រាជធានីភ្នំពេញ ៖ នៅខែតុលា ខាងមុខនេះ ខ្សែភាពយន្តបែប 3D «រឿងសង្សារខ្ញុំ…អាប» ដែលជាស្នាដៃដំបូងរបស់ផលិតករភាពយន្តខ្មែរ នឹងត្រូវដាក់បញ្ចាំងជូនទស្សនាតាមរោងភាពយន្តនៅភ្នំពេញ និងបណ្តាខេត្តនានា ហើយគេរំពឹងថា ខ្សែភាពយន្តនេះនឹងទទួលបានជោគជ័យមិនខាន ។
ឆ្ពោះទៅការបញ្ចាំងខ្សែភាពយន្តបែប 3D នេះលោកជា វណ្ណារិទ្ធ ដែលជាពិធីករស្ថានីយទូរស្សន៍បាយ័ននិងជាតួឯកក្នុងខ្សែភាពយន្តរឿង «សង្សារខ្ញុំ…អាប» បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរដែលនិយមទស្សនាភាពយន្តជួយគាំទ្រភាពយន្តដែលជាស្នាដៃដំបូងរបស់ផលិតករខ្មែរលោកគាំ ចន្ធី។ តារាសម្តែងរូបនោះបានលើកឡើងថា ខ្សែភាពយន្តរឿង «សង្សារខ្ញុំ…អាប» ដែលផលិតជាភាពយន្ត 3D សម័យទំនើប និងកំពុងពេញនិយមលើពិភពលោក គឺជាភាពយន្តទី១ របស់កម្ពុជា និងជាស្នាដៃនិពន្ធ និងដឹកនាំរឿងដោយលោកគាំ ចន្ធី របស់ផលិតកម្ម FCI។ ភាពយន្តដ៏ទំនើបនេះទើបតែថតចប់នៅអំឡុងខែសីហា និងកំពុងកាត់តនៅប្រទេសកូរ៉េខាងត្បូង ហើយអាចនឹងចប់សព្វគ្រប់នៅពេលឆាប់ៗខាងមុខនេះ។ លោកបញ្ជាក់ថា គម្រោងដាក់បញ្ចាំងខ្សែភាពយន្តដ៏អស្ចារ្យនេះគឺនៅក្នុងខែតុលា ២០១២នេះ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ