ក្រោយពីធ្វើការប្រកួតដ៏ស្វិតស្វាញជាច្រើនដំណាក់កាល ទីបំផុតនាង Xu Jidan (Diana Xu) បានគ្រងមកុដបវរកញ្ញាឯកចក្កវាឡចិនឆ្នាំ២០១២ ដែលបានរៀបចំធ្វើឡើងនៅមហោស្រពក្នុងទីក្រុងសៀងហៃ កាលពីថ្ងៃសៅរ៍ ទី១ កញ្ញា ឆ្នាំ ២០១២ កន្លងទៅនេះ ។
នាង Xu Jidan វ័យ២២ឆ្នាំ មកពីខេត្ត Jilin បានផ្តួលបេក្ខនារី២១រូបផ្សេងទៀត ខណៈពេលនាង Xu Lingyue ទទួលបានចំណាត់ថ្នាក់លេខ២ និងនាង Zhang Yutong ទទួលបានចំណាត់ថ្នាក់លេខ៣ ។ ក្រៅពីចំណាត់ថ្នាក់ជ័យលាភីរបស់បេក្ខនារី៣រូបនេះ នៅមានបេក្ខនារី៥រូបផ្សេងទៀតដែលទទួលបានពានរង្វាន់ពិសេសនៅក្នុងការប្រកួតនេះផងដែរ ។ ក្រៅពីទទួលបានមកុដបវរកញ្ញាឯកតម្លៃ៥១៥.០០០ដុល្លារសហរដ្ឋអាមេរិក រាជនីសម្រស់មកពីខេត្ត Jilin ភាគឦសាន្តប្រទេសចិន បានទទួលរង្វាន់ឧបត្ថម្ភផ្សេងៗទៀតដូចជា ផលិតផលថែរក្សាស្បែក និងគ្រឿងសម្អាង ពីក្រុមហ៊ុនកែសម្ផស្ស Yuesai Cosmetic រួមនឹងឱកាសធ្វើដំណើរកម្សាន្តលើនាវា Costa Cruise និង អាហារូបករណ៍ចំនួន១សែនដុល្លារពីបណ្ឌិតសភាភាពយន្ត New York Film Academy ។
បេសកកម្មពិសេសរបស់នាង Xu Jidan នឹងត្រូវធ្វើការហ្វឹកហាត់បន្ថែមទៀត ដើម្បីចូលរួមប្រកួតបវរកញ្ញាឯកចក្កវាឡពិភពលោក ដែលនឹងប្រារព្ធធ្វើឡើងនៅខែធ្នូ ឆ្នាំ ២០១២ ខាងមុខនេះ ៕
ចែករំលែកព័តមាននេះ