធ​ធ្វើ​ឡើង​រយៈ​ពេល​១៥​ថ្ងៃ ។ មុន​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​ ចូល​មក​ដល់​នៅ​តាម​ទី​វត្ត​អារាម​នានា​បាន​រៀប​ចំ​​កែ​លម្អ និង​សម្អាត​ទីធ្លា​វត្ត ក្នុង​នោះ​នៅ​ពីមុខ​ខ្លោងទ្វារ​ចូល​មាន​ចង​បដា​ «បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំបិណ្ឌ​» ដើម្បី​រង់ចាំ​ទទួល​ស្វាគមន៍​ពុទ្ធបរិស័ទ ។ ហើយអ្វី​គួរ​ឱ្យ​ចាប់​អារម្មណ៍​នោះ គឺ​ទី​វត្ត​អារ៉ាម​មួយ​ចំនួន​​ឆ្នាំ​នេះ​សង្កេត​ឃើញថា ​មាន​យុវវ័យ​ច្រើន​នាំ​គ្នា​ទៅ​វត្ត​ធ្វើ​បុណ្យ រាប់បាត្រ ខុស​ប្លែក​ពី​បណ្តា​ឆ្នាំ​មុនៗ។

នៅ​ទី​វត្ត​អារាម​នានា​លាន់លឺ​សំឡេង​ធម៌​យ៉ាង​កងរំពង ខណៈ​ពុទ្ធសាសនិកជន​នាំ​គ្នា​ធ្វើ​ចង្ហាន់​យក​ទៅ​ប្រគេន​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​បុព្វការី​ជន​ដែល​បាន​ចែក​ឋាន​ទៅ​កាន់​លោក​ខាង​មុខ ។

នៅ​ថ្ងៃ​កាន់បិណ្ឌ​ទី​១ ​គេ​សង្កេត​ឃើញ​តាម​ទី​វត្ត​អារាម​នានា​មាន​មនុស្ស​ច្រើន​កុះករ ទាំង​ចាស់​-​ក្មេង ស្រី​-​ប្រុស បាន​នាំ​គ្នា​ក្រោក​ពី​ព្រលឹម​ស្រាង​ៗ យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះ​សង្ឃ ទៅ​តាម​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ ក្នុង​ទឹកមុខ​ស្រស់ថ្លា សប្បាយ​រីករាយ ។ អ្វី​ដែល​​មានការ​ចាប់អារម្មណ៍​នា​ឆ្នាំ​នេះ​បណ្តា​វត្ត​មួយ​ចំនួន​គេ​សង្កេត​ឃើញ​មាន​យុវវ័យ​ច្រើន​នាំ​គ្នា​ទៅ​វត្ត​ធ្វើបុណ្យ រាប់បាត្រ ខុស​ប្លែក​ពី​បណ្តា​ឆ្នាំ​កន្លង​ទៅ​ដែល​យុវវ័យ​ភាគ​ច្រើន​ហាក់​មិនសូវ​ចាប់អារម្មណ៍​ក្នុង​ការ​ធ្វើបុណ្យ​នៅ​ទី​វត្ត​អារាម​នោះ​ឡើយ ។

យុវជន​ ហា​យ ផល្លា វ័យ​ជាង​២០​ឆ្នាំ​ដែល​បាន​នាំ​មិត្តភក្តិ​ទៅ​វត្ត​ទួល​សំពៅ​រាជ ស្ថិត​ក្នុងស្រុក​កៀនស្វាយ​បាន​ឲ្យ​ដឹង​ថា បណ្តា​ឆ្នាំ​កន្លង​ទៅ​រូបគេ​ហាក់​មិនសូវ​ជា​ចាប់​អារម្មណ៍​​ក្នុង​ការ​ធ្វើបុណ្យ​ទាន​នៅ​ក្នុង​ទី​វត្ត​អារាម​ឡើយ ក្រៅពី​ទៅ​បោះ​បាយបិណ្ឌ​នា​ពេល​យប់ ។ ឆ្នាំ​នេះ​ដោយសារ​មានការ​បបួល​ពី​មិត្តភក្តិ​ទើប​រូបគេ​បាន​ធ្វើបុណ្យ​ដោយ​យក​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​នៅ​ក្នុង​ឱកាស​បុណ្យកាន់បិណ្ឌ ។ ក្រៅពី​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ​រូបគេ និង​មិត្តភក្តិ​ដទៃ​ទៀត​បាន​នាំ​គ្នា​ពូន​ភ្នំខ្សាច់ និង​អុជ​ធូប បែ​បន់​សុំ​សេចក្តី​សុខ​ជូន​ក្រុម​គ្រួសារ​នៅ​តាម​ទី​គោរព​បូជា​នានា​ក្នុង​បរិវេណ​វត្ត ។

បើ​តាម​យុវជន​ហា​យ ផល្លា អ្វី​ដែល​គេ​មានការ​ចាប់អារម្មណ៍​ខ្លាំង​នោះ​នៅ​ថ្ងៃ​បិណ្ឌ​ទី​មួយ​នៅ​វត្ត​ដែល​គេ​បាន​ទៅ សង្កេត​ឃើញ​មាន​យុវវ័យ​ជា​ច្រើន​បាន​នាំ​គ្នា​ទៅ​វត្ត មើលទៅ​មិន​ចាញ់​ពុទ្ធបរិស័ទ ចាស់​ៗ​នោះ​ទេ ។

ចំណែក​យុវ​វ​ជន​សុខ សា​រុន ដែល​បាន​ធ្វើ​ដំណើរ​ទៅ​វត្ត​ដីឥដ្ឋ ស្រុក​កៀនស្វាយ ជាមួយ​ក្រុម​គ្រួសារ​នា​ឱកាស​កាន់បិណ្ឌ​នេះ​បាន​លើក​ឡើង​ថា គេ​ពិតជា​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ដែល​បាន​ធ្វើបុណ្យ​ជា​គ្រួសារ​នៅ​ថ្ងៃ​ដំបូង​នៃ​ពិធីបុណ្យ​កាន់បិណ្ឌ​ឆ្នាំ​នេះ ។

សុខ សា​រុន និយាយ​ថា «​មិន​ខុស​ពី​បណ្តា​ឆ្នាំ​កន្លង​មក​ឡើយ ខ្ញុំ​តែងតែមាន​វត្តមាន​ជា​មួយ​ឪពុក​ម្តាយ និង​បងប្អូន ដើម្បី​ធ្វើបុណ្យ​នៅ​ឯ​វត្ត នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ។ ការ​ដាក់​បិណ្ឌ​នេះ​រូប​ខ្ញុំ និង​ក្រុម​គ្រួសារ​នឹង​មិន​បញ្ចប់​នា​ពេល​នេះ​ឡើយ ពោល​ខ្ញុំ និង​ក្រុម​គ្រួសារ​មាន​គម្រោង​រួច​ហើយ​ថា​នឹង​ទៅ​កាន់បិណ្ឌ​បន្ត​នៅ​វត្ត​ស្រុក​កំណើត​ឪពុក​របស់ខ្ញុំ​ដែល​ស្ថិត​នៅ​ស្រុក​ល្វាឯម​ខេត្តកណ្តាល​»​។

យុវតី​ពិសី ដែល​បាន​ទៅ​ធ្វើបុណ្យ​នៅ​វត្ត​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ឲ្យ​ដឹង​ថា ជា​រៀង​រាល់​ឆ្នាំ នាង​និង​មិត្តភក្តិ ក្រុម​គ្រួសារ​តែងតែ​ទៅ​ដាក់​បិណ្ឌ​នៅ​ទី​វត្ត​អារាម ដោយ​មិន​ដែល​អាក់​ខាន​ឡើយ​។ ពិសី​និយាយ​ថា «​បើ​ទោះបីជា​ការងារ​រវល់ ប៉ុន្តែ​ខ្ញុំ​ត្រូវ​តែ​ឆ្លៀត​ក្នុង​ពេល​វេលា​​ណាមួយ​សម​ស្រប ដើម្បី​ធ្វើបុណ្យ​ជាមួយ​ក្រុម​គ្រួសារ​នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ។ បើ​ទោះបីជា​ឆ្នាំ​ខ្លះ ខ្ញុំ​មិន​បាន​ធ្វើបុណ្យ​បាន​ច្រើន​វត្ត​ក៏​ដោយ ប៉ុន្តែ​ខ្ញុំ​តែងតែ​ជូន​លុយកាក់​បន្តិចបន្តួច​ដល់​ឪពុក​ម្តាយ ជីដូន​ជីតា ដើម្បី​ឲ្យ​ពួក​គាត់​យក​ទៅ​ធ្វើបុណ្យ​ផង​ដែរ​»​។

ស្ត្រី​វ័យ​ចំណាស់​ដាំ សុ​ខន រស់នៅ​ស្រុក​កៀនស្វាយ​ឲ្យ​ដឹង​ថា ឆ្នាំ​នេះ​បិណ្ឌ​ទី​មួយ​គាត់​បាន​ទៅ​វត្ត​អង្គរ​ជ័យ ។ បើ​ទោះបីជា​បិណ្ឌ​ទី​១​នេះ​ក្រុម​គ្រួសារ​គាត់​មិន​បាន​ជួបជុំ​គ្នា​ទាំង​អស់ ដោយ​ជាប់​ភារកិច្ច​ការងារ​ក៏​ដោយ ប៉ុន្តែ​គាត់​នៅ​តែ​មានចិត្ត​សទ្ធា​ជ្រះថ្លា ក្នុង​ការ​យក​ចង្ហាន់​ប្រគេន​ព្រះសង្ឃ និង​បាន​ជូន​បុណ្យ​កុសល​ទាំងអស់​ជូន​ដល់​ក្រុម​គ្រួសារ​របស់​គាត់​ផង​ដែរ ។

អ្នកស្រី​សុ​ខន ថា​ឆ្នាំ​នេះ​ក៏​ដូច​ជា​បណ្តា​ឆ្នាំ​កន្លង​ទៅ​ដែរ​គាត់​តែងតែ​ទៅ​ធ្វើបុណ្យ​ដាក់​បិណ្ឌ​នៅ​តាម​វត្ត​នានា ដែល​មាន​ពេល​ខ្លះ​អាច​ខ្វះ និង​លើស​ដល់​ទៅ​៧​វត្ត តាម​ជំនឿ​នៃ​ព្រះពុទ្ធ​សាសនា​។

ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ របស់​ជនជាតិ​ខ្មែរ​គឺ​ស្ថិត​ក្នុងអំឡុងពេល​នៃ​កិច្ច​គង់​ចាំ​ព្រះ​​វស្សា​របស់​ភិក្ខុសង្ឃ​សាមណេរ​រយៈពេល​បី​ខែ​។ ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​សព្វថ្ងៃ គឺ​មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា​នឹង​ការ​ទំនុកបម្រុង​សង្ឃភត្ត ដែល​មាន​រយៈ​ពេល​បី​ខែ​ក្នុង​រដូវ​ចូល​វស្សា នា​សម័យ​ពុទ្ធ​កាលនោះ​ដែរ គ្រាន់តែ​មាន​រយៈពេល​ខ្លី​ជាង ដោយ​ថយ​មក​នៅ​ត្រឹមតែ​១៥​ថ្ងៃ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ