សោកស្តាយ! កុដិឈើប្រក់ក្បឿង១ខ្នង ក្នុងវត្តទួលរលួស (ហៅវត្តផាបាំង) ត្រូវភ្លើងឆេះអស់ទាំងស្រុង ខូចខាតសម្ភារៈ និងគម្ពីរធម៌ជាច្រើន
- ស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ករណីអគ្គិភ័យមួយបានកើតឡើងយ៉ាងគំហុក បណ្តាលឱ្យឆាបឆេះកុដិឈើប្រក់ក្បឿងមួយខ្នង នៅក្នុងបរិវេណវត្តទួលរលួស (ដែលអ្នកស្រុកតែងហៅថា វត្តផាបាំង)យ៉ាងដំណំ កាលពីវេលាម៉ោង៩:១០ នាទីព្រឹក ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៦ នេះ។
យោងតាមរបាយការណ៍បឋមពីកន្លែងកើតហេតុបានឱ្យដឹងថា គ្រឿងសំណង់ដែលរងការខូចខាតទាំងស្រុងនោះ គឺជាកុដិធ្វើពីឈើប្រក់ក្បឿង មានទំហំ ៨ ម៉ែត្រ គុណនឹង ៩ ម៉ែត្រ។ នៅក្នុងហេតុការណ៍ដ៏អកុសលនោះ អណ្តាតភ្លើងបានលេបត្របាក់ និងបំផ្លាញទ្រព្យសម្បត្តិ ក៏ដូចជាវត្ថុសក្ការៈមួយចំនួនធំ រួមមាន៖
គម្ពីរធម៌៖ ចំនួន ២២០ ក្បាល គ្រឿងឧបករណ៍បំពងសំឡេង អំភ្លី និងមីក្រូហ្វូន ក្តារបាំងឈូសចំនួន ៤ ម៉ែត្រគូបព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។
ទោះបីជាអគ្គិភ័យនេះបានបង្កការខូចខាតខ្ទង់សាសនវត្ថុ និងសម្ភារៈកុដិទាំងស្រុងយ៉ាងណាក្តី ប៉ុន្តែមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ឬរបួសស្នាមដល់នរណាម្នាក់ឡើយ។
ប្រភពដដែលបានបញ្ជាក់ថា នៅក្នុងកុដិដែលរងគ្រោះខាងលើ គឺជាកន្លែងស្នាក់នៅរបស់ព្រះសង្ឃ និងសិស្សវត្តសរុបចំនួន ២១ អង្គ/នាក់ ក្នុងនោះរួមមាន ព្រះភិក្ខុ ២ អង្គ, សាមណេរ ១៨ អង្គ និងសិស្សវត្តម្នាក់ (ភេទប្រុស) ដែលពួកគេទាំងអស់ត្រូវបានជម្លៀសចេញមកក្រៅដោយសុវត្ថិភាព ក្នុងពេលកើតហេតុ។
គិតមកទល់ពេលនេះ សមត្ថកិច្ចជំនាញកំពុងបន្តស្រាវជ្រាវ ដើម្បីស្វែងរកមូលហេតុពិតប្រាកដដែលនាំឱ្យកើតមានគ្រោះអគ្គិភ័យនេះ ចំណែកឯទំហំនៃការខូចខាតជាទឹកប្រាក់លម្អិត មិនទាន់មានការវាយតម្លៃផ្លូវការនៅឡើយទេ៕










ចែករំលែកព័តមាននេះ