រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១១ ផលិតកម្មតារាវីដេអូកម្ពុជា និងផលិតកម្មបូទីភាពយន្តរួមសហការជាមួយស្ថានីយទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥រៀបចំពិធីក្រុងពាលីសែនព្រេនសុំបើកកាមេរ៉ាថតភាពយន្តភាគថ្មីរឿង សេដ្ឋីវ័យក្មេង នៅការិយាល័យផលិតភាពយន្តផ្ទះលេខ៦៥ ផ្លូវលេខ៦០៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។ ពិធីនោះមានក្រុមការងារផលិតកម្ម និងក្រុមតារាសម្តែងជាច្រើនរូបចូលរួម គឺលោកគង់ សុភី លោកទេព រិនដារ៉ូ លោកហេង ដារី ដែលជាតួអង្គឪពុក ចំណែកលោកអ៊ន វ៉ាន់ដន តួឯកប្រុស(តួរ៉ាយុទ្ធ) កញ្ញា សុគន្ធ អារីយ៉ា (តួឯកស្រីដារីយ៉ា) កញ្ញា ជួន ថាវរ៉ា កញ្ញាឈឹម តារាវត្តី នាងស្វែង សុជាតា កញ្ញាញឹម ចាន់ថន និងកញ្ញាស៊ុំ សុម៉ាលី ជាដើម ។
លោកប៊ុន ស៊ា ចាងហ្វាងផលិតកម្មតារាវីដេអូកម្ពុជាមានប្រសាសន៍ថា រឿងសេដ្ឋីវ័យក្មេងនេះនិពន្ធដោយអ្នកស្រីម៉ៅ សំណាង ហៅទន្សាយដឹកនាំសម្តែងដោយលោកទិត ធារិទ្ធ ចាងហ្វាងផលិតកម្មបូទីភាពយន្ត។ រឿងសេដ្ឋីវ័យក្មេងជារឿងទី៣ បន្ទាប់ពីរឿងល្មមហើយលោកប្តី និងរឿងនាងឈូកស ដែលក្រុមការងារផលិតកម្មទាំង២រួមជាមួយស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥បានផលិត ហើយចាក់ផ្សាយទទួលការគាំទ្រពីប្រិយមិត្តទស្សនិកជនជាច្រើន ។ រឿងសេដ្ឋីវ័យក្មេង ក្រុមការងារ និងក្រុមតារាសម្តែងទាំងអស់នឹងសហការគ្នាផលិតឱ្យមានគុណភាពកាន់តែល្អដើម្បីប្រិយមិត្តទស្សនិកជនទស្សនា។
លោកប៊ុន ស៊ា បន្តថា ការរៀបចំក្រុងពាលីសែនព្រេននេះគឺធ្វើឡើងដើម្បីរំលឹកដល់ម្ចាស់ទឹក ម្ចាស់ដីទេវតា និងនឹកគុណចំពោះគ្រូសិល្បៈឱ្យមកជួយតាមថែរក្សាក្នុងការចេញថតសុំឱ្យបារមីមកជួយបីបាច់ថែរក្សាក្រុមការងារ ក្រុមតារាសម្តែងឱ្យធ្វើការរលូនទៅមុខកុំរអាក់រអួល។
លោកទិត ធារិទ្ធ អ្នកដឹកនាំរឿងមានប្រសាសន៍ថា ការថតរឿងសេដ្ឋីវ័យក្មេងនេះមិនត្រឹមតែអភិវឌ្ឍលើវិស័យភាពយន្តខ្មែរឱ្យរីកចំរើនទេ គឺជាការផ្តល់ឱ្យសិល្បករ សិល្បការិនីខ្មែរមានការងារជាប់លាប់។ រឿងនេះឆ្លុះបញ្ចាំងពីសង្គមបច្ចុប្បន្នដែលមានសេដ្ឋីវ័យក្មេងជាច្រើនកំពុងតែនាំគ្នាប្រកួតប្រជែងក្នុងការប្រកបមុខរបរតាំងពីបាតដៃទទេ តស៊ូសិក្សារៀនសូត្ររហូតក្លាយជាអ្នកជំនួញមានបានក្លាយជាសេដ្ឋីទាំងវ័យក្មេង។ នៅក្នុងសាច់រឿងមានឈុតឆាកកំសត់ កំប្លែង លាយឡំនឹងឈុតឆាករកស៊ី ឈុតឆាកស្នេហាកាច់កុងគ្នា។
លោកទិត ធារិទ្ធ បន្តថា រឿងសេដ្ឋីវ័យក្មេងមានចំនួន៤០ភាគដោយមានលោកហ៊ិន សំអឿន ជាជំនួយការដឹកនាំរឿង និងត្រៀមចាក់ផ្សាយនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១១ ។ លោកហ៊ិន សំអឿន ឱ្យដឹងថា រឿងសេដ្ឋីវ័យក្មេងតម្រូវយកសម្លេងផ្ទាល់ពីតារាសម្តែង ហើយថតក្នុង១សប្តាហ៍ពី៥ទៅ៦ថ្ងៃ ៕
ចែករំលែកព័តមាននេះ