រាជធានីភ្នំពេញ ៖ តារាចម្រៀងសំនៀងរដឺននាងអឿន ស្រីមុំ បានវិលមកស្រុកកំណើតវិញហើយ បន្ទាប់ពីសម្ងំរស់នៅជាមួយបុរសអាណិកជនម្នាក់ក្នុងប្រទេសកាណាដាជាង៣ឆ្នាំ។ក្រោយពីចេញទៅសម្តែងនៅប្រទេសកាណាដា ក្នុងអំឡុងឆ្នាំ២០១០នោះ តារាចម្រៀងមេម៉ាយក្តៅស្រួយ អឿន ស្រីមុំ មិនបានវិលមកប្រទេសកម្ពុជា តាមកាលកំណត់ឡើយ ស្របពេលដែលនាងសម្រេចចិត្តរស់នៅជាមួយបុរសអាណិកជនម្នាក់នៅទីនោះដូចប្តីប្រពន្ធ ។
រយៈពេលដែលអឿន ស្រីមុំ រស់នៅប្រទេសកាណាដានោះគេគិតថា តារាចម្រៀងដែលមានដើមកំណើតមកពីខេត្តបាត់ដំបងរូបនេះកំពុងរស់នៅយ៉ាងសុខសាន្ត ព្រោះរូបភាពជាច្រើនដែលនាងបង្ហោះក្នុងហ្វេសប៊ុកបង្ហាញទឹកមុខស្រស់ស្រាយជានិច្ច ។ នោះជាហេតុធ្វើឲ្យគេគិតថា នាងប្រហែលជាគ្មានថ្ងៃនឹងវិលមកកាន់ទឹកដីកំណើតជាលើកទី២ឡើយ ក្រោយពេលជួបរឿងប្រះឆាជាមួយអតីតស្វាមីដែលជាតន្ត្រីករនោះ ។
ផ្ទុយទៅវិញ នៅទីបំផុតម្ចាស់បទ «ពាក់អាវមិនដែលឃើញដោះ» រូបនេះបានត្រឡប់មកទឹកដីកំណើតវិញ និងបានទាំងឡើងបង្ហាញមុខក្នុងកម្មវិធីតន្ត្រីខារ៉ាបាវរបស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីថ្ងៃសៅរ៍ ទី១៧ វិច្ឆិកា ។
ក្នុងពេលសម្ភាសន៍ អឿន ស្រីមុំ និយាយថា នាងមករស់នៅស្រុកខ្មែរជារៀងរហូតដោយមិនមានបំណងត្រឡប់ទៅប្រទេសកាណាដាវិញឡើយ ។
នាងថា រំជួលចិត្តណាស់នៅពេលបានឃើញស្រុកខ្មែរមានការអភិវឌ្ឍខ្លាំងដោយមានស្ពានអាកាស និងការរីកចម្រើនដទៃទៀត តែក្នុងរយៈពេលខ្លីដែលនាងបាត់មុខនេះ ។ អឿន ស្រីមុំ ស្ទើរបង្ហូរទឹកភ្នែកនៅពេលរំលឹកដល់ការចាកចោលប្រទេសកំណើតអស់ជាច្រើនឆ្នាំកន្លងមក ដែលនេះបង្ហាញយ៉ាងច្បាស់ថា ការយល់ថា នាងសោយសុខនៅប្រទេសកាណាដា នាពេលកន្លងមក គឺជារឿងផ្ទុយស្រឡះ ។ នាងនិយាយថា «ខ្ញុំនៅកាណាដាត្រូវធ្វើការទាំងយប់ទាំងថ្ងៃ ហើយបើទោះជាយូរៗបានឡើងច្រៀងម្ដងក៏មិនមានបងប្អូនយើងគាំទ្រដូចនៅស្រុកខ្មែរឡើយ គឺមើលទៅកម្សត់ណាស់ ។ ដូច្នេះហើយគ្រាន់តែមកដល់ស្រុកខ្មែរបានប៉ុន្មានថ្ងៃនាងខ្ញុុំរកឱកាសឡើងឆាកទូរទស្សន៍ ដើម្បីឲ្យបងប្អូនខ្មែរទាំងអស់ដឹងថា អឿន ស្រីមុំ សុំខ្លួនមករស់នៅស្រុកខ្មែរវិញហើយ និងឈប់ទៅប្រទេសកាណាដា» ។
អឿន ស្រីមុំ និយាយថា នាងសប្បាយចិត្តណាស់ នៅពេលឃើញស្រុកកំណើតស្រស់ស្អាតឯការរៀបចំប្រគំតន្ត្រីរបស់ស្ថានីយទូរទស្សន៍នានា ក៏មានលក្ខណៈទំនើបនិងទាន់សម័យ ។ ព្រោះតែហេតុផលហ្នឹងហើយទើបតម្រូវឲ្យនាងសម្រេចចិត្តមិនទៅកាណាដាវិញដោយមិនស្ដាយផ្ទះវីឡា និងរថយន្តទំនើបដែលនាងធ្លាប់បង្ហាញនៅក្នុងហ្វេសប៊ុកក្នុងពេលជ្រកកោណនៅប្រទេសនោះ ។
អឿន ស្រីមុំ បានអញ្ជើញម្ដាយរបស់នាងឲ្យបង្ហាញមុខទន្ទឹមគ្នានឹងការឡើងឆាករបស់នាងដើម្បីបញ្ជាក់ថា នាងពិតជាលែងទៅរស់នៅប្រទេសកាណាដាវិញហើយ ។នាង បញ្ជាក់ថា ឈប់ទៅណាចោលស្រុកខ្មែរទៀតហើយៗក៏ឈប់ដកខ្លួនពីសិល្បៈដែរ ។ នាងសន្យានឹងស្វះស្វែងរកឱកាសច្រៀងរាំឡើងវិញ ក្រោយពីត្រលប់មករស់នៅស្រុកខ្មែរជាអចិន្ត្រៃយ៍នេះ ។ ស្រីមុំ បញ្ជាក់ប្រាប់ទស្សនិកជនថា ការពិតនាងនៅត្រាំត្រែងក្នុងប្រទេសកាណាដាមិនមែនព្រោះចង់រស់នៅទេ គឺដោយសារតែចង់នៅលេងហើយគាប់ជួនជាមានបញ្ហាដកឃ្លាមិនបានផង ទើបចេះតែអូសបន្លាយពេលដល់រាប់ឆ្នាំបែបនោះ ។
ទោះជាយ៉ាងណាក្តី អឿន ស្រីមុំ មិនបានបញ្ជាក់អំពីស្វាមីរបស់នាងដែលនៅកាណាដានោះមកស្រុកខ្មែរជាមួយនាងដែរឬយ៉ាងណាទេ ធ្វើឲ្យគេនៅតែមានចម្ងល់ថា ការវិលត្រឡប់ទាំងតក់ក្រហល់របស់នាងនៅពេលនេះអាច បណ្តាលមកពីមានបញ្ហាទៅលើសម្ព័ន្ធភាពស្នេហារបស់នាង ។នាង អឿន ស្រីមុំ គឺជាអ្នកចម្រៀងរដឺនម្នាក់ដែលមានឈ្មោះបោះសំឡេងគ្រាន់បើក្នុងពិភពសិល្បៈ ជាពិសេសនាងទទួលបានការគាំទ្រពីបងប្អូនខ្មែររស់នៅក្រៅប្រទេស ។ អ្នកចម្រៀងរូបនេះ បានសម្រេចចិត្តលែងលះជាផ្លូវការជាមួយតន្ត្រីករលោកកែវ សុខា កាលពីឆ្នាំ២០០៧ បន្ទាប់ពីពួកគេបានរួមរស់ និងឆ្លងកាត់ការរស់នៅជាមួយគ្នាទាំងលំបាក និងសុខស្រួលអស់រយៈពេលជាង១០ឆ្នាំមកនោះ ៕
ចែករំលែកព័តមាននេះ