ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិល្បករ​ខ្មែរ និង​ឡាវ​សម្តែង និង​បង្ហាញ​ប្រវត្តិ​គែន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ សិល្បករ​ខ្មែរ និង​ឡាវ សរុប​ប្រមាណ​៣០​នាក់ បាន​រួម​គ្នា​ធ្វើ​បទ​បង្ហាញ​អំពី​​ឧបករណ៍​គែន ដែល​ជា​ប្រភេទ​ឧបករណ៍​តន្ត្រី​ធ្វើ​ពី​ដើម​ឫស្សី តូច​ៗ លើ​ឆាក​សម្ដែង​សិល្បៈ​ខ្មែរ​អមតៈ នៅ​បរិវេណ​សារមន្ទីរ​ជាតិ…

រាជធានី​ភ្នំពេញ​ ៖​ សិល្បករ​ខ្មែរ និង​ឡាវ សរុប​ប្រមាណ​៣០​នាក់ បាន​រួម​គ្នា​ធ្វើ​បទ​បង្ហាញ​អំពី​​ឧបករណ៍​គែន ដែល​ជា​ប្រភេទ​ឧបករណ៍​តន្ត្រី​ធ្វើ​ពី​ដើម​ឫស្សី តូច​ៗ លើ​ឆាក​សម្ដែង​សិល្បៈ​ខ្មែរ​អមតៈ នៅ​បរិវេណ​សារមន្ទីរ​ជាតិ ក្រោម​កិច្ចសហការ​រៀបចំ​ដោយ​រថយន្ត​តន្ត្រី​ទិព្វ​ខ្មែរ អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ក្រុម​សិល្បៈ Laomusic Danxang និង​លោកគ្រូ​កែវ ដូ​រី​វណ្ណ ។ បទ​បង្ហាញ​នេះ​កាលពី​ពេល ថ្មី​ៗ​កន្លង​ទៅ ។

គោលបំណង​នៃ​បទ​បង្ហាញ​ឧបករណ៍​ភ្លេង​គែន ដែល​ភាគច្រើន​មហាជន​ខ្មែរ​កម្រ​នឹង​បាន​ឃើញ​ដោយ​ផ្ទាល់ ហើយ​នេះ​ជា​លើក​ទី​មួយ​សម្រាប់​កម្ពុជា ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ការ​រៀបចំ​បទ​បង្ហាញ​រួម​គ្នា​ជាមួយ​សិល្បករ​ឡាវ ។ ជា​ពិសេស សិល្បករ​ទាំង​២​ប្រទេស​មាន​ឱកាស​បាន​ស្គាល់គ្នា ចែករំលែក​ចំណេះដឹង និង​បច្ចេកទេស​សម្ដែង ដែល​សុទ្ធតែ​បាន​បង្ហាញ​ពី​ចំណុច ពិសេស​ៗ​រៀងខ្លួន ។

បទ​បង្ហាញ​បាន​លើក​ឡើង​អំពី​ប្រវត្តិ​ឧបករណ៍​គែន នៅ​កម្ពុជា និង​ឡាវ ព្រមទាំង​ស្ថាន​ភាព​​​ទម្រង់​សិល្បៈ​នេះ​នា​ពេល​បច្ចុប្បន្ន ។ នៅ​ប្រទេស​កម្ពុជា​សន្និដ្ឋាន​ថា ឧបករណ៍​ភ្លេង​គែន​​ប្រហែលជា​មាន​វត្ត​មាននៅ​សតវត្សរ៍​ទី​៦ ដោយ​សម្អាង​ចម្លាក់​នៅ​លើ​ស្គរ​មហា​ធឹ​ក។

ប៉ុន្ដែ​ក៏​មានការ​សន្និដ្ឋាន​ផ្សេង​ទៀត​តាម​រយៈ​ការ​សិក្សា​ស្រាវជ្រាវ​ដោយ​បុរាណ​វិទូ​ជាតិ​បារាំង ដែល​បាន​សិក្សា​ស្រាវជ្រាវ​នៅ​ប្រទេស​ឡាវ បាន​បញ្ជាក់​ថា គែន​ប្រហែលជា​មាន​អាយុ​៣០០០​ឆ្នាំ​មក​ហើយ ដោយ​សម្អាង​រូបគំនូរ​ឧបករណ៍​នេះ​នៅ​លើ​សំបក​ឃ្លោក នៅ​ប្រទេស​ឡាវ ។ ដូច្នេះ​ហើយ​ទើប​ប្រជាជន​ឡាវ ជឿជាក់​ថា គែន​គឺ​មាន​អាយុ​តំណាល​នឹង​កំណើត​ជនជាតិ​ខ្លួន និង​បាន​ចាត់​ទុក​ទម្រង់​សិល្បៈ​គែន និង​ចម្រៀង​គែន ជា​សិល្បៈ​តំណាង​​ជាតិ​ឡាវ ។ កាន់តែ​ច្បាស់​ទៅ​ទៀត ប្រជាជាតិ​ឡាវ តែង​និយាយ​ថា «​ហូប​បាយ​ដំណើប ស្ដាប់​សំឡេង​គែន​»​។

គែន​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ​ដោយ​អង្គការ​យូ​ណេ​ស្កូ នៅ​ថ្ងៃ​ទី ៧ ខែធ្នូ ឆ្នាំ​២០១៧ ដោយ​ប្រទេស​ឡាវ ពោល​គឺ​ក្រោយ​មួយ​ឆ្នាំ​ដែល​កម្ពុជា ដាក់​បញ្ចូល​ចាប៉ី​ដង​វែង​ជា​សម្បត្តិ​យូ​ណេ​ស្កូ​នៅ​ថ្ងៃ​ទី​៣០ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៦ ។ នា​ពេល​បច្ចុ​ប្បន្ន​ទាំង​កម្ពុជា និង​ឡាវ សុទ្ធតែ​កំពុង​យកចិត្តទុកដាក់​ក្នុង​ការ​ផ្សព្វផ្សាយ និង​បណ្ដុះ​បណ្ដាល អ្នក​ជំនាន់​ក្រោយ​ឲ្យ​ចេះ​ប្រគំ និង​រួម​គ្នា​ថែរក្សា អភិរក្ស​សម្បត្តិ​វប្បធម៌​ដ៏​មាន​តម្លៃ​នេះ​កុំ​ឲ្យ​បាត់បង់ ។

អ្នកស្រី​ថន សី​ម៉ា ប្រធាន​កម្មវិធី​រថយន្ត​តន្ត្រី​ទិព្វ​ខ្មែរ នៃ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ បាន​ឲ្យ​ដឹង​ថា នៅ​ខេត្តឧត្តរមានជ័យ កម្មវិធី​នេះ​កំពុង​ដំណើរការ​ថ្នាក់​បង្រៀន​គែន​ដល់​សិស្ស​ស្រី​ចំនួន ៤​នាក់ ដោយ​ព្រឹទ្ធាចារ្យ​ម៉ុ​ន ហៃ ។

អ្នកស្រី​ថន សី​ម៉ា បង្ហើប​ពី​គ​ម្រៀ​ង​រៀបចំ​មហោស្រព​គែន​មួយ​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០២០។  ចំណែក​លោក​សាស្ត្រាចារ្យ​វង្ស​ថង​ខាំ ខាំ​សួន ជា​ប្រធាន​ដឹកនាំ​ក្រុម​សិល្បករ​គែន ឡាវ បាន​បញ្ជាក់​អំពី​សកម្មភាព​អប់រំ​បណ្ដុះបណ្ដាល​ក្មេង​ៗ​ជំនាន់​ក្រោយ​ឡាវ ឲ្យ​ចេះ​ប្រគំ​គែន ដែល​កំពុង​តែ​ដំណើរការ ។ លោក​បាន​បង្ហាញ​ពី​ក្ដី​សង្ឃឹម​ក្នុង​ការ​បង្ហាញ​ឧបករណ៍​គែន​នេះ ឲ្យ​បាន​កាន់តែ​ទូលំទូលាយ​បន្ថែម​ទៀត ព្រោះ​គែន គឺជា​សម្បត្តិ​របស់​មនុស្សជាតិ​ទាំងអស់​គ្នា ។

គែន គឺជា​ឧបករណ៍​តន្ត្រី​គ្រឿង​ផ្លុំ ធ្វើ​ពី​ដើម​ឫស្សី តូច​ៗ មាន​១៦​សំឡេង ។ គេ​អាច​ប្រគំ​ទោល ឬ​ចម្រៀង ឬ​ចម្រៀង​ឆ្លើយឆ្លង ។ នា​ពេល​បច្ចុប្បន្ន​គែន ក៏​ត្រូវ​បាន​យក​ទៅ​ប្រគំ​លាយ​ជាមួយ​ឧបករណ៍​ភ្លេងសម័យ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ