រាជធានីភ្នំពេញ ៖ ខ្សែភាពយន្តរឿង «ឃ្លាតទៅសែនឆ្ងាយ» ជារឿងទុក្ខសោកពិតក្នុងជីវិតរបស់អ្នកស្រីនន់ សិលា ដែលខំធ្វើរឿងរ៉ាវគ្រប់យ៉ាង ដែលខ្លួនអាចធ្វើបាន ដើម្បីជួយឱ្យក្រុមគ្រួសាររបស់គាត់រស់រានមានជីវិត និងរស់នៅដើម្បីតែមើលឃើញប្រជាជនយ៉ាងច្រើនត្រូវគេសម្លាប់ ធ្វើទារុណកម្មដោយបង្អត់អាហាររហូតបាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាស្ត្រខ្មែរក្រហម កាលពីជាង៣០ឆ្នាំមុន ។
រឿងឃ្លាតទៅសែនឆ្ងាយនេះ រៀបរៀងនិពន្ធ និងសម្តែងដោយអ្នកស្រីកូវ សុធារី ជាកូនម្នាក់ ក្នុងចំណោមកូនពីរនាក់ ដែលនៅរស់រានរបស់អ្នកស្រីនន់ សិលា ។ រឿងឃ្លាតទៅសែនឆ្ងាយបង្ហាញឱ្យឃើញជាក់ស្តែងពីអំពើឃោរឃៅព្រៃផ្សៃហួសប្រមាណក្នុងសម័យកាលដ៏ឈឺចាប់ជាប្រវត្តិសាស្ត្រ ។
លោកឆាយ បូរ៉ា អ្នកដឹកនាំរឿង ជាស្វាមីរបស់អ្នកស្រីកូវ សុធារី ឱ្យដឹងថា ការផលិតភាពយន្តនេះឡើង គឺមិនមែនសម្រាប់តែប្រយោជន៍ផ្ទាល់ខ្លួនទេ ដោយសារគិតឃើញប្រវត្តិពិតរបស់អ្នកស្រីនន់ សិលា ដែលមានខ្សែជីវិតដូចប្រជាជនដទៃជាច្រើនទៀត ក្នុងសម័យប៉ុលពត ជួបប្រទះគួរតែត្រូវប្រាប់គេឯងបានដឹងកាន់តែច្បាស់ ។ ប្រជាជនកម្ពុជាជំនាន់ក្រោយត្រូវសិក្សាស្វែងយល់ ហើយមិនត្រូវបំភ្លេចអតីតកាលដ៏ជូរចត់កន្លងនោះទេ ។
ដើម្បីទុកជាការចងចាំប្រវតិ្តសាស្ត្រ «ឃ្លាតទៅសែនឆ្ងាយ» ត្រូវបានក្រុមហ៊ុន Sabay នាំយកទៅដាក់បញ្ចាំងចាប់ពីថ្ងៃទី៦ មករា ឆ្នាំ២០១២ តទៅនៅរោងភាពយន្ត The Cine-plex សូរិយា ហើយសង្ឃឹមថានឹងទទួលបានជោគជ័យ ។
លោកជី សិលា នាយកប្រតិបត្តិ Sabay ឱ្យដឹងថា រឿង«ឃ្លាតទៅសែនឆ្ងាយ» ជារឿងតែមួយគត់ក្នុងចំណោមខ្សែភាពយន្តខ្មែរជាច្រើនដែលអាចដើរតាមមធ្យោបាយនៃរោងភាពយន្តថ្មីៗរបស់កម្ពុជាយើង អាចប្រាប់ពីរឿងពិសេសនេះទៅកាន់មនុស្សជាច្រើននាក់ទៀត ក្នុងពេលតែមួយ ។
លោកជី សិលាបញ្ជាក់ថា អ្នកស្រីកូវ សុធារី ជាសាស្ត្រាចារ្យផ្នែកភាពយន្តនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយជាបុគ្គលជោគជ័យក្នុងអាជីពជាតារាសម្តែង និងជាអ្នកនិពន្ធ និងដឹកនាំរឿង ។ មុនខ្សែភាពយន្តរឿង «ឃ្លាតទៅសែនឆ្ងាយ» គឺកាលពីឆ្នាំ២០០៤ អ្នកស្រីកូវ សុធាវី សម្តែងជាតួឯករឿង «កតញ្ញូ» រឿង «បំបែកភាពស្ងប់ស្ងាត់ និង ៣ឆ្នាំ៨ខែ២០ថ្ងៃ» ៕
រស្មី
ចែករំលែកព័តមាននេះ