រាជធានីភ្នំពេញ ៖ បន្ទាប់ពីទទួលជោគជ័យជាបន្តបន្ទាប់ក្នុងអាជីពជាពិធីការិនី និងសម្តែង ពិធីការិនីសម្តីស្រទន់របស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍អ្នកនាង ទូច ស៊ីណាត បានអះអាងថា នាងកំពុងតែប្រឹងប្រែងបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍ខ្លួនឯងឱ្យក្លាយជាអ្នកផលិតកម្មវិធីទូរទស្សន៍ដែលមានការគាំទ្រពីអ្នកទស្សនា ។
ក្នុងបទសម្ភាសន៍ជាមួយកោះសន្តិភាពកាលពីថ្ងៃទី១៥ កញ្ញា ២០១២ ពិធីការិនីដែលមានដើមកំណើតនៅទីក្រុងភ្នំពេញ រូបនេះបាននិយាយថា បច្ចុប្បន្នបើទោះបីជានាងកំពុងតែកាន់កម្មវិធីជាច្រើននៅក្នុងស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ក៏ដោយ ប៉ុន្តែដោយមានការគាំទ្រ និងបង្ហាត់បង្ហាញពីថ្នាក់ដឹកនាំនៅក្នុងស្ថានីយនោះនាងនឹងប្រឹងធ្វើយ៉ាងណា ដើម្បីអភិវឌ្ឍន៍ខ្លួនឯងឱ្យក្លាយជាអ្នកផលិតកម្មវិធីទូរទស្សន៍បន្ថែមទៀត ខណៈពេលនេះនាងក៏ជាជំនួយការអ្នកផលិតកម្មវិធីរបស់ស្ថានីយទូរទស្សន៍មួយនេះផងដែរ ។
នាងបញ្ជាក់ថា បើទោះបីជានាងមានឱកាសបានសម្តែងខ្សែភាពយន្តក៏ដោយ ប៉ុន្តែនាងនៅតែគ្មានមហិច្ឆតាណាមួយចង់ក្លាយជាសិល្បការិនីម្នាក់ឡើយ ដោយហេតុថា គោលបំណងសំខាន់របស់នាងនាពេលនេះគឺចង់ក្លាយជាអ្នកដឹកនាំកម្មវិធីទូរទស្សន៍ និងជាអ្នករកស៊ីម្នាក់ ។ នាងបន្តថា អាជីពជាពិធីការិនីរបស់នាងនាពេលសព្វថ្ងៃនេះ គឺប្រៀបបាននឹងទឹករលកដែលត្រូវបានច្រានដោយរលកក្រោយ ខណៈពេលដែលបច្ចុប្បន្នមានពិធីការិនីក្មេងៗជាច្រើនកំពុងតែបញ្ជ្រាបខ្លួនចូលក្នុងអាជីពមួយនេះ ហើយស្របពេលដែលនាងមានវ័យកាន់តែជ្រេហើយនោះ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ