ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រស់ទឹកធ្លាក់​«​តាំងយូរ​»​ឋានសួគ៌​លាក់ខ្លួន​លើ​ខ្នងភ្នំ​ត្បែង

7 ម៉ោង មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ សម្រាប់​ប្រិ​យ​មិត្ត​ដែល​និយម​ការ​ធ្វើ​ដំណើរ​ផ្សងព្រេង និង​ស្រឡាញ់​ធម្មជាតិ​ពិត​ៗ រមណីយដ្ឋាន​ទឹកធ្លាក់​ធម្មជាតិ​«​តាំងយូរ​»​ដែល​លាក់ខ្លួន​យ៉ាង​អាថ៌​កំបាំង​នៅ​លើ​ខ្នងភ្នំ​ត្បែងមានជ័យ គឺជា​គោលដៅ​ទេសចរណ៍​ដ៏​គួរ​ឱ្យ​ទាក់ទាញ​បំផុត​មួយ ក្នុង​ទឹកដី​ខេត្តព្រះវិហារ ។ ដើម្បី​ទៅ​ដល់​ឋានសួគ៌​ដ៏​ត្រជាក់​ល្ហឹម​មួយ​នេះ អ្នកទេសចរ​ត្រូវ​ឆ្លងកាត់ ដោយ​ការ​ដើរ​ឡើង​តាម​កាំជណ្ដើរ​រាប់រយ​កាំ ។

ទោះបីជា​ត្រូវ​ចំណាយ​កម្លាំង និង​ហត់​បន្តិច​មែន ប៉ុន្តែ​ភាព​នឿយហត់​ទាំងឡាយ​នឹង​ត្រូវ​រលាយ​បាត់​ទៅ​វិញ​ភ្លាម​ៗ ជំនួស​មក​វិញ​នូវ​ភាព​ស្រស់ស្រាយ តាម​រយៈ​ម្លប់​ព្រៃឈើ​បៃតងខ្ចី ។ ការ​ធ្វើ​ដំណើរ​ស្ថិត​ក្រោម​ការ​គ្របដណ្តប់​នៃ​ដើមឈើ​ធំ​ៗ ផ្តល់​ភាព​ត្រជាក់ត្រជុំ​ពេញ​មួយ​ផ្លូវ​ជាមួយ​កា​រដក​ដង្ហើមវែង​ៗ ស្រូប​យក​ខ្យល់អាកាស​ធម្មជាតិ ដែល​ជួយ​លាង​ជម្រះ​ភាព​តានតឹង​ពី​ការងារ។

ក្រៅពី​សម្រស់​ធម្មជាតិ​ពណ៌​បៃតង សំឡេង​បក្សាបក្សី​យំ​ឆ្លង​ឆ្លើយ និង​សំឡេង​ស្លឹកឈើបក់​រវិច​ៗ ជួយ​កំដ​អាទិករ​ពេញ​មួយ​ផ្លូវ​ដើរ ។ សម្រាប់​អ្នក​ដែល​បាន​ធ្វើ​ដំណើរ​ដ៏​ស្វិតស្វាញ​មួយ​នេះ បាន​ក្លាយជា​បទ​ពិសោធន៍​ដ៏​រីករាយ និង​មិន​អាច​បំភ្លេច​បាន មុន​ពេល​យើង​បាន​ទៅ​ដល់ និង​ប៉ះ​ផ្ទាល់​ជាមួយ​ទឹកធ្លាក់​ដ៏​ត្រជាក់​ល្ហឹម​លាក់ខ្លួន​លើ​កំពូលភ្នំ​។

បច្ចុប្បន្ន រមណីយដ្ឋាន​ទឹកធ្លាក់​«​តាំងយូរ​»​កំពុង​តែ​ទាក់ទាញ​ចិត្ត​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ជា​ច្រើន ដែល​ប្រាថ្នា​ចង់​ជួប​បទ​ពិសោធន៍​ថ្មី ជិតដិត​នឹង​ធម្មជាតិ និង​ការ​បោះជំរុំ​។ ប្រសិនបើ​អ្នកមាន​គម្រោង​មក​កម្សាន្ត​នៅ​ខេត្តព្រះវិហារ កុំ​ភ្លេច​បន្ថែម​«​ទឹកធ្លាក់​តាំងយូរ​» ទៅ​ក្នុង​បញ្ជី​ធ្វើ​ដំណើរ​របស់​អ្នក ៕