បេក្ខភាពបវរកញ្ញានាង ពេជ្រ វត្តីសារ៉ាវឌ្ឍី បានគូសបញ្ជាក់ថា ការថែរក្សាវប្បធម៌មិនមែនគ្រាន់តែជាកាតព្វកិច្ច តែវាគឺជា «មោទនភាព» ដែលយើងត្រូវបង្ហាញទៅកាន់ពិភពលោក ខណៈពេលដែលរូបនាងបាននិងកំពុងចូលរួមផ្សព្វផ្សាយយ៉ាងសស្រាក់ស្រាំអ្វីដែលជាប្រពៃណី សិល្បៈ និងវប្បធម៌ខ្មែរជាបន្តបន្ទាប់លើបណ្តាញសង្គម ។

ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបញ្ចេញរូបភាពជាច្រើនសន្លឹកបង្ហោះលើបណ្តាញសង្គម រួមជាមួយបេក្ខបវរកញ្ញា៣នាក់ផ្សេងទៀត ដោយគ្រងសម្លៀកបំពាក់ប្រពៃណីបុរាណខ្មែរ និងបានបង្ហាញសកម្មភាពពីការលេងល្បែងប្រជាប្រិយខ្មែរ ចូលរួមអបអរនាឱកាសចូលឆ្នាំថ្មីផងដែរ ។
រូបភាពទាំងអស់នោះ កំពុងក្លាយទៅជាទីចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ជាពិសេស អ្នកលេងបណ្តាញសង្គម ដោយម្នាក់សម្តែងការចូលរួមគាំទ្រ និងមោនភាពសម្រាប់បេក្ខភាពបវរកញ្ញាទាំងដែលបានចូលរួមផ្សព្វផ្សាយពីសិល្បៈវប្បធម៌ខ្មែរយើង ។

អ្វីជាការកត់សម្គាល់ទៀតនោះ ជាមួយនឹងការបង្ហាញពីសម្លៀកបំពាក់បុរាណខ្មែរ និងល្បែងប្រជាប្រិយខ្មែរនាពេលនេះ តារាសម្តែង ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានភ្ជាប់ជាមួយសំណេរខ្លីដ៏មានអត្ថន័យថា ការថែរក្សាវប្បធម៌មិនមែនគ្រាន់តែជាកាតព្វកិច្ច តែវាគឺជា«មោទនភាព» ដែលយើងត្រូវបង្ហាញទៅកាន់ពិភពលោកថា យើងជានរណា ។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបញ្ចេញរូបភាពបង្ហាញផ្សព្វផ្សាយពីសម្លៀកបំពាក់ និងវប្បធម៌ខ្មែរ ជាមួយនឹងការបំផុសឲ្យយុវជនជំនាន់ក្រោយចូលរួមថែរក្សានោះឡើយ ពោលកន្លងមក នាងតែងតែធ្វើរឿងដូចគ្នានេះជាបន្តបន្ទាប់ ហើយក៏បានផុសលើបណ្តាញសង្គមផងដែរ ។

ជាក់ស្តែង ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហាញគម្រោងដ៏ពិសេសមួយ ដោយនាងនឹងធ្វើជាមាតិកាផ្សព្វផ្សាយ (Content Catwalk) តាមរយៈការដើរម៉ូត និងទម្រង់បែបបវរកញ្ញា ក្នុងគោលបំណងចូលរួមផ្សព្វផ្សាយតំបន់ទេសចរណ៍តាមបណ្តាខេត្ត-ក្រុងទាំងអស់នៅទូទាំងប្រទេសកម្ពុជា ។
ការផ្តើមផ្តួចពីតារាស្រីរូបនេះបានធ្វើឡើង បន្ទាប់ពីនាងទទួលបានជោគជ័យ ជាមួយការចាប់អារម្មណ៍ និងការគាំទ្រយ៉ាងច្រើនពីមហាជន បន្ទាប់ពីនាងបានរៀបចំ Content Catwalk នេះ ដោយការស្លៀកពាក់បែបបុរាណខ្មែរដើរបង្ហាញភ្ញៀវជាតិ និងអន្តរជាតិនៅតាមប្រាសាទនានាលើទឹកដីអង្គរនៃខេត្តសៀមរាប ៕







ចែករំលែកព័តមាននេះ