ជីវិត​អ្នកចម្រៀង​ពិការរក​កម្រៃ​នៅ​តាម​ដងផ្លូវ


រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ជីវិត​ធ្លាក់ខ្លួន​ជា​ជន​ពិកា​ភ្នែក​គ្មាន​អ្វី​ទីពឹង​នោះ ជន​ពិការ​ពីរ​នាក់​បងប្អូន​បាន​សម្រេច​យកមុខ​របរ​លក់​សំឡេង​តាម​ចិញ្ចើម​ផ្លូវ​សុំ​ការ​សន្តោស​ប្រណី​ពី​អ្នកដំណើរ​នានា ដើម្បី​បន្តជីវិត​រស់នៅ​ទាំង​ត្រដាបត្រដួស ។

ច្រៀង​នៅ​តាម​ផ្លូវ​៣៧១​ជិត​ក្រុមហ៊ុន​សុ​ិ​ន​ទ្រី​លោក​ឈួ​ន សា​អា រៀបរាប់​កាលពី​ពេល​ថ្មី​ៗ​កន្លង​ថា លោក​បាន​ធ្លាក់ខ្លួន​ពិការ​ភ្នែក​ដោយសារ​តែ​គ្រោះថ្នាក់​ចរាចរណ៍​តាំងពី​អាយុ​​១៨​ឆ្នាំ ខណៈ​ពេល​ដែល​បច្ចុប្បន្ន​លោក​មាន​អាយុ​២៩​ឆ្នាំ​ហើយ ។ លោក​មានស្រុក​កំណើត​នៅ​ស្រុក​បន្ទាយមាស ខេត្តកំពត ហើយ​មុន​ពេល​ច្រៀង​នៅ​ភ្នំពេញ លោក​គឺជា​បុគ្គលិក​ម៉ាស្សា​នៅ​ហាង​មួយ​ក្នុង​ខេត្តកំពង់ចាម ។

បើ​តាម​លោក​ឈួ​ន សា​អា មូលហេតុ​ដែល​លោក​មក​ច្រៀង​នៅ​តាម​ចិ​ញ្ចើ​ញ​ផ្លូវ​ក្នុង​រាជ​ធានី​ភ្នំពេញ​នេះ គឺ​ដោយសារ​នៅ​ហាង​ម៉ាស្សា​នោះ​លោក​ពិបាក​រក​ប្រាក់ ហើយ​ថៅកែ​ហាង​ម៉ាស្សា​តែងតែ​កិបកេង​លុយ​ធីប​របស់​លោក និង​បុគ្គលិក​ជា​រៀង​រាល់ពេល ធ្វើ​ឲ្យ​បុគ្គលិក​ដែល​ជា​ជន​ពិកា​ដូច​គ្នា​ខឹង​ខ្លាំង ។ ចំពោះ​លោក​សម្រេចចិត្ត​ឈប់​ពី​ការងារ​នេះ ដោយ​ធ្វើ​ដំណើរ​មក​ភ្នំពេញ​តែ​ម្តង ។

ពេល​មក​ដល់​ភ្នំពេញ​ដំបូង​លោក​ឈួ​ន សា​អា ដើរ​ផ្លុំ​ខ្លុយ​សុំ​លុយ​គេ បន្ទាប់​មក​ដេញចាប៉ី​ដង​វែង និង​លេងភ្លេង​ឲ្យ​គេ ប៉ុន្តែ​វិធី​នេះ​ហាក់​ពិបាក​រក​ប្រាក់ ទើប​លោក​សម្រេច​ប្រមូល​ផ្តុំ​ជន​ពិកា ផ្សេង​ៗ​ទៀត​បាន​ចំនួន​៥​ទៅ​៦​នាក់​រៃ​លុយ​គ្នា​ទិញ​ឧបករណ៍ ដើម្បី​ច្រៀង​តាម​ចិញ្ចើម​ផ្លូវ​នា​ពេល​នេះ ។ លោក​បាន​ចាប់ផ្តើម​ច្រៀង​តាម​ចិញ្ចើម​ផ្លូវ​នេះ​តាំងពី​ឆ្នាំ​២០១៥ ។ ជា​ធម្មតា​ការ​ច្រៀង​ដើម្បី​សុំ​លុយ​ពី​អ្នកដំណើរ​នេះ ក្នុង​មួយ​ថ្ងៃ​ក្រុម​លោក​អាច​ចែក​លុយ​គ្នា​បាន​ម្នាក់​ចាប់ពី​២​ទៅ​៣​ម៉ឺន​រៀល ។

ឈួ​ន សា​អា ថា​មូលហេតុ​ដែល​លោក​ច្រៀង​តាម​ចិញ្ចើម​ផ្លូវ​នេះ គឺ​ដោយសារ​វា​ឯករាជ្យ និង​មិន​មានការ​កិបកេង​ណាមួយ​ពី​អ្នក​ណា​ឡើយ ខុស​ប្លែក​ពី​ការ​ដែល​លោក​ធ្លាប់​ធ្វើការ​នៅ​ហាង​ម៉ាស្សា ។ នៅ​ហាង​ម៉ាស្សា​លោក​ត្រូវ​ធ្វើការ​យ៉ាងតិច​៦​ទៅ​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ ហើយ​ទទួល​បាន​ប្រាក់ខែ​តែ​៦០​ដុល្លារ​ប៉ុណ្ណោះ ចំណែក​លុយ​ធីប ផ្សេង​ៗ​គឺ​មានការ​កិប​កេង​ពី​ថៅកែ​ថែម​ទៀត ។

ការ​ប្រកប​មុខរបរ​ច្រៀង​តាម​ផ្លូវ​ក្រុម​របស់​លោក​ឈួ​ន សា​អា បាន​ជួប​បញ្ហា​ខ្លាំង​ណាស់​ដែរ​កន្លង​មក ដោយសារ​ត្រូវ​ក្រុម​សណ្តាប់ធ្នាប់​ចាប់​យក​ឧបករណ៍​ច្រៀង​ទៅ​អស់ ធ្វើ​ឲ្យ​ពួក​លោក​ដាច់​បាយ​ប្រហែល​មួ​យស​ប្តា​ហ៍ ។ ជាង​នេះ​ទៅ​ទៀត​ពួក​លោក​ក៏​រង​ការ​រើស​អើង​ខ្លះ​ដែរ​ពី​មហាជន ប៉ុន្តែ​ពួក​លោក​នៅ​តែ​តស៊ូ​អំណត់​ព្យាយាម​លក់​សំឡេង​តាម​ដងផ្លូវ ក្នុង​ន័យ​សុំ​ការ​សន្តោស​ប្រណី​ពី​សាធារណជន​ប៉ុណ្ណោះ ។

ដោយឡែក​ជន​ពិកា​ភ្នែក​ត្រូវជា​បងប្អូន​ជីដូនមួយ​នឹង​លោក​ឈួ​ន សា​អា គឺ​លោក​ជុំ ធឿ​ន បាន​ធ្លាក់ខ្លួន​ពិកា​ភ្នែក​តាំងពី​កំណើត​មក រហូត​មក​ទល់​នា​ពេល​នេះ​មាន​រយៈពេល​ជិត​៣០​ឆ្នាំ​មក​ហើយ ។ មុន​ពេល​ច្រៀង​ជា​ក្រុម​នៅ​តាម​ដងផ្លូវ​នេះ​លោក​ជុំ ធឿ​ន ធ្លាប់​ចូល​រៀនអក្សរ​នៅ​អង្គការ​គ្រួសារ​ថ្មី ។ ក្រោយមក​លោក​បាន​ចេញពី​អង្គការ ហើយ​បាន​ប្រកប​របរ​ធ្វើ​ចម្ការ​បន្តិចបន្តួច​ដើម្បី​ជីវិត មុន​ពេល​ដែល​លោក​បាន​សុំ​កន្លែង​ស្នាក់​នៅ​ក្នុង​សមា​គម​ជន​ពិកា​មួយ ។ នៅ​ក្នុង​សមាគម​នោះ​គេ​តម្រូវ​ឲ្យ​លោក​ជួយ​ថ្លៃ​ទឹក​ភ្លើង​ក្នុង​មួយ​ខែ​ចំនួន​មួយ​ម៉ឺន​ទៅ​មួយ​ម៉ឺន​បី​ពាន់​រៀល តែ​លោក​គ្មាន​លទ្ធភាព​ក្នុង​ការ​រក​ប្រាក់ ទើប​សម្រេច​ចាកចេញ ហើយ​មក​ច្រៀង​នៅ​តាម​ដងផ្លូវ​នា​ពេល​នេះ ។

បើ​តាម​លោក​ជុំ ធឿ​ន បច្ចុប្បន្ន​ក្រុម​របស់​លោក​កំពុង​ស្នាក់​នៅផ្ទះ​ជួល​មួយ ដោយ​មាន​ជន​ពិការ​ស្នាក់​នៅ​៥​នាក់ និង​ម្នាក់​ទៀត​សម្រាប់​ធ្វើ​បាយ​ម្ហូប ។ ក្រុម​របស់​លោក​មិន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ពី​ខាង​ណាមួយ​ឡើយ ។

ការ​ច្រៀង​នៅ​តាម​ដងផ្លូវ​នេះ​លោក​ជុំ ធឿ​ន និង​មិត្ត​រួម​ក្រុម​ផ្សេង​ទៀត​ក៏​ទទួល​បានការ​រើសអើង ខ្លះ​ៗ​ដែរ ប៉ុន្តែ​បញ្ហា​នេះ​មាន​តិចតួច​ប៉ុណ្ណោះ ចំណែក​ការ​គាំទ្រ​គឺ​មាន​ច្រើន ក្នុង​នោះ​ក្រុម​របស់​លោក​ទទួល​បានការ​ជួយ​ឧបត្ថម្ភ​ខ្លះ​ពី​អាជ្ញាធរ ។

បើ​ទោះបីជា​ខ្លួន​ជា​ជន​ពិកា​ក៏​ពិតមែន​លោក​ជុំ ធឿ​ន មិន​មាន​បំណង​ច្រៀង​សុំ​ប្រាក់​គេ​រហូត​ទេ ពោល​គឺ​លោក​ចង់​ទទួល​បានការ​បណ្តុះបណ្តាល​ជំនាញ ផ្សេង​ៗ ហើយ​បើ​អាច​លោក​ស្នើ​ដល់​ស្ថាប័នរដ្ឋ និង​ឯកជន​គួរ​មានការ​សន្តោស​ប្រណី​អនុញ្ញាត​ឲ្យ​ជន​ពិការ​មាន​លទ្ធភាព​បាន​ទទួល​ការងារ​មួយ​សមរម្យ ដូច​មនុស្ស​ទូទៅ​ផង ដើម្បី​ឲ្យ​ជន​ពិការ​បាន​ចិញ្ចឹមជីវិត​តទៅ​មុខ​ទៀត ។

មាន​ក្រុម​តន្ត្រី​ជន​ពិការ ផ្សេង​ៗ​បាន​ប្រគំ​នៅ​ក្បែរ​ស្តុ​ប និង​ផ្សារ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ជា​ការ​បង្ហាញ​ពី​ជីវិត​ក្រលំបាក​របស់​ខ្លួន ហើយ​ប្រាថ្នា​ការ​ជួយ​ឧបត្ថម្ភ​ពី​សប្បុរស​ជន ។ មុន​នឹង​ចេញដំណើរ​តទៅ​ទៀត សប្បុរសជន​តែងតែ​ឆ្លៀត​ជូន​ប្រាក់​តាម​សទ្ធា​របស់​​ខ្លួន​ទៅ​ក្រុម​តន្ត្រី​ជន​ពិការ ។

ហេតុ​ដែល​នាំ​ឲ្យ​ជន​ពិការ​សម្រេចចិត្ត​ជ្រើសរើស​យក​ចិញ្ចើម​ផ្លូវ​ក្បែរ​ស្តុ​ប និង​ក្បែរ​ផ្សារ​មួយ​ចំនួន​ច្រៀង​ឲ្យ​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ស្តាប់ គឺ​ដើម្បី​ទាក់ទាញ​អារម្មណ៍ និង​ទឹក​ចិត្ត​របស់​សាធារណជន​ទាំងនោះ​ឲ្យ​អាណិតអាសូរ​និង​ជួយ​ផ្តល់​ប្រាក់​ដល់​ពួក​គេ​បាន​យក​ទៅ​ទ្រទ្រង់​ជីវភាព​គ្រួសារ និង​ក្រុម​តន្ត្រី​របស់​ខ្លួន ។

ក្រុម​ជន​ពិការ​ដែល​ច្រៀង​ដើម្បី​រក​ប្រាក់​នេះ​បញ្ជាក់​ប្រហាក់ប្រហែល​គ្នា​ថា​ពួក​គេ​សុខ​ចិត្ត​ប្រើ​សមត្ថភាព​របស់​ខ្លួន​បន្តិចបន្តួច ដើម្បី​រក​ប្រាក់​ចំណូល​ចិញ្ចឹមជីវិត​ជា​ជាង​ដើរ​សុំ​ទាន​គេ ។ ក្រៅពី​ច្រៀង​រៀបរាប់​ពី​ទុក្ខ​លំបាក​ក្នុង​ភាព​ជា​ជន​ពិការ​នោះ ពួក​គេ​ច្រៀង​បទ ផ្សេង​ៗ​តាម​ការ​ចេះ​ចាំ​របស់​ខ្លួន​ដើម្បី​ទាក់ទាញ​អារម្មណ៍​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ