រាជធានីភ្នំពេញ ៖ អតីតតារាសម្តែង ដែលជាចូលចិត្តសម្ញែងភាពស៊ិចស៊ី អ្នកនាង ដួង ម៉ានិច បានបង្ហាញនូវសេចក្តីត្រេកអរ និងជ្រះថ្លាយ៉ាងក្រែលែង ដោយសារតែអ្នកនាងមានឱកាសបានទៅបូជាថ្វាយនៅសំវេជនីយដ្ឋានដែលព្រះពុទ្ធប្រសូត្រ និងត្រាស់ដឹង នៅក្នុងទឹកដីនៃប្រទេសឥណ្ឌា ជាលើកទី២ ។
អ្នកនាងដួង ម៉ានិច បានបង្ហោះរូបភាពជាបន្តបន្ទាប់ បង្ហាញពីសកម្មភាពរបស់ខ្លួននៅក្នុងការគោរពបូជានៅតាមទីស្ថានីយសាសនាព្រះពុទ្ធនានា នៅក្នុងប្រទេសឥណ្ឌា ជាមួយពុទ្ធសាសនិកជនខ្មែរ និងជាពិសេសនោះគឺស្វាមីរបស់អ្នកនាងដែលកំពុងស្ថិតក្នុងការបួសជាព្រះសង្ឃនៅឡើយ ។
បើតាមការអះអាងរបស់អតីតតារាសម្តែងអ្នកនាង ដួង ម៉ានិច បានឲ្យដឹងថា សំវេជនីយដ្ឋានដែលបានទៅដល់នោះមានចំនួន៤ កន្លែងគឺ ១-ទីព្រះអង្គប្រូសូត ២-ទីព្រះអង្គត្រាស់ដឹង ៣-ទីព្រះអង្គសម្ដែងធម្មចក្រ និង៤-ទីព្រះអង្បរិនិព្វាន ។
អ្នកនាងបញ្ជាក់ថា ថ្ងែនេះទី០១ វិច្ឆិកា ឆ្នាំ២០២៦ អ្នកនាងបានសម្រេចបុណ្យគ្រប់យ៉ាងហើយ បានថ្វាយបង្គំ ព្រមទាំងសូត្រធម៌នមស្ការគុណព្រះរតនត្រ័យ សមាធិ បូជាត្រៃចីវរ បូជាផ្កា និងគ្រឿងសក្ការផ្សេងៗទៀតតាមសមគួរ ។
ករុណាសូមប្រគេនបុណ្យ ដល់ព្រះមហាថេរៈ ព្រមទាំងភន្តេ គ្រប់ព្រះអង្គ ព្រមទាំង ឧបាសក ឧបាសិកា នឹងបងប្អូន ទាំងអស់អង្គទាំងអស់គ្នាសូមបាននៃចំណែកបុណ្យទាំងអស់នេះស្មីៗខ្ញុំករុណា ។
ករុណាក៏សូមត្រេកអរបុណ្យ ព្រះមហាថេរៈ ព្រមទាំងភន្តេគ្រប់ព្រះអង្គ ឧបាសក ឧបាសិកា ដែលបានចូលរួមតម្លៃជាមួយខ្ញុំករុណាគ្រប់ចំណែក ផងដែរ ។
ជាការកត់សម្គាល់ តាមរយៈសកម្មភាពរបស់ ដួង ម៉ានិច នាពេលនេះបានធ្វើឲ្យមហាជនជាច្រើនបានសម្តែងការកោតសសើរចំពោះអ្នកនាង ដែលមានចិត្តជ្រះថ្លាក្នុងការសម្រេចជ្រើសរើសផ្លូវព្រះធម៌ ដោយបានលះបង់គ្រប់បែបយ៉ាងពីមនុស្សដែលធ្លាប់មានភាពហ៊ឺហា ឡូយឆាយ ក្នុងនាមជាតារាដ៏ល្បីមួយរូប ។
ចាប់តាំងពីរៀបការរួច តារាសម្តែង ដួង ម៉ានិច សុខចិត្តលះបង់គ្រប់បែបយ៉ាងចោលទាំងស្រុង ដើម្បីនៅក្បែរស្វាមី និងបានអនុញ្ញាតឱ្យស្វាមីបួសជាព្រះសង្ឃផងដែរ ចំណែកអ្នកនាងវិញគឺលះបង់គ្រឿងតុបតែងខ្លួន សម្លៀកបំពាក់ស្អាតៗ ជីវិតហាយសូរចោល ព្រមទាំងបានកោរសក់មកធ្វើជាដូនជីតាមប្រតិបត្តិដោយចិត្តជ្រះថ្លាបំផុត ។
អតីតតារាស្រីរូបនេះ ធ្លាប់បានគូសបញ្ជាក់ថា មូលហេតុដែលនាងដើរចូលសាងព្រះផ្នួស និងផ្លូវព្រះធម៌ គឺមិនមែនដោយសារអ្នកនាងជួបវិបត្តិអ្វីមួយនោះទេ ប៉ុន្តែអ្នកនាងនិងស្វាមីស្រឡាញ់ព្រះធម៌ និងជ្រះថ្លានៅក្នុងផ្លូវនេះ ទើបសម្រេចចិត្តដើរលើផ្លូវនេះតែម្តង ៕













ចែករំលែកព័តមាននេះ