រាជធានីភ្នំពេញ៖ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញចែកបណ្ណកម្មសិទ្ធិជាង ២៤០០បណ្ណ ជូនដល់អតិថិជនគម្រោងផ្ទះនិងដីឡូត៍ ឡេ ណាវ៉ាត្រា ជ្រែមួយរយ និងគម្រោងផ្លូវជាតិលេខ៦អា នៅទីស្តីការក្រសួង ។

ដែលមានទីតាំងស្ថិតនៅភូមិជ្រែមួយរយ និងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ទៅបន្តនីតិវិធីចុះបញ្ជីផ្ទេរកម្មសិទ្ធិ និងទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដំណាក់កាលទី៣ ចំនួន ២៤៦៣បណ្ណ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិឆ្ឆិកា ឆ្នាំ២០២៥ រៀងរាល់ម៉ោងធ្វើការ នៅទីស្តីការក្រសួង ។

នាឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសុំការអភ័យទោសដល់អតិថិជនទាំងអស់ ចំពោះបញ្ហា ដែលកើតមានឡើងនាពេលកន្លងមក។ ឯកឧត្តម ថា បច្ចុប្បន្នក្រុមការងារក្រសួងកំពុងខិតខំប្រឹងប្រែង ជាមួយក្រុមហ៊ុន ឡេងណាវ៉ាត្រា និងមិនបានគេចវេសនោះទេ។ យ៉ាងណាមិញ បន្ទាប់ពីទទួលបានបណ្ណកម្មសិទ្ធិនៅថ្ងៃនេះហើយ បងប្អូនទាំងអស់ត្រូវចេះសហការគ្នា រស់នៅជាសហគម ជាភូមិ និងត្រូវគិតគូលើប្រព័ន្ធផ្លូវ ទឹក ភ្លើង សួនច្បារ ការដាំដើមឈើ និងបញ្ហាសន្តិសុខផងដែរ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ចំពោះក្រសួងតែងចង់ឃើញបងប្អូនប្រជាពលរដ្ឋ មានដំបូលជ្រក មានផ្ទះ មានម្ហូបលើតុ មានប្រាក់ចំណូលសមរម្យ ដែលជាទ្រនំសុភមង្គល។ សម្រាប់ជំហានបន្ទាប់ទៀត ក្រសួងនឹងបន្តសហការសម្របសម្រួល ជាមួយក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា និងខាងធនាគារ ដើម្បីធានាលើលំហូរសាច់ប្រាក់ និងជួយឱ្យបងប្អូនប្រជាពលរដ្ឋទទួលបានអត្រាការប្រាក់ពីធនាគារទាបជាងមុន ក្នុងការបង់ថ្លៃដីឡូត៍ ឬផ្ទះ ។

សូមជម្រាបផងដែរថា ក្នុងដំណាក់កាលទី៣នេះ ក្រសួងនឹង ១.អនុវត្តនីតិវិធីចុះបញ្ជីផ្ទេរកម្មសិទ្ធិនិងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដំណាក់កាលទី៣ ចំនួន ២ ៤៦៣បណ្ណ ជូនអតិថិជនរបស់គម្រោងផ្ទះនិងដីឡូត៍ ឡេង ណាវ៉ាត្រា ជ្រែមួយរយ និងគម្រោងផ្លូវជាតិលេខ៦អា ដូចមានឈ្មោះក្នុងបញ្ជីជូនភ្ជាប់មកជាមួយ។ ២.បន្តអនុវត្តនីតិវិធីទទួលពាក្យស្នើសុំផ្ទេរកម្មសិទ្ធិពីអតិថិជនដែលបានបង់ប្រាក់ថ្លៃលក់ទិញដីឡូត៍និង/ឬផ្ទះគ្រប់ចំនួន ១០០% ដោយភ្ជាប់មកជាមួយនូវឯកសារ ដូចជា៖ កិច្ចសន្យាលក់ទិញដីឡូត៍និង/ឬផ្ទះ (ច្បាប់ដើម), វិក្កយបត្របង់ប្រាក់ឬឯកសារបញ្ជាក់ពីការបង់ប្រាក់ (ច្បាប់ដើម) និងឯកសារពាក់ព័ន្ធនឹងការស្នើសុំចុះបញ្ជីផ្ទេរកម្មសិទ្ធិ ។

តាមរយៈបណ្តាញសង្គមផ្លូវការ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា តែងបន្តផ្សព្វផ្សាយសកម្មភាពអតិថិជន មកពិភាក្សា ជាមួយក្រុមការងារបុរី ដើម្បីស្វែងរកដំណោះស្រាយជាប្រចាំ។ ជាក់ស្តែងនៅថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា អតិថិជនគម្រោង ៦អា មួយចំនួនបន្តអញ្ជើញមកស្វែងរកដំណោះស្រាយ និងបញ្ចប់ដោយស្នាមញញឹម និងឈ្នះឈ្នះទាំងអស់គ្នា។ ទន្ទឹមគ្នានោះបុរីក៏បន្តបង្ហាញឆន្ទៈប្រកាន់ជំហរ ឈរលើគោលការណ៍ដោះស្រាយ មិនឱ្យអតិថិជនខាតបង់អត្ថប្រយោជន៍ឡើយ ។

បុរី ឡេង ណាវ៉ាត្រា ក៏បានបញ្ជាក់ពីការស្វែងរកដំណោះស្រាយជាបន្តបន្ទាប់ ក្រោមការសម្របសម្រួលរបស់ក្រសួងរៀបចំដែនដី អាជ្ញាធរពាក់ព័ន្ធ ដើម្បីបន្ដសកម្មភាពការចាក់ដី ការសាងសង់ និងការប្រគល់ប្លង់ រហូតបញ្ចប់គម្រោងទាំងស្រុង ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ