ខេត្តកំពង់ឆ្នាំង ៖ តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឱ្យដឹងថា រថយន្តដឹកទឹកកកមួយបានបុកជាមួយម៉ូតូមួយគ្រឿងដែលជិះគ្នា៣នាក់ បណ្តាលឱ្យរថយន្តដឹកទឹកកកក្រឡាប់កៀបជាប់បុរស២នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកបុរសម្នាក់ទៀតខ្ទាតចេញក្រៅបានរងរបួសធ្ងន់ រីឯម៉ូតូបានរងការខូចខាតដាច់ជាពីរកំណាត់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលបានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ នៅលើផ្លូវក្រាលកៅស៊ូក្នុងខេត្ត ស្ថិតក្នុងភូមិទួលក្រឡាញ់សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះទាំង៣នាក់ខាងលើរួមមាន ១-ឈ្មោះ អ៊ុក សុភ័ត្រា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ បានស្លាប់នៅនឹងកន្លែងកើតហេតុ ២- ឈ្មោះប៊ិច ចាន់ស៊ិន ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង បានស្លាប់នៅនឹងកន្លែងកើតហេតុ និង៣-ឈ្មោះអ៊ូ សិលា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង បានរងរបួសធ្ងន់ ។ ចំណែកអ្នកបើកបររថយន្តបង្កមិនត្រូវបានស្គាល់អត្តសញ្ញាណ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ហើយនាំគ្នាសហការជាមួយនឹងប្រជាពលរដ្ឋលើករថយន្តដឹកទឹកកដែលក្រឡាប់នោះចេញ ដើម្បីយកសពជនរងគ្រោះទាំង២នាក់ចេញពីក្រោមរថយន្ត ហើយប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕

ចែករំលែកព័តមាននេះ