ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ថុ​បុរាណ​ប្រាសាទ​ចិន​ ត្រូវ​ជន​ទុច្ចរិតលួ.ច​ទៅ​លក់​ពាសពេញ​ពិភពលោក

1 ខែ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ​ ៖ ប្រាសាទ​ចិន​ ស្ថិត​នៅ​ក្នុង​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ កសាង​នៅ​ឆ្នាំ​៩២៨ នៃ​គ្រឹ​ស្ត​សករាជ ក្នុង​រាជ្យ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៤ ។ តាម​រយៈ​សិលាចារឹក K.១៨២ ប្រាសាទ​ចិន​សាង​ដើម្បី​ឧទ្ទិស​ដល់​ទេព​ឈ្មោះ​ស្រី បតី ដែល​ជា​ឈ្មោះ​មួយ​របស់​ព្រះ​នារាយណ៍ ។

បើ​តាម​នាយកដ្ឋាន​បុរាណវត្ថុ ប្រាសាទ​ចិន​មាន​តួ​ប៉ម​បី សង់​ពី​ថ្មបាយក្រៀម​នៅ​លើ​ខឿន តែ​មួយ បែរមុខ​ទៅ​ទិស​ខាងកើត និង​មាន​បណ្ណាល័យ​ពីរ​សង់​ពី​ឥដ្ឋ​បែរមុខ​ទៅ​ទិស​ខាងលិច​ព័ទ្ធ​ជុំវិញ​ដោយ កំពែង​ថ្មបាយក្រៀម​ពីរ​ជាន់​មាន​ខ្លោងទ្វារ​ចូល​ពី​ខាងកើត និង​ខាងលិច ។

នៅ​ក្នុង​តួ​ប៉ម​កណ្តាល មាន​តម្កល់​បដិមា​ព្រះ​នារាយណ៍​«​ស្រី​បតី​» ដែល​សព្វថ្ងៃ​ឃើញ​មាននៅ​សល់​បំណែក​ដងខ្លួន ។ ចំណែក​នៅ​ខ្លោងទ្វារ​ខាងកើត​មាន​តម្កល់​បដិមា​ព្រះ​រាម ព្រះ​លក្សណ៍ ហនុមាន ពាលី ប្រយុទ្ធ​ជាមួយ​សុគ្រីព​ក្នុង​រឿង​រាមកេរ្តិ៍ និង​នរសិង្ហ​សម្លាប់​ហិរណ្យ​កសី​ពុ ។

នៅ​ខ្លោងទ្វារ​ខាងលិច​មាន​តម្កល់ បដិមា​បង្ហាញ​ពី​ការ​ប្រយុទ្ធ​គ្នា​រវាង​បងប្អូន​ជីដូនមួយ​នៃ​វង្ស​ក្សត្រ​បា​ណ្ឌ​ព និង​វង្ស​កៅរ​ពនៃ​រឿង​មហាភារត ដោយ​មាន​តួអង្គ ទុយោ​ធន៍ ភី​ម យុ​ធិ​ស្ឋិ​រ អជ៌ុន​កុ​ល សហ​ទេព ស្ធ​ទ្យុ​ម័ន ពល​រាម និង​ក្រឹ​ស្ណៈ ។

អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៧០​មាន​សកម្មភាព​លួច​បដិមា​ដែល​តម្កល់​នៅ​ក្នុង​ប្រាសាទ​ចិន ហើយ​បាន​លក់ ចែកចាយ​ទៅ​ពាសពេញ​ពិភពលោក ។ ដោយ​មានការ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​បដិមា​មួយ​ចំនួន​ដែល​បាន​លួច​ពី​ប្រាសាទ​នេះ​ត្រូវ​បាន​ទាមទារ​ត្រឡប់​មក​វិញ​ជា​បន្តបន្ទាប់ មាន​ដូច​ជា​បដិមា​ដែល​តម្កល់​នៅ​ក្នុង​ខ្លោងទ្វារ ខាងកើត និង​ខាងលិច ៕