យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ជម្លោះរវាងគូស្នេហ៍ ឬមិត្តរួមការងារ ច្រើនតែកើតឡើងដោយសារការមិនយល់ពី “ធម្មជាតិ” នៃការគិត និងការបញ្ចេញមតិដែលខុសគ្នារវាងបុរស និងស្ត្រី។ ការយល់ដឹងពីចំណុចទាំងនេះ នឹងជួយឱ្យអ្នកអាចសម្របសម្រួល និងរស់នៅជាមួយគ្នាបានកាន់តែប្រសើរ។
ភាពខុសគ្នាជាមូលដ្ឋានដែលយើងអាចសង្កេតឃើញរួមមាន គំរូនៃការគិត ដែលបុរសច្រើនគិតតាមតក្កវិជ្ជាជាលំដាប់លំដោយ ដូចព្រួញបាញ់ត្រង់ទៅមុខ ខណៈស្ត្រីគិតបែបពហុវិមាត្រ និងច្នៃប្រឌិត។ ក្នុង ការដោះស្រាយទិន្នន័យ បុរសផ្ដោតលើកិច្ចការមួយក្នុងពេលតែមួយបានយ៉ាងល្អ ផ្ទុយពីស្ត្រីដែលអាចធ្វើកិច្ចការច្រើនក្នុងពេលតែមួយ។ ចំពោះ ការទំនាក់ទំនង បុរសចូលចិត្តភាពត្រង់ទៅត្រង់មក ខណៈស្ត្រីចូលចិត្តការនិយាយបែបប្រយោល ដើម្បីរក្សាមនោសញ្ចេតនា និងជៀសវាងការអាក់អន់ចិត្ត។
ក្នុងផ្នែក អារម្មណ៍ និងការដោះស្រាយបញ្ហា បុរសមាននិន្នាការលាក់ទុកអារម្មណ៍នៅខាងក្នុង និងចូលចិត្តដោះស្រាយបញ្ហាដោយកម្លាំងកាយ ឬដោះស្រាយម្នាក់ឯង ខណៈស្ត្រីចូលចិត្តការបញ្ចេញអារម្មណ៍ និងការសហការគ្នាជាក្រុមតាមរយៈទំនាក់ទំនងសង្គម។ ចំពោះ ការធ្វើការជាក្រុម និងតួនាទី បុរសផ្ដោតលើរចនាសម្ព័ន្ធដឹកនាំដែលមានការសម្រេចចិត្តច្បាស់លាស់ និងរឹងមាំ ប៉ុន្តែស្ត្រីឱ្យតម្លៃលើការដឹកនាំបែបចូលរួម និងភាពស្លូតបូត។ ភាពខុសគ្នាទាំងនេះអាចនាំឱ្យបុរសផ្ដល់តម្លៃលើអំណាច និងជោគជ័យ ចំណែកស្ត្រីផ្ដល់តម្លៃលើទំនាក់ទំនង និងគ្រួសារ។
ទោះជាយ៉ាងណា ចំណុចទាំងនេះគ្រាន់តែជាលក្ខណៈទូទៅប៉ុណ្ណោះ ព្រោះមនុស្សម្នាក់ៗមានចរិតលក្ខណៈដោយឡែកពីគ្នា។ ការរៀនទទួលស្គាល់ និងគោរពនូវរបៀបគិតដែលខុសពីខ្លួន គឺជាគន្លឹះដ៏សំខាន់បំផុតក្នុងការកសាងទំនាក់ទំនងដែលរឹងមាំ និងមានក្ដីសុខ៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ