រាជធានីភ្នំពេញ ៖ លោកស៊ិន សាមី សិល្បករនៅនាយកដ្ឋានទស្សនីយភាពបានខិតខំប្រឹងប្រែងបង្កើតស្នាដៃថ្មីរបស់ខ្លួន គឺចម្លាក់ស្បែកធំខ្សែរឿងរាមកេរ្តិ៍រហូតសម្រេចដូចបំណង ហើយនាំយកទៅដាក់តាំងពិព័រណ៍បង្ហាញជាសាធារណៈកាលពីល្ងាចថ្ងៃទី៦ តុលា ឆ្នាំ២០១១ នៅវិទ្យាស្ថានអាឡឺយ៉ង់ ដោយមានភ្ញៀវជាតិ-អន្តរជាតិចូលរួមទស្សនាយ៉ាងច្រើនកុះករ ។ លោកមានប្រសាសន៍ថា ចម្លាក់ស្បែកធំនេះ មានតាំងពីសម័យដើមមកម៉្លេះ ដោយលោកគ្រូចាស់ៗដាប់ស្បែកតៗគ្នាជាកេរដំណែលរហូតមកដល់បច្ចុប្បន្ន ។
លោកស៊ិន សាមី ឱ្យដឹងថា ដំបូងលោកដើរចាំងយកសំបកឈើណាដែលមានជ័រពណ៌ក្រហមដាក់ត្រាំពីមួយសប្តាហ៍ទៅ៣សប្តាហ៍។ បន្ទាប់មកទៀតយកគល់ឫស្សីចាស់ជាងគេកាត់ប្រវែងពី៣តឹកទៅ៤តឹកយកមកពុះច្រៀកសម្រួចឱ្យស្រួច ទើបយកស្បែកគោមកលាតសន្ធឹងត្រដាងនៅលើទីធ្លាដែលមានដីរាបស្មើ ហើយចាប់ផ្តើមបោះចោះទំលុះស្បែកទាញលាតសន្ធឹងឱ្យតឹងគ្រប់ជ្រុង។ បន្ទាប់មកយកកាំបិតមុតចៀរសាច់ដែលនៅសេសសល់លើផ្ទៃស្បែកចេញឱ្យអស់ ទើបយកទឹកមកលាងសំអាតយកទៅហាលថ្ងៃ រហូតស្ងួតសមល្មម ។ ពេលស្បែកស្ងួតហើយយកជ័រឈើដែលត្រាំនោះមកលាបពីលើរួចយកទៅហាលបន្តទៀតរហូតស្តួតល្អ ទើបដោះស្បែកទៅកោសរោមចេញឱ្យស្អាត ។
លោកស៊ិន សាមី បន្តថា មុនពេលដាប់ស្បែកគេត្រូវធ្វើពិធីតាំងគ្រូដោយរៀបចំ លំដាប់ស្លាធម៌ បាយសីមួយគូ និងទៀន៥ ធូប៥ ក្បាលជ្រូក និងមាន់ស្ងោរពីរ ផ្លែឈើ មើមឈើ នំ និងបាយសម្ល បាយស បាយក្រហម ដាក់ក្នុងពែងផ្តិលទឹក។ រៀបចំលំដាប់ទាំងនេះហើយអុជធូប ទៀន ដើម្បីឧទ្ទិសដល់ព្រះវិស្ណុ ព្រះនារាយណ៍ ព្រះឥសូរ ឥសី អ្នកតា ម្ចាស់ទឹក ម្ចាស់ដីព្រៃព្រឹក្សា ស្តេចក្រុងពាលី នាងគង្ហីងព្រះធរណី ម្រេញ គង្វាល ព្រមទាំងស្តេចព្រះគ្រូអាចារ្យ គ្រូកំណើតដែលបង្កើតរូបកាយ និងវិញ្ញាណ បង្កើតទឹក បង្កើតដី បង្កើតព្រៃព្រឹក្សា ឧទ្ទិសដល់អង្គដួង អង្គទេព អង្គវិញ្ញាណ អញ្ជើញឱ្យចុះមកសេពសោយម្ហូបចំណីរួចហើយងាកក្រោយឱ្យពរជ័យកុំបីមានជំងឺឈឺថ្កាត់ដល់រូបកាយ ដល់តួអង្គសិស្សដែលគ្រូបានបង្ហាត់បង្រៀនឱ្យចេះគូសវាសឆ្លាក់កាត់ដាប់ជារូបភាពផ្សេងៗ ។
លោកស៊ិន សាមី បញ្ជាក់ថា លោកដាប់ស្បែកជាសិល្បៈល្ខោនស្បែកធំខ្សែរឿង «រាមកេរ្តិ៍» យកដាក់តាំងពិព័រណ៍ ដើម្បីបន្តឱ្យកូនខ្មែរជំនាន់ក្រោយបានដឹងបានសិក្សាបន្តពីការផលិតដាប់ស្បែកនីមួយៗឱ្យក្លាយជាសិល្បៈមានរូបរាង មានពណ៌សម្បុរស្រស់ស្អាត ហើយប្រើសម្តែងបានយូរឆ្នាំ។
នៅក្នុងពិព័រណ៍នោះ ក្រុមសិល្បៈរបស់លោកសិុន សាមី បានសម្តែងឈុតខ្លះៗក្នុងរឿងរាមកេរ្តិ៍ជូនភ្ញៀវទស្សនាផងដែរ៕
ចែករំលែកព័តមាននេះ