ល្បែង«លាក់កន្សែង» ជាល្បែងមួយយ៉ាងរបស់ក្មេងខ្មែរក្នុងបុរាណកាលតែងលេងសម្រាប់កម្សាន្តសប្បាយនៅពេលយប់ខែភ្លឺក្នុងរដូវចូលឆ្នាំ ឬនៅពេលជាចន្លោះការហត់នឿយ ម្តងៗ ។
មុនដំបូងពួកក្មេងៗបបួលគ្នាបានចំនួនពី ៦ទៅ៧នាក់ឡើងទៅអង្គុយច្រហោងដំកង់ជាវង់មូល ដាក់ដៃទាំងពីរទៅមុខលើក្បាលជង្គង់ក្នុងទីណាមួយដែលជាទីវាលស្រឡះរាបស្មើល្អ។ គេយកកន្សែង ឬក្រមាតូចមួយមករុំមូរឆ្មូលរឹតឱ្យតឹងណែនល្អ ទុកជាយបន្តិចសម្រាប់កាន់យួរបាន ហៅថា «កន្សែង» មានម្នាក់ក្រោកចេញទៅក្រៅវង់កាន់កន្សែងនោះដើរព័ទ្ធជុំវិញយ៉ាងលឿនពីខាងក្រោយខ្នងអ្នកអង្គុយបញ្ឆោតអ្នកអង្គុយមិនឱ្យដឹងខ្លួនថា គេលាក់កន្សែងក្រោយ ខ្នងអ្នកណាទេ ។
ល្បែងនេះមានត្រណមយ៉ាងតឹងរ៉ឹងមិនឱ្យអ្នកលេងងាកក្រោយ ឬលូកដៃទៅខាងក្រោយខ្នង បើអ្នកណាមួយហ៊ានងាក ឬលូកស្ទាបខាងក្រោយខ្នង អ្នកលាក់មានអំណាចដាក់ទណ្ឌកម្មអ្នកនោះ មិនឱ្យឡើងលាក់កន្សែង ឬគេឱ្យអ្នកនោះអង្គុយធ្មេចភ្នែកក៏បាន ស្រេចតែគេដាក់ទោសយ៉ាងណាតាមចិត្តគេស្ម័គ្រ ។ អ្នកលាក់ លុះរត់ក្រឡឹងអ្នកអង្គុយ២ទៅ៣ជុំហើយ មើលតែអ្នកណាអង្គុយបែបភ្លេចខ្លួនគេក៏ដាក់កន្សែងក្រោយខ្នងអ្នកនោះភ្លាម រួចគេរត់យ៉ាងរហ័សព័ទ្ធវង់អ្នកអង្គុយ ដើម្បីឱ្យឆាប់មកដល់កន្លែងកន្សែងដែលគេដាក់នោះ ។ បើអ្នកដែលត្រូវគេលាក់កន្សែងពីក្រោយខ្នងនោះមិនដឹងខ្លួន លុះអ្នកលាក់រត់ក្រឡឹងមកម្តងទៀតចាប់យកកន្សែងនោះបានមុន គេទុកអ្នកលាក់នោះជាឈ្នះ ត្រូវមានអំណាចរើសយកកន្សែងទៅគក់ខ្នងអ្នកដែលអង្គុយនោះ ហើយគេយកកន្សែងលាក់ត ។

តែបើអ្នកអង្គុយដឹងខ្លួនថា គេលាក់ចំក្រោយខ្នងខ្លួន ហើយចាប់យកកន្សែងបានមុនអ្នកលាក់រត់មកដល់ គេចាត់ទុកអ្នកអង្គុយនោះជាអ្នកឈ្នះ ត្រូវមានអំណាចក្រោកឡើងចាប់កន្សែងដេញគក់អ្នកលាក់នោះវិញ តែបើអ្នកលាក់នោះរត់ទៅដល់កន្លែងចន្លោះអង្គុយបាន អ្នកកាន់កន្សែងនោះ មិនត្រូវគក់គេទេ ត្រូវរត់ក្រឡឹងអ្នកអង្គុយដំកង់ដើម្បីនឹងលាក់តទៅទៀត គឺថាអ្នកលាក់ពីមុនត្រូវទៅអង្គុយកន្លែងអ្នកចាប់កន្សែងបានក្នុងវង់ដដែល ។
គេលេងតែរបៀបនេះរហូតដល់ពេលឈប់ ។ ជួនកាលអ្នកខ្លះមិនដែលបានឡើងលាក់កន្សែងនឹងគេម្តងសោះក៏មាន ព្រោះគេលាក់កន្សែងក្រោយខ្នងខ្លួន តែមិនដឹង រវល់តែគេគក់ខ្នងបានរាល់ពេល ។
ល្បែងនេះ គេលេងដើម្បីហាត់ខ្លួនឱ្យមានស្មារតីរឹងប៉ឹង រហ័សរហួន ឱ្យមានប្រាជ្ញាវាងវៃ ហាត់ទម្លាប់ខ្លួនប្រុងស្មារតីជានិច្ច ។ (អត្ថបទដកស្រង់ចេញពីសៀវភៅ «ល្បែងប្រជាប្រិយខ្មែរ») ៕
ចែករំលែកព័តមាននេះ