រាជធានីភ្នំពេញ ៖ នៅក្នុងក្រមសីលធម៌អ្នកសារព័ត៌មាន គេមិនបានហាមឃាត់អ្នកសារព័ត៌មាន មិនឱ្យសង្គ្រោះបឋមដល់ជនរងគ្រោះទេ ក្នុងនោះក៏មានករណីអ្នកដែលធ្វើអត្តឃាតផងដែរ ។ នេះជាការលើកឡើងរបស់ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា នៅថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ ។

លោក ពុយ គា បន្តថា ដូចគ្រប់គ្នាបានដឹងស្រាប់ហើយថា កន្លងមកមានករណីប៉ងលោតទឹកសម្លាប់ខ្លួន ហើយអ្នកសារព័ត៌មានយើងបានផ្តិតយករូបភាព និងថតវីដេអូផងដែរ អ្នកខ្លះក៏បានឡាយផ្ទាល់ផងដែរ ទន្ទឹមនឹងនេះក៏មានអ្នកសារព័ត៌មានយើងខ្លះ ក៏បានព្យាយាមជួយសង្គ្រោះបឋមផងដែរ ដូចនេះប្រសិនជាក្រមសីលធម៌ ប្រសិនយើងអាចជួយបាន នោះវាជាអាទិភាពសម្រាប់អ្នកជួយបឋម ហើយចំពោះរូបភាព និងថតវីដេអូ វាជារឿងទី ២ ។ ជាទូទៅយើងត្រូវចាំថា អ្នកសារព័ត៌មាន ក៏ដូចជាប្រជាពលរដ្ឋទូទៅដែរ មិនមែនយើងបែងចែកតួនាទីយើង ដោយគ្មានការជួយសង្គ្រោះជីវិតមនុស្សនោះទេ ។

លោក ពុយ គា បន្ថែមថា ៖ «វាមិនមែនជារឿងសាមញ្ញពេកទេក្នុងពេលដែលមនុស្សម្នាក់ជួបនឹងគ្រោះថ្នាក់ ឬកើតជំងឺភ្លាមៗជាយថាហេតុហើយត្រូវការការសង្គ្រោះបឋមបន្ទាន់ភ្លាមៗ មុនពេលបញ្ចូនបន្តទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ។ ដូច្នេះការបណ្តុះបណ្តាលឱ្យអ្នកសារព័ត៌មានបានយល់ដឹងពីវិធីជួយសង្គ្រោះបឋម ពិតជាមានសារៈសំខាន់ ព្រោះពួកគាត់អាចនឹងជួបប្រទះករណីដែលត្រូវសង្គ្រោះបឋមញឹកញាប់ ដែលរួមទាំងគ្រោះថ្នាក់ចរាចរណ៍ផង ហើយអ្នកដែលរងគ្រោះអាចនឹង ប្រឈមគ្រោះថ្នាក់ដល់ជីវិត» ។

ជាមួយគ្នានេះផងដែរ លោកវេជ្ជបណ្ឌិតឯកទេស និន ចន្ថា នាយផ្នែកសាមុយនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បានឱ្យដឹងថា ៖ «ប្រាកដណាស់ការសង្គ្រោះបឋមនេះ គឹមិនបានតម្រូវថា ជាបុគ្គលិកពេទ្យនោះទេ ប្រជាពលរដ្ឋទូទៅមានសិទ្ធក៏ដូចជាអាចចេះនូវចំណេះដ៏វិសេសវិសាលនេះ ដើម្បីជួយសង្គ្រោះ មិនថាតែជួយសង្គ្រោះតែជនទូទៅទេ តែប្រជាពលរដ្ឋនៅក្នុងសមាជិកគ្រួសារមួយ ក៏ត្រូវការអ្នកចេះជួយសង្គ្រោះ ក៏ត្រូវការការសង្គ្រោះបានយ៉ាងត្រឹមត្រូវ» ។

លោកវេជ្ជបណ្ឌិត និន ចន្ថា បន្ថែមថា ប្រជាពលរដ្ឋម្នាក់ចេះចំណេះនេះ នោះពួកគេគឹអ្នកសង្គ្រោះម្នាក់របស់ជាតិ ហើយនៅពេលដែលប្រជាពលរដ្ឋយើងទាំងអស់ចេះនូវវិធីសង្គ្រោះនេះ ដូច្នេះជាតិរបស់យើងគឺជាតិមួយដែលមានអ្នកចេះច្រើន ។ ការសង្គ្រោះបឋមនេះមានតម្លៃណាស់ ក៏ព្រោះថា ចំណេះនេះមិនត្រឹមតែរក្សាជីវិត ក៏ដូចជាការបំបាត់នូវការឈឺចាប់ទាំងផ្លូវចិត្ត និងផ្លូវកាយរបស់អ្នករងគ្រោះ ឬអ្នកមានហានិភ័យទាំងឡាយណាដែលមានបញ្ហាសុខភាព ។ ហើយប្រសិនជាបុគ្គលិក និងប្រជាពលរដ្ឋចេះគ្រប់គ្នានោះ វាភាពអស្ចារ្យខ្លាំងណាស់ សម្រាប់ប្រទេសជាតិយើង ។

សូមជម្រាបផងដែរថា ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយក្រសួងសុខាភិបាល និងផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន បានរៀបចំវគ្គបណ្តុះបណ្តាលពិសេសស្ដីពី «ការសង្គ្រោះបឋមដល់ជនរងគ្រោះ ឬអ្នកជំងឺភ្លាមៗ» សម្រាប់អ្នកសារព័ត៌មាន ជាពិសេសអ្នកដែលទៅយកព័ត៌មាននៅតំបន់គ្រោះថ្នាក់ ដើម្បីបង្កើនចំណេះដឹង បន្ថែមលើវិធីជួយសង្គ្រោះបឋមមុនពេលបញ្ចូនជនរងគ្រោះ ឬអ្នកជំងឺទៅមន្ទីរពេទ្យ ៕
ចែករំលែកព័តមាននេះ