យោងតាមការចុះផ្សាយពីប្រភពបរទេស ការឱ្យគេខ្ចីប្រាក់ជារឿយៗគឺជា «វិញ្ញាសា» ដ៏សាហាវបំផុតសម្រាប់វាស់ស្ទង់កម្រិតនៃទំនាក់ទំនង ទោះជាសាច់ញាតិ ឬមិត្តភក្តិស្និទ្ធស្នាលក៏ដោយ។
កំហុសឆ្គងទីមួយដែលមនុស្សភាគច្រើនតែងតែប្រព្រឹត្ត គឺការឱ្យខ្ចីដោយផ្អែកលើ «ជំនឿចិត្ត»សុទ្ធសាធ ដោយគ្មានលិខិតស្នាម ឬកិច្ចសន្យាផ្លូវការច្បាស់លាស់។ នៅពេលដែលគ្មានកាលកំណត់សង និងលក្ខខណ្ឌច្បាប់ត្រឹមត្រូវ ប្រាក់កាសដែលអ្នកឱ្យខ្ចីអាចនឹងក្លាយទៅជា «កាដូ» ក្នុងកែវភ្នែកអ្នកខ្ចី ហើយភាគរយដែលអ្នកនឹងទទួលបានប្រាក់នោះត្រឡប់មកវិញគឺមានតិចតួចបំផុត។
កំហុសទីពីរដែលគ្រោះថ្នាក់បំផុត និងអាចធ្វើឱ្យអ្នក «វិនាសទ្រព្យ» គឺការឱ្យគេខ្ចីនូវចំនួនប្រាក់ដែលអ្នកមិនអាចខាតបង់បាន ឬការទៅខ្ចីបុលគេដើម្បីយកមកឱ្យអ្នកដទៃខ្ចីបន្ត។ នៅពេលដែលភាគីម្ខាងទៀតមិនសងតាមការកំណត់ អ្នកនឹងធ្លាក់ក្នុងវិបត្តិហិរញ្ញវត្ថុផ្ទាល់ខ្លួន បាត់បង់ម្ចាស់ការលើជីវិត ហើយអាចនឹងឈានទៅរកភាពមហន្តរាយក្នុងគ្រួសារយ៉ាងធ្ងន់ធ្ងរ។ ចំណែកកំហុសទីបី គឺការឱ្យខ្ចីដោយសារភាពក្រែងចិត្ត ឬប្រើប្រាស់មនោសញ្ចេតនាជ្រុលហួសហេតុ ដែលធ្វើឱ្យអ្នកពិបាកនឹងហើបមាត់ទារប្រាក់នៅពេលត្រូវការចាំបាច់ រហូតដល់ម្ចាស់បំណុលក្លាយទៅជា “អ្នកសុំទាន” ហើយចុងក្រោយត្រូវបាត់បង់ទាំងលុយ និងបាត់បង់ទាំងទំនាក់ទំនង។
ដើម្បីដោះស្រាយបញ្ហានេះ មហាសេដ្ឋីល្បីឈ្មោះ Kevin O’Leary ដែលធ្លាប់មានបទពិសោធឈឺចាប់រឿងសាច់ញាតិខ្ចីប្រាក់មិនសង រហូតបែកបាក់សាមគ្គីក្នុងគ្រួសារ បានដាក់ចេញនូវ «ច្បាប់ដែក» ពីរយ៉ាងដើម្បីការពារខ្លួន។ ទីមួយ គឺលោកឈប់ប្រើពាក្យថា «ឱ្យខ្ចី» ទៀតហើយ ប៉ុន្តែប្រសិនបើសាច់ញាតិពិតជាត្រូវការជំនួយចាំបាច់មែន លោកនឹងប្រើពាក្យថា «ជូនជាកាដូ» ក្នុងចំនួនទឹកប្រាក់ណាមួយដែលលោកអាចទទួលយកបានទោះជាបាត់បង់ក៏ដោយ។ ទីពីរ លោកនឹងបញ្ជាក់យ៉ាងច្បាស់ថា ការជូននេះគឺមានតែ «ម្ដងគត់ក្នុងមួយជីវិត» ហើយកុំមកសុំជាលើកទីពីរឱ្យសោះ។
វិធីសាស្ត្រនេះមិនត្រឹមតែជួយការពារទ្រព្យសម្បត្តិរបស់អ្នកឱ្យមានសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយរក្សាកិត្តិយស និងសេចក្តីសុខក្នុងគ្រួសារមិនឱ្យសៅហ្មងដោយសារតែរឿងលុយកាក់ដែលមិនច្បាស់លាស់ទៀតផង៕
ចែករំលែកព័តមាននេះ