ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកចិត្ត អុិន លក្ខិណា ចំពោះជនភៀសសឹកនៅភូមិរង់ចាំ

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ កញ្ញាអ៊ិន ល​ក្ខិ​ណា បាន​សម្តែង​ក្តី​រំភើប​រីករាយ បន្ទាប់​ពី​នាង និង​ក្រុមការងារ​បាន​ទទួល​ការ​លើក​សរសើរ និង​គាំទ្រ​ពី​សម្តេច​តេ​ជោ ហ៊ុន សែន ចំពោះ​សកម្មភាព​របស់​នាង​ទៅ​សួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ភៀស​សឹក​នៅ​ភូមិ​រង់ចាំ កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

បន្ទាប់​ពី​ទទួល​បានការ​លើកទឹកចិត្ត​បែប​នោះ​មក អ៊ិន ល​ក្ខិ​ណា បញ្ជាក់​ថា រូប​នាង និង​ក្រុមការងារ រួម​ជាមួយ​សប្បុរសជន នឹង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ភូមិ​រស់នៅ​របស់​ជនភៀសសឹក និង​ផ្សព្វផ្សាយ​វប្បធម៌ ទេសចរណ៍​ទៅ​កាន់​ពិភពលោក​បន្ថែម​ទៀត ។

ជាមួយនឹង​សារ​សំឡេង​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន បង្ហោះ​លើ​បណ្តាញ​សង្គម អ៊ិន ល​ក្ខិ​ណា នៅ​ថ្ងៃ​ទី​២៨ កញ្ញា ២០២៦ បាន​ភ្ជាប់​ជាមួយនឹង​សំ​ណេ​រថា «​សម្តេច​តា​ប្រមុខរដ្ឋ​ស្តីទី ជាទី​គោរព និង​ដឹងគុណ​ដ៏​ខ្ពង់ខ្ពស់​បំផុត ! ចៅ លោក​ឧកញ៉ា​ចិន សំណាង និង​ក្រុមការងារ មាន​សេចក្តី​រំភើប​ឥត​ឧបមា ដែល​បាន​ស្តាប់​ប្រសាសន៍​ដ៏​មាន​អត្ថន័យ​របស់​សម្តេច​តា​ប្រមុខរដ្ឋ​ស្តីទី ភូមិ​រង់ចាំ​ជា​បេសកកម្ម​ទី​២ បន្ទាប់​ពី​តំបន់​ទេសចរណ៍​កំពុង​ភ្លុក ក្រោយ​ថ្ងៃ​ដែល​ចៅ​បាន​ត្រឡប់​មក​ពី​ប្រកួត​បវរកញ្ញា​ពិភពលោក ។

ចៅ និង​ក្រុមការងារ រួម​ជាមួយ​សប្បុរសជន នឹង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ភូមិ​រស់នៅ​របស់​ជនភៀសសឹក និង​ផ្សព្វផ្សាយ​វប្បធម៌ ទេសចរណ៍​ទៅ​កាន់​ពិភពលោក ក្រោម​ការ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ប្រកបដោយ​ភាព​ឈ្លាសវៃ និង​គតិបណ្ឌិត​របស់​សម្តេច​តា​ប្រមុខរដ្ឋ​ស្តីទី សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី និង​សម្តេច​យាយ​កិត្តិ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន និង​លោក​ជំទាវ​បណ្ឌិត ជាទី​គោរព​ដ៏​ខ្ពង់ខ្ពស់​បំផុត​» ។

ទន្ទឹម​នេះ ​អ៊ិន ល​ក្ខិ​ណា ថ្លែងអំណរគុណ លោក​ជំទាវ​ញ៉ែ​ម មរកត រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី ដែល​បាន​ដឹកនាំ​ក្រុមការងារ​របស់​នាង​ទៅ​ចូលរួម​ធ្វើ​កិច្ច​ការងារ​សង្គម​នោះ ។

ពេល​ទៅ​ដល់​ភូមិ​រង់ចាំ​កញ្ញា​អ៊ិន ល​ក្ខិ​ណា លើក​ឡើង​ថា «​ជា​ភូមិ​មួយ​ដែល​មិនមែន​រង់ចាំ​តែ​ជំនួយ​ទេ ប៉ុន្តែ​កំពុង​តែ​រង់ចាំ​ដោយ​ក្តី​សង្ឃឹម មិន​ថា តែ​អាហារ ទឹក​ស្អាត របស់​ប្រើប្រាស់ សម្ភារៈ​សិក្សា ពី​ជំនួយ​ដ៏​តិចរ​តួច​របស់​ពួក​យើង ប៉ុន្តែ​វា​មិន​តិចតួច​សម្រាប់​ពួក​គាត់​ឡើយ សម្រាប់​គ្រួសារ​ដែល​កំពុង​រង់ចាំ គឺ​ពិតជា​មាន​អត្ថន័យ​ខ្លាំង​ណាស់​សម្រាប់​ពួក​គាត់​ដែល​រស់នៅ​ទីនោះ​ផ្ទាល់ ។

នាង​ខ្ញុំ​ពិតជា​រំភើប​ពេល​បាន​ជួប​ដោយ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​ភូមិ​រង់ចាំ ហើយ​នាង​ខ្ញុំ​សង្ឃឹមថា ពួក​គាត់​នឹង​រស់នៅ​ទី​នេះ​ដោយ​មាន​សុខ​សុវត្ថិភាព មាន​សុខភាព​ល្អ ហើយ​អាច​ឆ្លងកាត់​ក្តី​លំបាក​មួយ​នេះ ដោយ​ក្តី​សង្ឃឹម​ផង​ដែរ​» ។

អ៊ិន ល​ក្ខិ​ណា បាន​អំពាវនាវ​ដល់​សប្បុរសជន​នានា​ឱ្យ​ជួយ​ផ្តល់​ជា​សម្ភារៈ​សិក្សា​ដល់​សិស្ស​រស់នៅ​ទីនោះ ដោយ​នាង​ថា​«​ការ​សិក្សា​គឺជា​រឿង​សំខាន់​យ៉ាង​ខ្លាំង​ព្រោះ​ការ​សិក្សា​នឹង​ធ្វើ​ឲ្យ ប្អូន​ៗ​ជំនាន់​ក្រោយ​អាច​ធ្វើ​អ្វី​ដែល ល្អ​ៗ​បាន​ច្រើន​» ៕